ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ណែនាំ​មន្ត្រី​នគរបាល​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ត្រូវ​ថែទាំ និង​បំពេញភារកិច្ច​ឲ្យ​បាន​ល្អ ដើម្បី​កសាង​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ

12 ម៉ោង មុន

ខេត្តសៀមរាប ៖ ជាង​មួយ​ឆ្នាំ ក្រោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី ចេញ​អនុក្រឹត្យ​បង្កើត​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន នា​ព្រឹក​ថ្ងៃ​ទី​៩ ខែកញ្ញា…

ខេត្តសៀមរាប ៖ ជាង​មួយ​ឆ្នាំ ក្រោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី ចេញ​អនុក្រឹត្យ​បង្កើត​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន នា​ព្រឹក​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៥​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​អធិការដ្ឋាន​នគរបាល និង​សមិទ្ធផល​មួយ​ចំនួន​ទៀត​។
យោង​តាម​របាយការណ៍ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប អគារ​អធិការដ្ឋាន​ក្រុង​រុន​តែ​ឯក​តេ​ជោ​សែន និង​សមិទ្ធផល​ដែល​សម្ពោធ​នៅ​ថ្ងៃនេះ ជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​ជំទាវ​កែ សួន​សុ​ភី ស សុខា ជូន​មន្ត្រី និង​ប្រជាពលរដ្ឋ ក្រុង​រុន​តា​ឯក​តេ​ជោ​សែន​។

សមិទ្ធផល​នេះ​រួម​មាន អគារ​ធំ​ទំហំ​១៣,៥ គុណ​២៣​ម៉ែត្រ អគារ​ស្នាក់​នៅ​របស់​មន្ត្រី​ទំហំ​៧,២​គុណ​២៦​ម៉ែត្រ អគារ​ផ្ទះបាយ និង​កន្លែង​ហូប​បាយ​ទំហំ​៥​គុណ​១៣,៥​ម៉ែត្រ អគារ​ឃាត់ខ្លួន​បណ្តោះអាសន្ន​ទំហំ​៥​គុណ​១០​ម៉ែត្រ រោង​ចំណតរថយន្ត​ពន្លត់​អគ្គិភ័យ ៧,៤​គុណ ១៣,៥​ម៉ែត្រ បន្ទប់ទឹក​សាធារណៈ​ទំហំ​២,៧​គុណ ៥,៨​ម៉ែត្រ របង​ព័ទ្ធ​ជុំវិញ​ប្រវែង​២៩១,៥៧​គុណ​២​ម៉ែត្រ ខ្លោងទ្វារ​ប៉ុស្តិ៍​យាម​១​កន្លែង រៀបចំ​ចំណតរថយន្ត​១​កន្លែង និង​ដងទង់​ជាតិ​ចំនួន​១ សាងសង់​លើ​ផ្ទៃដី​ទំហំ ៥ ០០០​ម៉ែត្រការ៉េ​។

មាន​ប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បាន​ចាត់​ទុក​សមិទ្ធផល​អធិការដ្ឋាន​នគរបាល​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ជា​មនុញ្ញផល​ថ្មី​មួយទៀត កើត​ចេញពី​មរតក​នៃ​ការ​ដឹកនាំ​ប្រកបដោយ​បទ​ពិសោធ​ឈ្លាសវៃ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ការ​បន្ត​ពូន​ជ្រុំ​ប្រកបដោយ​ភាព​ស្វាហាប់ ពី​រាជរដ្ឋាភិបាល​បន្តវេន ដឹកនាំ​ដោយ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ភ្ជាប់​នឹង​អំណរ​សាទរ​ជាមួយ​មន្ត្រី​នគរបាល និង​ប្រជាពលរដ្ឋ​ក្រុង​ថ្មី​មួយ​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី បាន​ណែនាំ​លោក​វរសេនីយ៍​អធិការ និង​មន្ត្រី​នគរបាល​ចំណុះ​អធិការដ្ឋាន រួម​គ្នា​ថែទាំ​សមិទ្ធផល​មួយ​នេះ ហើយ​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​ឱ្យ​បាន​ល្អ​ដើម្បី​កសាង​គុណ​តម្លៃ​ឱ្យ​អធិការដ្ឋាន​ក្លាយជា​កន្លែង​ផ្ដល់​ទំនុកចិត្ត និង​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​។

