ការផិតក្បត់កាន់តែក្លាយជាបញ្ហាសង្គមដ៏ធំមួយ បើសិនជាយើងគ្រាន់តែពិនិត្យតាមដានបណ្តាញសង្គម ។ អំពើផិតក្បត់ នៅក្នុងភេទសម្ព័ន្ធ នៅក្នុងគ្រួសារនៅក្នុងសង្គមកម្ពុជា នាពេលបច្ចុប្បន្នកាន់តែមានច្រើន ហើយសឹងតែស្មើដៃគ្នារវាងបុរស និងនារី គ្រាន់តែថា…
ការផិតក្បត់កាន់តែក្លាយជាបញ្ហាសង្គមដ៏ធំមួយ បើសិនជាយើងគ្រាន់តែពិនិត្យតាមដានបណ្តាញសង្គម ។ អំពើផិតក្បត់ នៅក្នុងភេទសម្ព័ន្ធ នៅក្នុងគ្រួសារនៅក្នុងសង្គមកម្ពុជា នាពេលបច្ចុប្បន្នកាន់តែមានច្រើន ហើយសឹងតែស្មើដៃគ្នារវាងបុរស និងនារី គ្រាន់តែថា នារីមានគំនាប និងសម្ពាធពីប្រពៃណី និងវប្បធម៌ដើម្បីសង្កត់ចិត្តបន្តិចប៉ុណ្ណោះ ។
សម័យមុនអំពើ និងសកម្មភាពផិតក្បត់ គឺភាគច្រើនមានតែនៅក្នុងចំណោមភាគីបុរសទេ ដោយសារតែបុរសមានតួនាទីចេញពីផ្ទះទៅរកស៊ី ឬធ្វើការ ឬការជួញដូរឆ្ងាយពីផ្ទះ ឆ្ងាយពីភ្នែកច្រមុះគ្រួសារ ។ ប៉ុន្តែសម័យនេះ ស្ត្រីជាច្រើនក៏សកម្ម ។ បច្ចុប្បន្ននេះ ស្ត្រីដែលជោគជ័យនៅក្នុងការងារ ក្នុងអាជីវកម្មក៏មានច្រើន ដូច្នេះហើយឱកាសនៃសកម្មភាពផិតក្បត់ក៏អាចនឹងកើតមានគួរសមដែរ ។
មកដល់ពេលនេះ យើងពិតជាពិបាកនៅក្នុងការស្វែងរកនូវទិន្នន័យវិទ្យាសាស្ត្រណាមួយពិតប្រាកដ ដើម្បីលើកឡើងនូវអំណះអំណាងនេះទេ ។ ប៉ុន្តែតាមការសង្កេតដោយផ្ទាល់ និងឆ្លងតាមការពិភាក្សានៅតាមកម្មវិធីសង្គមផ្សេងៗឃើញថា ទំនោរនេះពិតជាមានការកើនឡើង ។ បញ្ហានេះ នៅលើបណ្តាញសង្គមនានាជាពិសេស គឺហ្វេសបុក និងតិកតក់ ក៏បានបង្ហាញ និងត្រូវបានគេចែកចាយជាបន្តបន្ទាប់ ហើយក៏ឧស្សាហ៍ឃើញជាច្រើនករណីផងដែរ ។
នៅសម័យមុន មធ្យោបាយនៃទំនាក់ទំនង គឺពិបាក ។ រីឯឱកាសក៏រឹតតែមិនសូវមាន ។ ប៉ុន្តែសម័យនេះច្រកនៃទំនាក់ទំនងសម្បូរបែប ជាពិសេស គឺបណ្តាញសង្គម ។ សម័យនេះបណ្តាញសង្គមបានផ្តល់ទំនាក់ទំនងយ៉ាងទូលំទូលាយ ដោយនៅពេលទំនាក់ទំនងមិនត្រឹមតែឃើញរូបថតទេ សូម្បីតែឃើញសម្រស់ រូបសម្ផស្ស ហើយសូម្បីតែកន្លែងកន្លៀតកន្លោះនានា ប្រសិនបើមានការយល់ព្រមពីដៃគូរសន្ទនា ។ ដូច្នេះហើយទើបបានជា បញ្ហានេះងាយនឹងកើនឡើង ។
ក្រៅពីការព្រួយបារម្ភអំពីកំណើននៃភាពផិតក្បត់ហើយនោះមធ្យោបាយនៃការដាក់ទណ្ឌកម្ម និងបរិហារកេរ្តិ៍ពាក់ព័ន្ធនឹងសកម្មភាពផិតក្បិតនេះ កាន់តែសាហាវ និងកាន់តែរន្ធត់ដែលនាំឲ្យដៃគូកាន់តែអាម៉ាសប៉ះពាល់ដល់កិត្តិយស ការងារ និងសេចក្តីថ្លៃថ្នូរថែមទៀត ។
ដើម្បីគេចចេញពីបញ្ហាគូស្វាមីភរិយានានា ឬដៃគូភេទសម្ព័ន្ធ សូមបង្កើនការយល់ចិត្តគ្នា ហើយនៅពេលដែលមានបញ្ហាអាក់អន់ស្រពន់ចិត្តនឹងគ្នា សូមព្យាយាមនិយាយផ្សះផ្សារ និងពិភាក្សាដោយត្រង់ៗកុំលាក់កុំលៀម ។ ការលាក់ការលៀមនាំឲ្យបញ្ហាវាដក់នៅក្នុងចិត្ត ហើយដល់ពេលដែលមានភាគីទីបីលូកចូលមកក៏ចាប់ផ្តើមមានគំនួចចិត្តផ្តេសផ្តាស ហើយប្រសិនបើខ្វះសីលធម៌ខ្វះមនៈសិការខ្វះការត្រិះរិះពិចារណានោះអំពើផិតក្បត់នេះនឹងកើតមានឡើងភ្លាមៗ ។
សូមនិយាយគ្នា សូមដោះស្រាយគ្នា សូមបង្ហាញនូវបំណងប្រាថ្នា និងការចង់បានដើម្បីកសាងនូវស្ថានការណ៍ និងស្តារទំនាក់ទំនងភេទសម្ព័ន្ធនេះ កុំអោយមានបញ្ហានឹងគ្នា ។ ទំនាក់ទំនងភេទសម្ព័ន្ធជាស្វាមី និងភរិយា គឺជាជីវិតដែលងាយនឹងប៉ះទង្គិចណាស់ ។ ប៉ុន្តែប្រសិនបើភាគីទាំងសងខាងចេះអត់ឱនចេះអធ្យាស្រ័យចេះយោគយល់ គេនឹងអាចចៀសផុតពីបញ្ហានេះ ។
ពេលនោះ ទំនាក់ទំនងសង្គមគ្រួសារនឹងអាចរក្សារហូតថ្ងៃបញ្ចប់ ឬទីអវសាន្តនៃជីវិតរៀងៗខ្លួន ៕
ចែករំលែកព័តមាននេះ