ចាំមើល តើនីតិវិធីស្ថាប័នពាក់ព័ន្ធអាចបញ្ចប់បញ្ហាអសកម្មរឿងការប្រើប្រាស់ស្លាកលេខរថយន្ត ន.ប និង ខ.ម បានទេ នៅក្នុងសករាជថ្មីនេះ? បញ្ហាស្លាកលេខរថយន្តន.ប និងខ.ម នេះ…
ចាំមើល តើនីតិវិធីស្ថាប័នពាក់ព័ន្ធអាចបញ្ចប់បញ្ហាអសកម្មរឿងការប្រើប្រាស់ស្លាកលេខរថយន្ត ន.ប និង ខ.ម បានទេ នៅក្នុងសករាជថ្មីនេះ? បញ្ហាស្លាកលេខរថយន្តន.ប និងខ.ម នេះ ជាបញ្ហាដ៏រ៉ាំរ៉ៃមួយ ដែលកំពុងតែបង្កភាពច្របូកច្របល់នៅលើទ្រូងផ្លូវ ហើយក៏ជាបញ្ហាដែលពលរដ្ឋបានមើលឃើញពីភាពអសកម្មនេះជាយូរមកហើយដែរ ។
កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំនៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅទីបញ្ជាការកងពលតូចលេខ៧០ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើង នៅក្នុងសុន្ទរកថា ដំបូងពាក់ព័ន្ធនឹងការប្រើប្រាស់ស្លាកលេខរថយន្តន.ប និង ខ.ម ជាសាធារណៈ ។
សម្តេចមហាបវរធិបតី បានសង្កត់ធ្ងន់ធ្ងរខាងក្រសួងមហាផ្ទៃ បានធ្វើកិច្ចការនេះមួយចំនួន ហើយខាងក្រសួងការពារជាតិ ក៏បានធ្វើដែរ ប៉ុន្តែវានៅតែមានអ្នកដែលប្រើប្រាស់ ។ ដូច្នេះនៅក្នុងឱកាសនោះសម្តេចបានបញ្ជាឲ្យគ្រប់គ្រងឲ្យបាននូវការប្រើប្រាស់ស្លាកលេខឡាន ន.ប និង ខ.ម ឲ្យបានហ្មត់ចត់ ។
សម្តេចមហាបវរធិបតី បានលើកឡើងថា អ្នកដែលមានសិទ្ធិប្រើប្រាស់ស្លាកលេខឡាន ន.ប និង ខ.ម គឺសម្រាប់តែមន្ត្រីកងកម្លាំងជាន់ខ្ពស់ប៉ុណ្ណោះ ។ អ្នកដទៃមិនគួរប្រើប្រាស់ស្លាកលេខនេះទេ ហើយគួរតែប្រើប្រាស់ស្លាកលេខធម្មតាទៅ ។ ស្លាកលេខនេះ បើមានបញ្ហាក៏មិនអាចជួយអ្វីបានដែរ ។ ផ្ទុយទៅវិញ គឺមានតែធ្វើឲ្យខូចឈ្មោះប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងប៉ុណ្ណោះ ។ សម្តេចធិបតីលើកឡើងថា សម្តេចបានចេញគោលការណ៍ណែនាំរឿងឡាន ន.ប.និង ខ.ម ។ ដូច្នេះសូមគ្រប់គ្រងឲ្យបានទាំងការចេញលេខឲ្យហើយ និងទាំងការប្រើប្រាស់ ។ ចាប់ពីពេលនេះទៅ សូមប្រើប្រាស់ឲ្យចំគោលដៅ គឺតែមន្ត្រីសមត្ថកិច្ច និងកងកម្លាំងជាន់ខ្ពស់ប៉ុណ្ណោះ ដែលគួរត្រូវប្រើ ។
នៅក្នុងនាមជានាយករដ្ឋមន្ត្រី និងធ្លាប់ជាអតីតមេបញ្ជាការកងទ័ពជើងគោក សម្តេចបានដឹងរឿងនេះ ហើយបុគ្គលខ្លះមិនមែនជានាយទាហានជាន់ខ្ពស់ទេ ប៉ុន្ដែប្រើផ្លាកលេខឡាន ខ.ម និងមានការបើកបរសាហាវ ដែលធ្វើឲ្យខូចឈ្មោះដល់អ្នកពិតប្រាកដក្នុងការអាចប្រើផ្លាកលេខឡាន ខ.ម បាន ។
