ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់តែម្តង! ឆ្នាំនេះ Ronaldo រកចំណូលបានច្រើនជាង Messi និង Neymar បូកបញ្ចូលគ្នា

5 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ កីឡាករ Cristiano Ronaldo ក្លាយជាកីឡាករបាល់ទាត់ពិភពលោករកបានប្រាក់ចំណូលច្រើនជាងគេបំផុតប្រចាំឆ្នាំ ២០២៤ ពីបញ្ជីទស្សនាវដ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក Forbes ដោយចំណូលកីឡាករឆ្នើមព័រទុយហ្គាល់រូបនេះ…

សហរដ្ឋអាមេរិក ៖ កីឡាករ Cristiano Ronaldo ក្លាយជាកីឡាករបាល់ទាត់ពិភពលោករកបានប្រាក់ចំណូលច្រើនជាងគេបំផុតប្រចាំឆ្នាំ ២០២៤ ពីបញ្ជីទស្សនាវដ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក Forbes ដោយចំណូលកីឡាករឆ្នើមព័រទុយហ្គាល់រូបនេះ ច្រើនជាងចំណូលកីឡាករ Lionel Messi និង Neymar បូកបញ្ចូលគ្នាទៅទៀត។

របាយការណ៍ប្រចាំឆ្នាំ ២០២៤ របស់ទស្សនាវដ្ដី Forbes ចេញផ្សាយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានបង្ហាញឱ្យឃើញថា ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo រកបាន ២៨៥លានដុល្លារ ដោយក្នុងនោះ ២២០លានដុល្លារបានមកពីកិច្ចសន្យាលើទីលានជាមួយក្លិប Al-Nassr នៅលីគកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ខណៈដែល ៦៥លានដុល្លារផ្សេងទៀតបានមកពីភាពជាដៃគូឧបត្ថម្ភក្រៅទីលានប្រកួត។

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៩ឆ្នាំរូបនេះ មានកិច្ចសន្យាពេញមួយជីវិតតម្លៃ ២០លានដុល្លារក្នុងមួយឆ្នាំជាមួយនឹងក្រុមហ៊ុនផលិតសម្ភារៈកីឡា Nike ដែលបានសហការគ្នាអស់រយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ហើយក្រៅពីនោះក៏រួមមានកិច្ចព្រមព្រៀងឧបត្ថម្ភជាមួយនឹងក្រុមហ៊ុន TAG Heuer, Herbalife, Binance, Armani និងក្រុមហ៊ុនជាច្រើនផ្សេងទៀតផងដែរ។

នេះគឺជាកំណត់ត្រាផ្ទាល់ខ្លួនថ្មីមួយសម្រាប់ Ronaldo ដែលកើនលើសកំណត់ត្រាចាស់ ដែលរកបាន ២៦០លានដុល្លារ និងបានធ្វើឱ្យអតីតខ្សែប្រយុទ្ធឆ្នើមក្រុម Sporting CP, Manchester United, Real Madrid និង Juventus រូបនេះ ឈរនៅលើកំពូលតារាងកីឡាករបាល់ទាត់រកចំណូលបានច្រើនបំផុតរបស់ទស្សនាវដ្ដី Forbes ជាលើកទី៦។ ហើយចាប់តាំងពីទស្សនាវដ្តី Forbes ចាប់ផ្តើមតាមដានប្រាក់ចំណូលអត្តពលិកនៅក្នុងឆ្នាំ១៩៩០មក រហូតមកទល់ពេលនេះ គឺមានតែអតីតអ្នកប្រដាល់សកលឆ្នើមអាមេរិក Floyd Mayweather ប៉ុណ្ណោះ ដែលអាចរកប្រាក់ចំណូលបានច្រើនជាង ២៨៥លានដុល្លារក្នុងមួយឆ្នាំ អំឡុងពេលប្រកបអាជីព។

ដោយឡែក កីឡាករ Lionel Messi ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិអាហ្សង់ទីន ដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយនឹងក្លិប Inter Miami នៅលីគកំពូលសហរដ្ឋអាមេរិក ឈរនៅចំណាត់ថ្នាក់លេខ ២ រកប្រាក់ចំណូលបានចំនួន ១៣៥លានដុល្លារសម្រាប់ឆ្នាំ ២០២៤ ដោយចំណូលលើទីលាន ៦០លានដុល្លារ និងក្រៅទីលាន ៧៥លានដុល្លារ។ កីឡាករ Neymar ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិប្រេស៊ីល និងក្លិប Al Hilal សមាជិកលីគកំពូលអារ៉ាប៊ីសាអូឌីត ឈរនៅចំណាត់ថ្នាក់លេខ ៣ ដោយរកប្រាក់ចំណូលបាន ១១០លានដុល្លារសម្រាប់ឆ្នាំ ២០២៤ ដោយចំណូលលើទីលាន ៨០លានដុល្លារ និងក្រៅទីលាន ៣០លានដុល្លារ។

ក្រៅអំពីកីឡាករឆ្នើមទាំងចំណាត់ថ្នាក់កំពូលទាំង ១០ សម្រាប់បញ្ជីអត្តពលរកចំណូលបានច្រើនបំផុតប្រចាំឆ្នាំ ២០២៤ រួមមាន ៖ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ១០៤លានដុល្លារ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappé ៩០លានដុល្លារ ខ្សែប្រយុទ្ធសញ្ជាតិន័រវែស Erling Haaland ៦០លានដុល្លារ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Vinicius Jr. ៥៥លានដុល្លារ ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mohammed Salah ៥៣លានដុល្លារ ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Sadio Mané ៥២លានដុល្លារ និងខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក Kevin De Bruyne ៣៩លានដុល្លារ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