ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ប្រសិនបើ​សហរដ្ឋអាមេរិក នៅ​តែ​មើលឃើញ​តំបន់​អាស៊ី​អាគ្នេយ៍ និង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​សំខាន់​នៅ​ក្នុង​យុទ្ធសាស្ត្រ​ការទូត និង​យោធា​របស់​ខ្លួន អា​មេ​រិ​ក​ត្រូវ​តែ​ធ្វើការ​ជាមួយនឹង​រដ្ឋាភិបាល​កម្ពុជា​ជា​ចាំបាច់ ។ ហេតុផល គឺ​ដោយសារ​តែ​កម្ពុជា នៅ​ពេល​នេះ គឺ​កំពុង​តែ​ជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហរដ្ឋអាមេរិក​ពី​ឆ្នាំ​២០២៤…

ប្រសិនបើ​សហរដ្ឋអាមេរិក នៅ​តែ​មើលឃើញ​តំបន់​អាស៊ី​អាគ្នេយ៍ និង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​សំខាន់​នៅ​ក្នុង​យុទ្ធសាស្ត្រ​ការទូត និង​យោធា​របស់​ខ្លួន អា​មេ​រិ​ក​ត្រូវ​តែ​ធ្វើការ​ជាមួយនឹង​រដ្ឋាភិបាល​កម្ពុជា​ជា​ចាំបាច់ ។

ហេតុផល គឺ​ដោយសារ​តែ​កម្ពុជា នៅ​ពេល​នេះ គឺ​កំពុង​តែ​ជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហរដ្ឋអាមេរិក​ពី​ឆ្នាំ​២០២៤ ដល់​ឆ្នាំ​២០២៧ ខាង​មុខ​ឯណោះ ។ ម្យ៉ាងទៀត​ទោះបីជា​នៅ​ក្នុង​កែវភ្នែក​អា​មេ​រិ​ក​ចោទប្រកាន់​កម្ពុជា​ថា ជា​ប្រទេស​ដែល លម្អៀង​ទៅ​ចិន​ក៏​ដោយ ក៏​អា​មេ​រិ​ក​នៅ​តែ​បន្ត​ធ្វើការ​ជាមួយនឹង​កម្ពុជា ដើម្បី​បន្ត​សម្របសម្រួល​ជាមួយនឹង​ចិន តាម​យន្តការ​កុងសង់ស៊ីស នៅ​ក្នុង​អាស៊ាន ។

ពាក់ព័ន្ធ​នឹង​ស្ថានភាព​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក លើក​ទី​១២ នៅ​វៀង​ច័ន្ទ​ន៍ សម្តេច​ធិ​បតី​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​អាស៊ាន​-​អា​មេ​រិ​ក ។ សម្តេចមហាបវរធិបតី បាន​បង្ហាញ​នូវ​ក្តី​សោមនស្ស​ចំពោះ​វឌ្ឍនភាព​ដ៏​ធំ​ដែល​សម្រេច​បាន​ក្នុង​ការ​អនុវត្ត​ផែនការ​សកម្មភាព​បច្ចុប្បន្ន និង​ឧ​ប​សម្ព័ន្ធ​ផែនការ​នេះ ហើយ​ទន្ទឹងរង់ចាំ​ការ​តាក់តែង​ផែនការ​សកម្មភាព​អាស៊ាន​-​អា​មេ​រិ​ក​ថ្មី ២០២៦-២០៣០ ដែល​នឹង​នាំ​ផ្លូវ​ឲ្យ​ភាគី​ទាំង​ពីរ​ឆ្ពោះទៅ​សម្រេច​បាន​នូវ​សក្តានុពល​ពេញលេញ​នៃ​ភាព​ជា​ដៃគូ​យុទ្ធ​ស្រា​ស្ត្រ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ។

ក្រោម​ការ​សម្រប​សម្រប​ដោយ​កម្ពុជា កិច្ចប្រជុំ​នេះ ក៏​បាន​អនុម័ត​សេចក្តី​ថ្លៃ​ង​ការណ៍​ប្រមុខ​ដឹកនាំ​អាស៊ាន​-​អា​មេ​រិ​ក​ស្តី​ពី​ការ​ជំរុញ​បញ្ញា​សិប្បនិម្មិត​ដែល​មាន​សុវត្ថិភាព​ប្រកបដោយ​សន្តិសុខ និង​ទំនុកចិត្ត​ដែល​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេ​ជា​ចិត្ត​រួម​គ្នា​ក្នុង​ការ​សម្រេច​បាប​នូវ​សក្តានុពល​ដ៏​សំខាន់​នៃ​បញ្ញា​សិប្បនិម្មិត ដើម្បី​កែ​លម្អ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​របស់​អាស៊ាន​-​អា​មេ​រិ​ក ។

