រាជធានីភ្នំពេញ ៖ លោកជំទាវ បណ្ឌិត ជា សិរីទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ការដាក់ឱ្យចរាចរណ៍ក្រដាសប្រាក់២សែនរៀលមិនមែនរាជរដ្ឋាភិបាលខ្វះលុយ ហើយបោះផ្សាយលុយបន្ថែមនោះទេ ។

យោងតាមវីដេអូ ដែលបានផ្សព្វផ្សាយ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គមបានឲ្យដឹងថា ដើម្បីកុំឱ្យមានការភ័ណ្ឌច្រឡំ និងមានការយល់ខុសលើកការប្រកាសដាក់ឱ្យប្រើប្រាស់ក្រដាសប្រាក់ថ្មី២សែនរៀលនេះ លោកជំទាវ ជាសិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការដាក់ចេញនូវធនបត្រប្រភេទថ្មីនេះ គឺគ្រាន់តែជំនួសក្រដាស់ប្រាក់ចាស់ ទក់ រហែក ដែលដកចេញពីចរាចរណ៍ក្នុងសេដ្ឋកិច្ចតែប៉ុណ្ណោះ មិនមែនបានន័យថា ធនាគារជាតិនៃកម្ពុជា ឬរាជរដ្ឋាភិបាល ខ្វះលុយ ហើយបានជាត្រូវបោះផ្សាយលុយ ដាក់ឱ្យប្រើប្រាស់បន្ថែមនោះទេ ។
ទោះជាយ៉ាងណាក៏ដោយ លោកជំទាវបានបញ្ជាក់ថា ដើម្បីអបអរសាទរខួបលើកទី២០ នៃការគ្រងរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាបានសម្រេចដាក់ចេញនូវក្រដាសប្រាក់ប្រភេទ២សែនរៀល ចំនួន២០លានសន្លឹក ។
លោកជំទាវ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា «ក្នុងឱកាសដាក់ចេញនូវធន់បត្រ ប្រភេទ២សែនរៀលនៅថ្ងៃនេះ ខ្ញុំសូមជម្រាបថា នឹងមិនប៉ះពាល់អ្វីទៅដល់ចំនួនរូបិយវត្ថុ ដែលមាននៅក្នុងចរាចរណ៍នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងនោះទេ» ។ លោកជំទាវបណ្ឌិត បន្ថែមថា «មានការព្រួយបារម្ភកន្លងមក នៅពេលដែលធនាគារជាតិនៃកម្ពុជា ដាក់ចេញនូវប្រភេទធនបត្រថ្មីថា ធនាគារជាតិនៃកម្ពុជា ឬក៏រាជរដ្ឋាភិបាល ខ្វះលុយ ចឹងហើយបានជាត្រូវបោះផ្សាយលុយដាក់ឱ្យប្រើប្រាស់បន្ថែម ខ្ញុំសូមជម្រាបថា ការដាក់ចេញនូវធនបត្រប្រភេទថ្មីនេះ គឺគ្រាន់តែជំនួស ក្រដាស់ប្រាក់ចាស់ ទក់ រហែក ដែលយើងបានដកចេញពីចរាចរណ៍នេះបានន័យថា កន្លងមកនៅពេលដែលធនាគារជាតិនៃកម្ពុជាបានដាក់ធនបត្រ ទៅក្នុងចរាចរណ៍ ធនបត្រនោះវាតែងតែមានការចាស់ ទក់ រហែក ជារឿងធម្មតា ការប្រើប្រាស់ដោយដៃសើម ជួនកាលប៉ះពាល់ដី ជួនកាលត្រូវក្តៅខ្លាំង ឬក៏អាចមានរហែក ឬក៏មានសរសេរប៊ិចអីនៅលើនេះ» ។

