ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា នៅ​ក្នុងឆ្នាំនេះ និង​ឆ្នាំ​ក្រោយ ប្រហែលជា​នៅ​តែ​បន្ត​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អាប់អួរ​ដដែល ខណ​:​ដែល​ជ​ន្ទុ​ល​សំខាន់​ៗ​ផ្សេង​ទៀត​នៃ​សេដ្ឋកិច្ច​នឹង​ងើបឡើង​វិញ​លឿន​ជាង នៅ​ក្នុង​ឆ្នាំ​២០២៥ ខាង​មុខ​នេះ ។ វា​ត្រូវការ​ចាយ​ពេល​បន្ថែម​ទៀត ទម្រាំ​វា​អាច​ស្តារ​ឡើង​វិញ…

វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា នៅ​ក្នុងឆ្នាំនេះ និង​ឆ្នាំ​ក្រោយ ប្រហែលជា​នៅ​តែ​បន្ត​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អាប់អួរ​ដដែល ខណ​:​ដែល​ជ​ន្ទុ​ល​សំខាន់​ៗ​ផ្សេង​ទៀត​នៃ​សេដ្ឋកិច្ច​នឹង​ងើបឡើង​វិញ​លឿន​ជាង នៅ​ក្នុង​ឆ្នាំ​២០២៥ ខាង​មុខ​នេះ ។

វា​ត្រូវការ​ចាយ​ពេល​បន្ថែម​ទៀត ទម្រាំ​វា​អាច​ស្តារ​ឡើង​វិញ ដូច​នៅ​ក្នុង​ស្ថានភាព​មុន​ពេល​នៃ​ការ​រីក​រាលដាល​ដោយសារ​តែ​ការ​មេរោគ​កូ​វី​ដ​១៩ ។ មក​ដល់​ពេល​នេះ តម្លៃ​ដី តម្លៃ​ផ្ទះ និង​តម្លៃ​ខុន​ដូរ​សឹងតែ​គ្រប់​គម្រោង ប្រសិនបើ​ចង់​លក់ដាច់ គឺ​មាន​តែ​បញ្ចុះតម្លៃ ហើយ​សំខាន់​កន្លែង​ខ្លះ​សូ​ម្បី​តែ​បញ្ចុះតម្លៃ​ដល់​ទៅ​៥០​ភាគរយ​ក្រោម​ទីផ្សារ ហើយ​ក៏​ដោយ​ក៏​វា​នៅ​តែ​ពិបាក​លក់​ចេញ​ផង​ដែរ ។

វិស័យ​នេះ បាន​រង​នូវ​ដំបង​ធ្ងន់​ៗ​ដោយ​ផល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អា​មេ​រិ​ក និង​ចិន ការ​រីក​រាលដាល​នៃ​កូ​វី​ដ​១០ សង្គ្រាម​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន សង្គ្រាម​អ៊ី​ស្រា​អែ​ល និង​ហ៉ា​ម៉ាស់​នៃ​ប៉ា​ឡេ​ស្ទី​ន ហើយនឹង​លទ្ធភាព​នៃ​សង្គ្រាម​អ៊ី​ស្រា​អែ​ល និង​អ៊ី​រ៉​ង់ ។

នៅ​ក្នុង​ស្ថានភាព​នេះ នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ទីណា គឺ​ឃើញ​មាន​តែ​សេចក្តី​ប្រកាស​លក់​ផ្ទះ លក់​ដី ប៉ុន្តែ​សកម្មភាព​នៃ​ការ​ទិញ​លក់ គឺ​ស្ងប់ស្ងាត់​ខ្លាំង​រហូត​ដល់​ប្រជាពលរដ្ឋ និង​ឈ្មួញកណ្តាល​មួយ​ចំនួន​បាន​លើក​ឡើង​ថា អចលនទ្រព្យ​កម្ពុជា គឺ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អ្នកលក់​ច្រើន តែ​អ្នកទិញ​តិច​ខ្លាំង​មែនទែន ។

កន្លែង​ខ្លះ ដែល​គេ​មិន​ចង់​ទិញ សូ​ម្បី​តែ​បញ្ចុះតម្លៃ​យ៉ាងណា​ក៏​គេ​មិន​ត្រូវការ​ដោយសារ​ពលរដ្ឋ​ទូទៅ​ពិបាក​រក​លុយ ហើយ​អ្នក​ដែល​មាន​លុយ​ភាគច្រើន គេ​អោយ​លុយ​ទុក​មិន​ធ្វើ​សកម្មភាព ហើយ​គេ​ចាំតែ​ស្ទូច តែ​កន្លែង​ណា​ដែល​គេ​ត្រូវការ​កន្លែង​ដែល​គេ​គិត​ថា ត្រូវប៉ាន់ ។ នៅ​ក្នុង​ស្ថានភាព​បែប​នេះ អ្នកវិភាគ​ខ្លះ​បាន​លើក​ឡើង​ថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​អាច​នឹង​ត្រូវ​ចាយ​ពេល​យ៉ាង​ហោច​ណាស់​ក៏​៣​ទៅ​៥​ឆ្នាំ​ទៀត​ដែរ ទម្រាំ​អាច​វិល​មក​កាន់​ស្ថានភាព​ដែល​មាន​លក្ខណៈ​ដូច​ជា នៅ​ក្នុង​ចុងឆ្នាំ​២០១៩ មុន​ពេល​នៃ​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ ។