សម្តេចមហាបវរធិបតី បាន​បន្ត​ថា សេចក្តីថ្លែងការណ៍​រួម​អាស៊ាន​តំណាង​ឲ្យ​អាស៊ាន​អម​ដោយ​សេចក្តី​ថ្លៃ​ង​ការណ៍​ជាតិ ហើយ​បាន​សង្កត់ធ្ងន់​ថា ពាណិជ្ជកម្ម និង​ការ​វិនិយោគ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​កាន់តែ​ស៊ីជម្រៅ និង​ការ​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន ។ នៅ​ក្នុង​ន័យ​នេះ​អាស៊ាន​-​អា​មេ​រិ​ក​គួរតែ​ពង្រឹង​ទំនាក់ទំនង​ទាំងនេះ​ដោយ​ធ្វើការ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ផង​ស្តី​ពី​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម និង​វិនិយោគ​អាស៊ាន​-​អា​មេ​រិ​ក ២០២៤-២០២៥ និង​ផែនការ​ការងារ​ព​ង្រឹ​ក​ទំនាក់ទំនង​សេដ្ឋកិច្ច ។

សម្តេចមហាបវរធិបតី ក៏​បាន​ស្វាគមន៍​កិច្ច​សហប្រតិបត្តិការ​កាន់តែ​រឹង​មាំ​ពី​សំណាក់​អា​មេ​រិ​កតាម​រយៈ​ផែនការមេ​ស្តី​ពី​កា​រត​ភ្ជាប់​អាស៊ាន ឆ្នាំ​២០២៥ និង​ផែនការមេ​ឌី​ជី​ថ​ល​អាស៊ាន ២០២៥ ។ សម្តេចមហាបវរធិបតី បាន​ជំរុញ​ឲ្យ​អា​មេ​រិ​ក​ផ្តល់​ការ​គាំទ្រ​ដល់​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​អាស៊ាន​ដែល​នឹង​ត្រូវ​អនុម័ត​នៅ​ឆ្នាំ​ក្រោយ ។ សម្តេចមហាបវរធិបតីក៏​បាន ថ្លែង​កោតសរសើរ​ការ​គាំទ្រ​របស់​អា​មេ​រិ​ក​ចំពោះ​ការ​អភិ​វ​ឌ្ឈ​ធនធានមនុស្ស​អាស៊ាន និង​ការ​ជួយ​ជ្រោមជ្រែង​អាជីវកម្ម​ខ្នាត​តូច​ៗ​របស់​អាស៊ាន​ឲ្យ​កាន់តែ​មាន​ផលិតភាព ភាព​ធន់ និង​ភាព​ប្រកួតប្រជែង​បន្ថែម​ទៀត ។

សម្តេចមហាបវរធិបតី បាន​បញ្ចប់សេចក្តី​ថ្លែង​ការ​ដោយ​គូសបញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញារ​ចិត្ត​យ៉ាង​មុតមាំ​និង​ការ​ត្រៀមខ្លួន​ជា​ស្រេច​របស់​កម្ពុជា ដើម្បី​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន និង​ស​សហរដ្ឋអាមេរិក ក្នុង​ការ​លើកកម្ពស់​ភាព​ជា​ដៃគូ និង​ជំរុញ​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ក្នុង​តួនាទី​សម្របសម្រួល​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​អា​មេ​រិ​ក​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ច្រក​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ដើម្បី​ធ្វើការ​ជាមួយនឹង​សហរដ្ឋអាមេរិក​ក៏​អាច​ពាក់ព័ន្ធ​នឹង​អ​ទិ​ភាព​នៃ​គោលនយោបាយ​ការ​រប​ទេស និង​យោធា​របស់​មហាអំណាច​កំពូល​នេះ​ដែរ​ពីព្រោះ​ថា នៅ​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​នរណា​នឹង​ចូល​មក​កាន់កាប់​តំណែង​នៅ​សេត​វិមាន​ដែល​តំណាង​ឲ្យ​អំណាច​កំពូល​កណ្តាល​របស់​មហាអំណាច​នេះ​នៅឡើយ ។
រវាង​លោកស្រី កា​ម៉ា​ឡា ហារី​ស អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​បច្ចុប្បន្ន និង​លោក ដូ​ណា​ល់ ត្រាំ អតីត​ប្រធានាធិបតី គឺ​ត្រូវ​ជួប​គ្នា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ខែ​ក្រោយ ។

