ថ្ងៃនេះបងធំថ្មីនៅអាស៊ាន គឺមេដឹកនាំប្រទេសឥណ្ឌូនេស៊ីនឹងចូលកាន់តំណែង ហើយថ្នាក់ដឹកនាំកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខនឹងដឹកនាំគណប្រតិភូតំណាងឲ្យកម្ពុជាទៅចូលរួមពិធីនោះ ។ ប៉ុន្តែការចូលរួមនេះ មិនមែនមានន័យថា…
ថ្ងៃនេះបងធំថ្មីនៅអាស៊ាន គឺមេដឹកនាំប្រទេសឥណ្ឌូនេស៊ីនឹងចូលកាន់តំណែង ហើយថ្នាក់ដឹកនាំកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខនឹងដឹកនាំគណប្រតិភូតំណាងឲ្យកម្ពុជាទៅចូលរួមពិធីនោះ ។ ប៉ុន្តែការចូលរួមនេះ មិនមែនមានន័យថា ដើម្បីរណប ឬស្វែងរកខ្នងបង្អែកនយោបាយអ្វីឡើយ ។
ការចូលរួមរបស់មេដឹកនាំកម្ពុជា គឺគ្រាន់តែជាការផ្តល់កិត្តិយស និងគោរពរៀមច្បងទាំងអាយុ ថ្នាក់ដឹកនាំ និងឥណ្ឌូណេស៊ី ដែលជាស្ថាបនិកមួយនៃប្លុកនេះក៏ដូចជា បង្ហាញពីចេតនាលើកកម្ពស់សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មដោយស្មើភាពគ្នាប៉ុណ្ណោះ ។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា សម្តេចមហាវរធិបតី នឹងដឹកនាំគណប្រតិភូជាន់ខ្ពស់នៃកម្ពុជាចូលរួមពិធីកាន់តំណែងជាប្រធានាធិបតីរបស់ លោក ប្រាបូវូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) អតីតរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី ដែលបានជាប់ឆ្នោត និងលោក ជីប្រាន រ៉ាការប៊ូមីង រ៉ាកា (Gibran Rakabuming Raka ) ចូលកាន់តំណែងជាអនុប្រធានាធិបតីឥណ្ឌូណេស៊ី ។
សម្រាប់អាស៊ាន គ្មានប្រទេសណាមានសិទ្ធិធំជាង ហើយសំខាន់ជាងប្រទេសណាឡើយគ្រប់ប្រទេស គឺសុទ្ធតែមានភាពស្មើរគ្នាដោយសារតែស្មារតីសម្រេចរបស់អាស៊ាន គឺផ្អែកលើការសម្រេចកុងសង់ស៊ីស ដែលមានន័យថា ទាល់តែយល់ព្រមទាំងអស់គ្នាបានអាចសម្រេចចេញកិច្ចការណាមួយ ។ ការដែលគេចាត់ទុកថា ឥណ្ឌូនេស៊ីជាបងធំនៅអាស៊ាន ដោយសារឥណ្ឌូនេស៊ីជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅក្នុងតំបន់ ហើយក៏ច្រើនជាងគេនៅលើពិភលោក ពោល គឺប្រមាណជា២៧០លាននាក់ ។
ក្រៅពីនេះ ឥណ្ឌូនេស៊ីក៏ជារដ្ឋស្ថាបនិកមួយនៃអង្គការតំបន់នេះហើយក៏ជារដ្ឋសមាជិកសកម្មបំផុតមួយនៅក្នុងប្លុក ។ វត្តមានរបស់សម្តេចមហាបវរធិបតី ក៏មិនមែនតែម្នាក់ឯងនោះដែរ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡូរ៉ែន វង្ស ក៏បានបញ្ជាក់ពីការចូលរួម ហើយមេដឹកនាំអាស៊ានមួយចំនួនទៀតក៏នឹងអញ្ជើញទៅចូលរួម ។ ក្រៅពីនេះនៅមានមេដឹកនាំពិភពលោកផ្សេងៗទៀត ។