លោកជំទាវបានបន្ថែមថា ដូច្នេះហើយរាល់ពេលដែលធនាគារជាតិ ប្រមូលនូវប្រភេទក្រដាស់ប្រាក់នេះចូលមកធនាគារជាតិវិញ តាមរយៈការបង់ប្រាក់ចូលពីសាធារណជនតាមសាខាធនាគារជាតិនៃកម្ពុជា តាមរយៈយន្តការ ឬយុទ្ធនាការស្រលាញ់ប្រាក់រៀល ដែលកន្លងមកធនាគារជាតិនៃកម្ពុជា តែងតែធ្វើឡើងនៅតាមទីរួមខេត្តមួយចំនួន ដើម្បីផ្លាស់ប្តូរក្រដាសចាស់ ទក់ រហែក ជាមួយនឹងប្រភេទក្រដាសថ្មី គឺក្រដាសប្រាក់ទាំងនោះយើងនឹងយកទៅធ្វើការជ្រើសរើសនេះ គឺបានន័យថា យើងនឹងជ្រើសរើសថា តើប្រភេទក្រដាសប្រាក់ណាដែលចាស់ប៉ុន្តែអាចដាក់ចូលទៅប្រើប្រាស់ក្នុងចរាចរណ៍ ក្នុងសេដ្ឋកិច្ចឡើងវិញ ហើយប្រភេទក្រដាសប្រាក់ណាដែលយើងត្រូវយកទៅកាត់ដុតចោល ដូច្នេះនៅពេលដែលយើងសម្រេចថា ក្រដាសប្រាក់នោះមិនអាចដាក់ចូលទៅក្នុងចរាចរណ៍វិញបាន គឺទី១យើងត្រូវយកទៅកាត់ជាកំណាត់តូចៗបន្ទាប់មក គឺយើងយកទៅដុតចោលនៅឡរបស់ធនាគារជាតិ នៃកម្ពុជា ហើយចំនួនដែលកាត់ និងដុតនោះ គឺយើងនឹងដឹងច្បាស់ថា មានទំហំប៉ុន្មាន ហើយយើងនឹងជំនួសនៅទំហំទឹកលុយដែលយើងដុតនឹងដោយក្រដាសប្រាក់ថ្មី ជួនកាលការជំនួសនឹងគឺថា បើយើងកាត់ក្រដាស១ម៉ឺនយើងជំនួសដោយក្រដាស១ម៉ឺន យើងកាត់ក្រដាស៥រយ យើងជំនួសដោយក្រដាស៥រយ ក៏ប៉ុន្តែក៏យើងអាចជំនួសដោយប្រភេទក្រដាសប្រាក់ថ្មី ប៉ុន្តែទំហំ បរិមាណសរុប ត្រូវឱ្យស្មើគ្នា ប៉ុន្តែយើងអាចដូរប្រភេទធនបត្របាន ។
លោកជំទាវបានលើកឡើងទៀតថា «ដើម្បីអបអរសាទរខួបលើកទី២០ នៃការគ្រងរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ចេញនូវក្រដាសប្រាក់ប្រភេទ២សែនរៀលចំនួន២០លានសន្លឹក ក្រដាសប្រាក់នេះ បើយើងនិយាយឱ្យសាមញ្ញទៅជាប្រភេទក្រដាសប្រាក់អនុស្សាវរីយ៍ជាប្រភេទក្រដាសប្រាក់ Collection ដែលយើងនឹងចេញផ្សាយ តែ២០លានសន្លឹកតែប៉ុណ្ណោះ គឺយើងប្រើលេខ២០ម៉ឺន ដើម្បីគម្រប់២០ឆ្នាំ និង២០លានសន្លឹក ដើម្បីគម្រប់២០ឆ្នាំនេះ ចឹងហើយខ្ញុំសង្ឃឹមថា នឹងមិនមានការយល់ច្រឡំ ឬការបកស្រាយខុសពីការដាក់ចេញនូវធនបត្រប្រភេទថ្មីនេះទេ» ៕
ចែករំលែកព័តមាននេះ