នៅពេលដែលធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានាកំពុងតែធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួន ដើម្បី លើកកម្ពស់ឧត្តមភាពនៃការប្រកួតប្រជែង អ្នកនៅក្នុងវិស័យនេះ សូមត្រៀមខ្លួនពីព្រោះមានសេចក្តីរាយការណ៍ថា AI បានកំពុងតែលុកលុយវិស័យនេះ ហើយអាចនឹងធ្វើឲ្យមនុស្សដែលកំពុងតែបម្រើការងារនានានៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរងហានិភ័យ ។
របាយការណ៍មួយរបស់ទស្សនាវដ្តី Forbes បានឲ្យដឹងថា AI អាចនឹងដណ្តើមការងារអ្នកនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុប្រមាណជាជាង៥៤ភាគរយ នៅត្រឹមឆ្នាំ២០៣០ ។ នេះមិនមែនជាអ្វីដែលគេលើកឡើងនៅក្នុងវិស័យធនាគារនៅកម្ពុជាដាច់ដោយឡែកនោះឡើយ វា គឺជា របាយការណ៍ដែលបានលើកឡើងបង្ហាញពីការព្រួយបារម្ភជាសាកល ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនានានៅកម្ពុជា គឺត្រូវតែលើកកម្ពស់សមត្ថភាព និងពង្រឹងខ្លួន ដើម្បីទប់ទល់នឹងការប្រកួតប្រជែងនឹងឧត្តមភាពនៃ AI ។
កុំលេងសើចនឹងAI ដោយសារតែពេលនេះតាមរយៈការអភវិឌ្ឍនូវ FinTech នានា ធនាគារពាណិជ្ជចំនួន៥៨ ធនាគារឯកទេសចំនួន៩ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៨៧ នៅកម្ពុជាបានកំពុងតែបញ្ជ្រាប AI ចូលមកហើយ ។
តាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា នៅក្នុងឆ្នាំ២០២២ សា្ថប័នធនាគារពាណិជ្ជ និងឯកទេសទាំងអស់ គឺបានផ្តល់ការងារដល់បុគ្គលិកសរុប៦០.២២៤ នាក់ ហើយនៅក្នុងឆ្នាំ២០២៣ បណ្តាគ្រឹះស្ថានហិរញ្ញវត្ថុទាំងនេះបានផ្តល់ការងារឡើងដល់ទៅ៧២.៤៥៦ នាក់ ។ ឃើញថា នៅតែមាន ការកើនឡើង ប៉ុន្តែកុំសន្តិភាពនឹងស្ថានភាពនេះ ហើយត្រូវតែប្រឹងប្រែងធ្វើយ៉ាងណាដុះខាតខ្លួនឲ្យក្លាយទៅជាធនធានដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅពេលដែលស្ថាប័នធនាគារទាំងនេះងាកមកប្រើប្រាស់ AI ស្របតាមនិន្នាការពិភពលោក ។
នៅលើពិភពលោក AI គឺជាបច្ចេកវិទ្យាដ៏សំខាន់កាន់តែខ្លាំងឡើងសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ ។ នៅបស្ចឹមប្រទេស ជាពិសេស គឺប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿន AI ជាឧបករណ៍ដែលកំពុងតែផ្តល់ ថាមពលដល់ប្រតិបត្តិការផ្ទៃក្នុង និងកម្មវិធីដែលផ្តល់សេវាកម្មយ៉ាងមានប្រសិទ្ធភាពដល់អតិថិជន ពោល គឺវាអាចជួយស្ថាប័នធនាគារនានាកែលម្អសេវាកម្មអតិថិជន ហើយវាក៏អាចជួយនៅក្នុងការរកឃើញការក្លែងបន្លំ និងការគ្រប់គ្រងប្រាក់ និងការវិនិយោគមិនត្រឹមត្រូវនានា ។
នៅពេលនេះ ដើម្បីនាំមុខនិន្នាការបច្ចេកវិទ្យា និងដើម្បីបង្កើនអត្ថប្រយោជន៍នៃការប្រកួតប្រជែងរបស់ស្ថាប័នគ្រឹះស្ថាននានាបានប្រកាសផ្តល់សេវាកម្មដ៏មានតម្លៃ និងបទពិសោធន៍កាន់តែប្រសើរ និងកាន់តែមានប្រសិទ្ធភាព ។
ផ្អែកតាមបរិបទនេះ ស្ថាប័នសេវាកម្មហិរញ្ញវត្ថុនានានៅលើពិភពលោកកំពុងទទួលយក AI ហើយ ដូច្នេះចង់ឬមិនចង់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា គឺត្រូវតែរត់តាមគេ ហើយនៅពេលដែលគ្រឹះស្ថានទាំងនោះដាក់ ផែនការបែបនេះ នោះកម្លាំងប្រតិបត្តិករជាមនុស្សជាតិប្រសិនបើយើងខ្វះឧត្តមភាព ខ្វះសមត្ថភាព នោះនឹងក្លាយជាកម្មវត្ថុនៃការកាត់ផ្តាច់ចោល ហើយគេយក AIមកជំនួស ។
តាមរបាយការណ៍របស់ទស្សនាវដ្តីបរទេសខាងលើនេះ ក្រៅពីអ្នកនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុហើយនោះវិស័យដែលនឹងអាចមានហានិភ័យខ្ពស់ផ្សេងទៀត ក្រោមបរិបទនៃការរីកចម្រើនដោយ AI ស រួមមានការធានារ៉ាប់រង អាចប្រឈម៤៨ភាគរយ ថាមពលអាច៤៣ភាគរយ និងទីផ្សារហ៊ុនប្រមាណជា ៤០ភាគរយ ។
ផ្អែកតាមទឡ្ហីករណ៍នេះ ស្វ័យប្រវត្តិកម្មនឹងដើរតួនាទីកាន់តែកើនឡើងនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ហើយវានឹងក្លាយជាកត្តាជំរុញសម្រាប់ការផ្លាស់ប្តូរនៅក្នុងឧស្សាហកម្មនេះ ដែលប៉ះពាល់ដល់ចំណែកទីផ្សារ ការងារ និងបទពិសោធន៍របស់អតិថិជន ។ ដូច្នេះសង្ឃឹមថា បណ្តាអ្នកនៅក្នុងវិស័យនេះនឹងខិតខំ អភិវឌ្ឈន៍ខ្លួន ដើម្បីអោយតាមទាន់សភាពការណ៍ និងនិន្នាការជាសាកល ដើម្បីកុំអោយក្លាយខ្លួនជាជនរងគ្រោះ ព្រោះបច្ចេកវិទ្យា ៕
ចែករំលែកព័តមាននេះ