នៅ​ក្នុង​ករណី​ដែល​លោកស្រី កា​ម៉ា​ឡា ហារី​ស ជាប់​ហើយ​ចូល​មក​កាន់ការ​ដឹកនាំ​រដ្ឋបាល​របស់​អា​មេ​រិ​ក នោះ​ច្រក និង​សេចក្តីសម្រេច​ជា​គោល​ដែល​កម្ពុជា​បាន​ប្រុងប្រៀប​នឹង​ធ្វើការ​ជាមួយនឹង​អា​មេ​រិ​ក​ទំនងជា​នៅ​ដដែល​ដោយសារ​តែ​លោកស្រី គឺជា​មនុស្ស​នៅ​ក្នុង​រដ្ឋបាល​លោក ប្រធានាធិបតី​បៃ​ដិ​ន​ស្រាប់ ហើយ​ម្យ៉ាងទៀត​លោកស្រី​ក៏​ធ្លាប់​បាន ដឹកនាំ​គណប្រតិភូ​អា​មេ​រិ​ក​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ​នៅ​ឥណ្ឌូ​នេ​ស៊ី​កាលពី​ឆ្នាំ​២០២៣ ស្រាប់​ដែរ ។ ប៉ុន្តែ​ប្រសិនបើ​លោក ដូ​ណា​ល់ ត្រាំ ឈ្នះ​វិញ​នោះ​កម្ពុជា​នៅ​ក្នុង​តួនាទី​នេះ​អាច​លំបាក និង​រៀបចំ​គោលនយោបាយ​ថ្មី​ពីព្រោះ​លោក ត្រាំ ត្រូវ​បាន​គេ​ដឹង​ថា ហាក់​មិនសូវ​ខ្វល់ខ្វាយ​នឹង​អាស៊ាន ក៏​ដូច​ជា តំបន់ ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ខ្លាំង​ឡើយ ។ ដោយនៅ​រដ្ឋបាល​មុន​រដ្ឋបាល​របស់​លោក​បាន​ទម្លាក់​ទំនាក់ទំនង​ជាមួយ នឹង​អាស៊ាន​យ៉ាង​ទាប​បំផុត ដោយ​បាន​បញ្ជូន​ត្រឹមតែ​មន្ត្រី​ការទូត​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អា​មេ​រិ​ក នា​ខែវិច្ឆិកា ឆ្នាំ​២០១៩​នៅ​ថៃ ហើយ​នៅ​ពេល​នោះ​មេដឹកនាំ​អាស៊ាន​ជា​ច្រើន ដោយ​រួម​ទាំង​មេដឹកនាំ​កម្ពុជា បាន​ធ្វើ​ពហិកា​មិន​ចូលរួម កិច្ចប្រជុំ​កំពូល​នេះ ដោយ​បញ្ជូន​តែត្រឹម​រដ្ឋមន្ត្រី​ការ​បរទេស​ប៉ុណ្ណោះ ។

ក្រោយមក លោក​ត្រាំ ក៏​សន្យា ស្តារ​ទំនាក់ទំនង​នេះ តែ​មិន​បាន​សម្រេច​ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ ១៩ ។
មក​ដល់​ឆ្នាំ​២០២២ នៅ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន កម្ពុជា​ជា​ប្រទេស​តូច​តែ​អាច​សម្របសម្រួល​និង​ជំរុញ ការ​ស្តារ​ទំនាក់ទំនង​អាស៊ាន​-​អា​មេ​រិ​ក​ងើបឡើង​វិញ ដោយ​លោក ចូ បៃ​ដិ​ន បាន​មក​ចូលរួម​កិច្ចប្រជុំ កំពូល​នៅ​អាស៊ាន នៅ​ទីក្រុង​ភ្នំពេញ រួម​ជាមួយនឹង​មេដឹកនាំ​កំពូល​របស់​ប្រទេស​ជា​ច្រើន​ទៀត ។

សរុប​មក​វិញ​ក្រោម​គោលនយោបាយ​ការ​បរទេស​ដែល​មិន​ប្រកាន់​យក​នរណា​ជាស​ត្រូវ ហើយ​បើកចំហរ តាម​យន្តការ​ពហុភាគី​និយម​ដែល​កម្ពុជា​បាន​អនុវត្ត​ជា​បន្តបន្ទាប់ នៅ​ក្នុងអំឡុងពេល​នេះ​ដល់ ២០២៧ និង​ទៅ​ថ្ងៃ​អនាគត ស្ថានភាព​និង​កិត្យានុភាព​កិច្ច​ការទូត​កម្ពុជា​នឹង​កាន់តែ​ទូលំទូលាយ ហើយ​កម្ពុជា​ក៏​សង្ឃឹមថា នឹង​អាច​ធ្វើការ​ជាមួយនឹង​មហាអំណាច​នានា ដែល​មាន​ប៉ូ​ល​នយោបាយ​ខុស​ៗ​គ្នា ក្រោម​គោលការណ៍​សន្តិ​សហ​វិជ្ជមាន នាំ​មក​នូវ​វិបុលភាព និង​វឌ្ឍនភាព​សង្គម សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ជា​ពិសេស គឺ​ទំនាក់ទំនង​ការទូត​កាន់តែ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