វិស័យ​អចលនៈទ្រព្យ​ជា​វិស័យ​មូលដ្ឋាន​នៃ​កំណើន​មួយ​របស់​កម្ពុជា ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​វិស័យ​នេះ ត្រូវការ​ស៊ីពេល​ច្រើន​ជាងគេ ។ វិស័យ​នេះ វា​នៅ​រង់ចាំ​កម្រើក​ក្រោយ​គេ​បង្អស់ ពោល គឺ​ក្រោយ​វិស័យ សេវាកម្ម ក្រោយ​ទេសចរណ៍ ក្រោយ​កសិកម្ម ក្រោយ​ឧស្សាហកម្ម ។

តាម​ការ​ព្យាករណ៍​ថ្មី​ៗ​នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​រក្សា​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​កម្ពុជា នៅ​កម្រិត ៥,៨% សម្រាប់​ឆ្នាំ ២០២៤ និង ៦,0% សម្រាប់​ឆ្នាំ ២០២៥ ។ ការ​ព្យាករណ៍​បែប​នេះ ដោយសារ​តែ​ការ​ស្ទុះ​ងើបឡើង​វិញ នៃ​វិស័យ​វាយ​ន​ភណ្ឌ ជា​ពិសេស​សម្លៀក​បំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើ​ដំណើរ​កំពុង​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រទេស​កម្ពុជា ។

វិស័យ​កសិកម្ម និង​ទេសចរណ៍​កំពុង​បន្ត​កើនឡើង ខណៈ​ការ​បន្ត​ហូរ​ចូល​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កំពុង​ជួយ​ជំរុញ​ល្បឿន​សេដ្ឋកិច្ច​កម្ពុជា ។ ជា​រួម កម្លាំង​ច​លករ​ទាំងនេះ កំពុង​នាំ​មក​នូវ​ស្ថាន​ភាពល្អ​ប្រសើរ​សម្រាប់​ឆ្នាំ​២០២៤ ព្រមទាំង​ពង្រឹង​មូលដ្ឋាន​សម្រាប់​កំណើន រឹង​មាំ​នៅ​ឆ្នាំ​២០២៥ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត ប៉ុន្តែ​របាយការណ៍​នេះ​អត់​រំពឹង​ទុក​ទេ​នៅ​លើ​វិស័យ​អចលនទ្រព្យ ។

របាយការណ៍​នេះ គូសបញ្ជាក់​ថា កំណើន​នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​បាន​ងើបឡើង​វិញ ប្រមាណ​១៦,៩% ឆ្នាំ​លើ​ឆ្នាំ​ក្នុង​ឆមាស​ទី​១ ឆ្នាំ ២០២៤ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​១៨,៦% ក្នុង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣ ។ កំណើន​ការ​នាំ​ចេញ​ផលិតផល​កមន្តសាល​ដទៃ​ទៀត បាន​ថយ​មក​ត្រឹម​១,៣% ឆ្នាំ​លើ​ឆ្នាំ នៅ​ក្នុង​ឆមាស​ទី​១ ពី​២១,២% ដែល​សម្រេច​បាន​ក្នុង​រយៈពេល​ដូច​គ្នា ក្នុង​ឆ្នាំ​២០២៣ ។

ការ​នាំ​ចូល​សម្ភារៈ និង​ឧបករណ៍​សំណង់​បាន​កើនឡើង​២៣,៣% ឆ្នាំ​លើ​ឆ្នាំ ក្នុង​ឆមាស​ទី​១ ប៉ុន្តែ​មូលហេតុ​មិនមែន​ដោយសារ​តែ​កម្រើក​ដោយ​អចលនទ្រព្យ​ឡើយ គឺ​ដោយសារ​សំណង់​ជំរុញ​ដោយ​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ប៉ុណ្ណោះ ។ វិស័យ​កសិកម្ម​ត្រូវ​បាន​ព្យាករ​ថា នឹង​កើនឡើង​១,២% ក្នុង​ឆ្នាំ​២០២៤ និង​១,៣% ក្នុង​ឆ្នាំ ២០២៥ ។ វិស័យ​សេវាកម្ម​ត្រូវ​បាន​ព្យាករ​ថា នឹង​កើនឡើង​៥,៤% នៅ​ឆ្នាំ​២០២៤ មុន​ថយ​មក​កម្រិត​៥,២% នៅ​ឆ្នាំ​២០២៥ ។ ការ​ព្យាករ​នេះ ត្រូវ​បាន​គាំទ្រ​ដោយ​ការ​កើនឡើង ២២,៧% ឆ្នាំ​លើ​ឆ្នាំ​នៃ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៤ ។