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​បង្ហាញ​ការ​ពេញចិត្ត​ចំពោះ​ការ​រៀបចំ​កសាង​អធិការដ្ឋាន​ថ្មី​នេះ ថា​មាន​លក្ខណៈ​ស្តង់ដា មាន​រចនាបថ​ស័ក្ដិសម​សម្រាប់​ការ​បំពេញការងារ​របស់​មន្ត្រី​ក្នុង​ខេត្តសៀមរាប ដែល​ជា​ខេត្ត​ទេសចរណ៍វប្បធម៌​របស់​ជាតិ​។ ឯកឧត្តម ក៏​បាន​ណែនាំ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ ព​ន្លឿ​ន​ការ​ដោះស្រាយ និង​រៀបចំ​អធិការដ្ឋាន​ក្រុង ស្រុក ខណ្ឌ​មួយ​ចំនួន​ឱ្យ​បាន​ស័ក្ដិសម​នៅ​មុន​ដំណាច់ឆ្នាំ​២០២៨​។

ពី​វេទិកា​អធិបតី​នោះ​ដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​មាន​ប្រសាសន៍​កោតសរសើរ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្តសៀមរាប រួម​ទាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​បាន​សហការ​ជាមួយ​ខេត្ត​ជាប់​ព្រំដែន រួមចំណែក​រែកពុន​ដោះស្រាយ​ការ​ស្នាក់​នៅ​បណ្ដោះអាសន្ន ជូន​ប្រជាពលរដ្ឋ​ភៀស​សឹក ក្នុងអំឡុងពេល​នៃ​ការ​ប្រយុទ្ធ​ការពារ​បូរណភាព​ទឹកដី ទប់ទល់​នឹង​អំពើ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ថៃ​។ ឯកឧត្តម​ចាត់​ទុក​ការងារ​នេះ​ជា​ផ្នែក​មួយ​នៃ​ស្មារតី​រួបរួម​ជាតិ​ដ៏​រឹង​មាំ​របស់​ខ្មែរ​។

ក្នុង​ចំណោម​អនុសាសន៍​សំខាន់​ៗ​ដែល​បាន​ផ្ដល់​ជូន​ទៅ​កាន់​មន្ត្រី​ពាក់ព័ន្ធ​នា​ឱកាស​នោះ ប្រមុខ​ក្រសួងមហាផ្ទៃ​កម្ពុជា ក៏​បាន​បន្ត​សង្កត់ធ្ងន់​អំពី​ភាព​ចាំបាច់​នៃ​ការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ជា​ពិសេស​ការ​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន ក្មេង​ទំនើង អំពើ​ជួញដូរ​មនុស្ស និង​ការ​ធានា​ផ្ដល់​សេវា​សាធារណៈ​ប្រកបដោយ​គុណភាព​ជូន​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​។

សូម​បញ្ជាក់​ថា បន្ថែម​លើ​អំណោយ​ដ៏​ថ្លៃថ្លា​ដូច​បាន​បញ្ជាក់​ខាង​ដើម ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោក​ជំទាវ ក៏​បាន​ឧបត្ថម្ភ​ជូន​អធិការដ្ឋាន​នគរបាល​ក្រុង​រុន​តែ​ឯក​តេ​ជោ​សែន នូវ​រថយន្ត Pick up ថ្មី​ចំនួន​១​គ្រឿង ព្រមទាំង​កុំព្យូទ័រ​មួយ​ចំនួន​ទៀត​។ ការ​ឧបត្ថម្ភ​នេះ គឺ​បន្ថែម​លើ​ថវិកា ដែល​ផ្ដល់​ជូន​អធិការដ្ឋាន តំណាង​អង្គភាព​ពាក់ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ និង​យុវជន ដែល​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ដ៏​អធិកអធម​នា​ឱកាស​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