មកដល់ពេលនេះ សមាសភាពដែលបានប្រើប្រាស់ស្លាកលេខ ន.ប ឬខ.ម ចម្រុះ សូម្បីតែសាច់ញាតិអ្នកនៅក្នុងជួរកងកម្លាំងក៏មាន ហើយនៅក្នុងមជ្ឈដ្ឋានពលរដ្ឋសាមញ្ញក៏ដូចជា អាជីវករក៏មានដែរ ដោយសារតែពួកគេមានខ្សែ ។ ម្យ៉ាងទៀត គេដឹងថានៅពេលដែលប្រើប្រាស់ស្លាកលេខនេះ បើកបរនៅតាមផ្លូវនានា ជាពិសេស គឺនៅតាមខេត្តដែលមានការបាញ់ល្បឿន សមត្ថកិច្ចក៏មានការយោគយល់អធ្យាស្រ័យ ហើយអាចនិយាយថា មិនខ្លាចបើកបរលឿនហួលល្បឿនកំណត់ ។
ម្យ៉ាងវិញទៀតអ្នកដែលប្រើប្រាស់ស្លាកលេខនេះ មួយចំនួនអាចនៅតែបន្តមានរថយន្តដែលមិនបង់ពន្ធ នៅសេសសល់ផងដែរ ទោះបីជាប៉ុន្មានឆ្នាំមុន ជាពិសេស គឺនៅចុងអាណត្តិដឹកនាំរបស់សម្តេចតេជោ បានអនុញ្ញាតឲ្យសមត្ថកិច្ចគយបោសសម្អាតមួយលើកយ៉ាងចាស់ដៃហើយក្តី ។ លើកនេះ ស្របពេលដែលសម្តេចមហាបវរធិបតី មេដឹកសង្កត់ធ្ងន់លើបញ្ហានេះ ស្ថាប័នពាក់ព័ន្ធ ជាពិសេស គឺក្រសួងការពារជាតិ ក៏ដួចជាក្រសួងមហាផ្ទៃ ហើយនិងក្រសួងសាធារណៈការ និងដឹកជញ្ជូន គួរតែសហការគ្នាធ្វើកិច្ចការនេះឲ្យបានស្អាត ។ ក្រៅពីនេះ ពលរដ្ឋទូទៅក៏ល្មមយល់ដឹង និងចូលរួមគោរពច្បាប់គោរព តួនាទី និងភារកិច្ចរបស់សមត្ថកិច្ច និងកងកម្លាំងហើយ ។ នៅក្នុងករណីនៅតែមានលួចលាក់ប្រើប្រាស់បន្តទៀត គួរតែសិក្សាអំពីទណ្ឌកម្ម និងទោសទណ្ឌតាមច្បាប់កំណត់ពីព្រោះវាក៏ពាក់ព័ន្ធនឹងបញ្ហាលួចអត្តសញ្ញាណកងកម្លាំង និងសមត្ថកិច្ច ។
សរុបមកវិញ បញ្ហានៃការប្រើប្រាស់ស្លាកលេខ ន.ប និង ខ.ម នេះ គួរតែបញ្ចប់ឲ្យបាន ដើម្បីលើកកម្ពស់កិត្យានុភាពកងកម្លាំងសមត្ថកិច្ច និងជាពិសេស គឺលុបបំបាត់ភាពអនាធិបតេយ្យនៅលើទ្រូងផ្លូវ ។ ការសម្រេចបាននូវការលុបបំបាត់បញ្ហានេះក៏ជាសញ្ញានៃការចាប់ផ្តើមដំណើរការកែទម្រង់កងកម្លាំង និងសមត្ថកិច្ច ដើម្បីប្រសិទ្ធភាពការងារ ។
ស្លាកលេខនេះប្រសិនបើនរណាក៏ប្រើប្រាស់បាន តើវាមានន័យអ្វីសម្រាប់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់កងកម្លាំងទៅ ។ ដូច្នេះ គេត្រូវបំបាត់អោយបាន ដើម្បីលើកកម្ពស់មុខមាត់របស់កម្លាំងនគរបាល និងកងទ័ព និងដើម្បីឆ្ពោះទៅកាន់នីតិរដ្ឋ ៕
ចែករំលែកព័តមាននេះ