លំហូរ​វិនិយោគ​ពី​បរទេស​បាន​បន្ត​កើត​មាន បើ​ទោះជា​បាន​ថយ​បន្តិច​មក​ត្រឹម​២​ពាន់​លាន​ដុល្លារ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៤ ពី​២,១​ពាន់​លាន​ដុល្លារ​ក្នុងអំឡុងពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន ។ លំហូរ​វិនិយោគ​នេះ​ត្រូវ​បាន​គាំទ្រ ដោយ​កំណើន​ទុន​ទៅ​ក្នុង​វិស័យ​មិនមែន​ហិរញ្ញវត្ថុ ខណៈ​ពេល​ដែល​លំហូរ​វិនិយោគ​ទៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ទំនងជា​ដោយសារ​ប្រាក់​ចំណេញ​ទាប​នៃ​វិស័យ​ធនាគារ ។

ហានិភ័យ​ដែល​អាច​កើត​មាន​សម្រាប់​ទស្សនវិស័យ​សេដ្ឋកិច្ច​កម្ពុជា​នេះ រួម​មាន​កំណើនសេដ្ឋកិច្ច​យឺត​ជាង​ការ​រំពឹង​ទុក​ក្នុង​ប្រទេស​ធំ​ៗ​ដូច​ជា សាធារណរដ្ឋ​ប្រជាមានិត​ចិន អឺរ៉ុប និង​សហរដ្ឋអាមេរិក បំណុល​ឯកជន​ខ្ពស់​ការ​ប្រែប្រួល​ថ្លៃ​ប្រេងឥន្ធនៈ​សកល និង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​អាកាសធាតុ​អាក្រក់ ។ ទីផ្សារ​អចលនទ្រព្យ ត្រូវការ​ពេល​សម​ស្រប ដើម្បី​ងើបឡើង​វិញ​បន្ទាប់​ពី​ប៉ះទង្គិច​ខ្លាំង​ហើយ​ធ្ងន់​ដូច​សព្វថ្ងៃ ។ តាម​បទ​ពិសោធន៍​បញ្ហា​វិស័យ​អចលនទ្រព្យ​កម្រើក​ម្តង​ៗ ក្រោយ​ពេល​ត្រូវ​ព្រនង់ គឺ​ចាយ​ពេល​ពី​៣​ទៅ​៥​ឆ្នាំ ជាក់ស្តែង​បញ្ហា​អចលនទ្រព្យ​នៅ​កម្ពុជា ដែល​ស្រុត​ចុះ កាលពី​ឆ្នាំ​២០០៨ គឺ​អូស​បន្លាយ​ដល់​ឆ្នាំ​២០១២​ទើប​ងើបឡើង​វិញ ។

ក្រៅពី​កម្ពុជា នៅ​ហុងកុង និង​តំបន់​ដែល​ជួប​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច នៅ​ឆ្នាំ​១៩៩៧ អូស​បន្លាយ​ដល់​ឆ្នាំ​២០០២ ទើប​ស្ថានភាព​ប្រសើរ​ឡើង​វិញ​ដែរ ។ នៅ​ពេល​នេះ​មិន​ថា តែ​នៅ​កម្ពុជា​នោះ​ទេ នៅ​វៀតណាម នៅ​ថៃ នៅ​ហុងកុង នៅ​ចិន សហរដ្ឋអាមេរិក គឺ​សុទ្ធតែ​មាន​បញ្ហា​ទាំងអស់ ខណៈ​ដែល​ការ​ផ្គត់ផ្គង់​មាន​ច្រើន តែ​តម្រូវការ​មាន​តិច ដែល​នាំ​ឲ្យ​គម្រោង​អចលនទ្រព្យ​ចាល់​នៅ​លើ​ទីផ្សារ ហើយ​ផ្អែក​តាម​ស្ថានភាព​នេះ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​អាច​នឹង​ត្រូវការ​ចាយ​ពេល​យ៉ាង​ហោច​ណាស់ ដល់​ឆ្នាំ​២០២៨ ឬ​យូរ​ជាង​នេះ​ទើប​អាច​ស្តារ​មក​វិញ​ត្រឹម​មុន​ពេល​នៃ​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