ខេត្តតាកែវ ៖ កាលពីពេលថ្មីៗនេះមានប្រភពច្បាស់ការពីប្រជាពលរដ្ឋរស់នៅស្រុកបុរីជលសា បានអោយកោះសន្តិភាពដឹងថា សំណង់ផ្ទះចិញ្ចឹមត្រចៀកកាំមានមិនក្រោម៨កន្លែងនោះទេដែលសាងសង់រួចរាល់ជាស្ថាពរហើយ ប៉ុន្តែនៅមិនទាន់មានច្បាប់អនុញ្ញាតឱ្យសាងសង់ត្រឹមត្រូវនៅឡើយទេ គឺលួចសាងសង់ដោយខ្លួនឯង ។
បើយោងតាមក្រុមមន្រ្តីមួយចំនួននៅសាលាស្រុកបុរីជលសាបានបង្ហើបដោយសុំមិនបញ្ជេញឈ្មោះបានអោយដឹងថា រាល់ការសាងសង់ដ៏ស្កឹមស្កៃដូចជាផ្ទះត្រចៀកកាំនេះ ត្រូវតែដាក់ពាក្យស្នើសុំច្បាប់ចាប់ពីមូលដ្ឋានរហូតដល់ថ្នាក់ខេត្ត ហើយម្ចាស់សំណង់ត្រូវតែយកលិខិតអនុញ្ញាតសាងសង់មកបង្ហាញដល់អាជ្ញាធរមូលដ្ឋានវិញ ទើបអាចដំណើរការសាងសង់ទៅបាន(ក្រុមមន្រ្តីលួចខ្សឹបថាសង្ស័យរឿង៣០០០ដល់៥០០០ដល្លារមែនហើយ បានជាគ្មានលិខិតអនុញ្ញាតសាងសង់)។

ពាក់ពន្ធ័ករណីខាងលើ លោកធុយ តឹម មេឃុំគោកពោធិ ស្រុកបុរីជលសា បានអោយកោះសន្តិភាពដឹងថា នៅមូលដ្ឋានរបស់គាត់មានសំណង់ផ្ទះត្រចៀកកាំធំៗ៤កន្លែង លោកមិនដែលឃើញម្ចាស់ទេ តែមានអ្នកយកឯកសារមកអោយលោកស៊ីញ៉េលើពាក្យស្នើសុំ លោកក៏ស៊ីញ៉េអោយដើម្បីអោយអ្នកស្នើសុំបន្តឡើងទៅសុំដល់ថ្នាក់លើទៀត។ ប៉ុន្តែគ្មានការសុំដល់ថ្នាក់លើទេ គឺត្រូវគ្នាត្រឹមថ្នាក់ស្រុក ក៏ចប់ទៅ…ហេ! ហេ! ។
លោកមេឃុំបានញ្ជាក់ទៀតថា ក្រោយលោកស៊ីញ៉េឱ្យរួចរាល់ហើយ លោកមិនដែលបានឃើញឬបានទទួលលិខិតអនុញ្ញាតពីថ្នាក់លើយកមកអោយលោកមើលនោះទេ គឺឃើញតែគេមកសាងសង់រហូតរួចរាល់ជាស្ថាពរ ។ លោកមេឃុំបញ្ជាក់ថាតាមច្បាប់គឺត្រូវតែមានលិខិតធ្លាក់ពីថ្នាក់លើអោយមកមូលដ្ឋានត្រួតពិនិត្យទើបត្រឹមត្រូវ ។ លោកមេឃុំបញ្ចប់ជាចុងក្រោយថាសួរទៅស្រុកទៅដឹងហើយ។

ពាក់ពន្ធ័ករណីខាងលើ លោកសោ ឈាវ ប្រធានការិយាល័យសុរិយោដីស្រុកកោះអណ្តែតបានអោយកោះសន្តិភាពដឹងថារាល់ការសាងសង់ ពួកគេមិនមកសុំច្បាប់ពីលោកទេ ទោះលោកទៅឃាត់គេក៏ឃាត់មិនបានដែរ ព្រោះវាពាក់ពន្ធ័ (ហ៊ឺ! ពិបាកនិយាយណាស់ៗបងអើយ ព្រោះយើងតូចជាងគេ បើខ្ញុំហ៊ានធ្វើឬឃាត់គឺគ្រោះថ្នាក់) នេះជាការអះអាងរបស់មន្រ្តីជំនាញ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕




ចែករំលែកព័តមាននេះ