នៅក្នុងនាមជាប្រទេសដែលមានទីផ្សារធំបំផុត នៅអាស៊ីអាគ្នេយ៍ទីភ្នាក់ងារព័ត៌មាន Antara របស់ប្រទេសនេះបានរាយការណ៍ថា ភ្ញៀវអន្តរជាតិលំដាប់មេដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់ប្រទេសនានាមានចំនួនរហូតដល់១.១០០នាក់នឹងចូលរួម ។
ប្រភពដដែលបានឲ្យដឹងថា កាលពីថ្ងៃទី១៩ មេដឹកនាំរដ្ឋ និងឥស្សរជនបានចាប់ផ្តើមមកដល់ទីក្រុងហ្សាកាតាជាបន្តបន្ទាប់ដូចជា អតីតប្រធានាធិបតីអាល្លឺម៉ង់ គ្រីស្ទាន វូស (Christian Wulff) ។ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក ដេននីស មេនតូរូ (Denis Manturov ) ។ អនុប្រធានាធិបតីឡាវ លោកស្រី ផានី យាធូទូ (Pany Yathotou) និងអនុប្រធានាធិបតីវៀតណាម លោកស្រី វូ ធី អាញ់ ហ្សង់ (Vo Thi Anh Xuan)ជាដើម ។
សម្រាប់គណប្រតិភូកម្ពុជា ក្រៅពីសម្តេចធិបតី គឺនៅមានលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ។ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងឥស្សរៈជនមួយចំនួនទៀត ។
ជាធម្មតាពិធីនេះ លោក ប្រាបូវូ ស៊ូប៊ីយ៉ាន់តូ ពិតជាមិនមានពេលវេលាចរចា ឬពិភាក្សាឲ្យលម្អិតជាមួយមេដឹកនាំណាមួយឡើយទើបកម្ពុជាមិនដឹកនាំគណប្រតិភូយីងរយោងច្រើន គឺមានតែបុគ្គល និងអ្នកដឹកនាំសំខាន់ៗបំផុតប៉ុណ្ណោះដែលនឹងចូលរួម ។
មន្ត្រីជាន់ខ្ពស់ដែលអមសម្តេចមហាបវរធិបតី គឺសុទ្ធតែជាមន្ត្រីគន្លឹះ ដូចជា ពង្រឹងការទូត អ្នកកាន់កូនសោខាងពាណិជ្ជកម្ម និងយោធា ។ នៅពេលនេះបើនិយាយអំពីយោធាឥណ្ឌូនេស៊ី គឺក៏ជាប់លំដាប់កំពូលមួយ ហើយឥណ្ឌូនេស៊ីក៏មានឧស្សាហកម្មផលិតកម្មយោធូបករណ៍យោធាមួយដែរនៅក្នុងតំបន់ ។ ហើយសម្រាប់ពាណិជ្ជកម្មវិញនោះ គឺកម្ពុជាកំពុងតែជំរុញនិងទាក់ទាញប្រជាជាតិនេះឲ្យបើកទ្វាបន្ថែមទៀតសម្រាប់ពាណិជ្ជកម្មនិវិនិយោគទុនលើវិស័យស្រូវ/អង្ករ ។ គោលដៅសំខាន់មួយទៀត គឺកម្ពុជាចង់ក្លាយជាផ្នែកមួយនៃអង្គការសហប្រតិបត្តិការឥស្លាម ដែលជាច្រកមួយដែលកម្ពុជារំពឹងថា ឥណ្ឌូណេស៊ីអាចជាច្រកមួយដោយឥណ្ឌូនេស៊ីជាប្រទេសដែលមានពលរដ្ឋកាន់សាសនាឥស្លាមច្រើនជាងគេមួយនៅលើពិភពលោក។
សរុបមកវិញទឡ្ហីករណ៍ខាងលើ គឺជាសក្ខីកម្មមួយនៃកិច្ចខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសឥណ្ឌូនេស៊ីតាមគ្រប់រូបភាព និងទិដ្ឋភាពនយោបាយដោយឈរនៅលើគោលការណ៍សន្តិសហវិជ្ជមាន និងផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជាតិទាំងពីរ ៕
ចែករំលែកព័តមាននេះ