រាជធានីភ្នំពេញ ៖ ចំពោះអ្នកមិនចេះអក្សរ ហើយចង់ប្រឡងយកបណ្ណបើកបរ សម្រាប់រថយន្តធំៗនោះ ក្រសួងសាធារណការ និងដឹកញ្ជូន នឹងរៀបចំឲ្យមានការប្រឡង ដោយប្រើជាសំឡេងក្នុងការឆ្លើយសំណួរ នៅពេលប្រឡង នេះបើតាមការបញ្ជាក់របស់អគ្គនាយក នៃអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ។
លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឲ្យដឹងនៅថ្ងៃទី១១ តុលា ២០២៤ នៅទីស្តីកាក្រសួងថា មួយរយៈពេលនេះ ឃើញសកម្មភាពអ្នកបើកបររថយន្តធំៗ មានភាពល្អប្រសើរ គួរជាកត់សម្គាល់ ប៉ុន្តែខ្ញុំឃើញថា ការប្រឡងយកបណ្ណបើកបរសម្រាប់រថយន្តធំៗ ឃើញថា ដៃចង្កូតមានភាពល្អប្រសើរ តែទ្រឹស្តីវិញ ពិបាក ។
លោកអគ្គនាយក បានបញ្ជាក់ថា ៖«ពីមុនខ្ញុំ ឃើញថា ឱពុកគាត់ចេះបើកបរ ហើយបង្រៀនកូនដែលជិះជាមួយគ្នា ឲ្យកាន់ដៃចង្កូត ប៉ុន្តែចំពោះអក្សរគាត់ពិបាក ហើយឡានធំគាត់ត្រូវរៀន ចេះអក្សរ«…» ដល់ពេលអ៊ីចឹងទៅ គាត់ពិបាកប្រឡងទ្រឹស្តី មែនទែន ទោះគាត់ពូកែខាងដៃចង្កូតមែន។ ប៉ុន្តែយើងក្នុងនាមក្រសួងសាធារណការ ដែលមានឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំ គឺធ្វើយ៉ាងណាឲ្យមានជាសំឡេង ដោយពន្យល់សម្រាប់បងប្អូន ដែលមិនចេះអក្សរងាយស្រួល ក្នុងការប្រឡងយកបណ្ណបើកបរ សម្រាប់ឡានធំ។ សម្រាប់ប្រឡងម៉ូតូ មិនទាន់បានធ្វើនោះទេ» ។
ជាមួយគ្នានោះដែរ លោកអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានបញ្ជាក់ទៀតថា អ្នករត់ម៉ូតូកង់បី និងរថយន្តធំៗ ដែលបានទទួលចូលរៀនវគ្គបណ្តុះបណ្តាល និងទទួលបាន បណ្ណបើកបរ រួចមកឃើញថា ការបើកបរមានការគោរពច្បាប់ចរាចរណ៍ល្អប្រសើរជាងមុន ហើយ ការរិះគន់ពីសំណាក់សាធារណជន ដែលធ្វើដំណើរតាមផ្លូវ ក៏ត្រូវបានកាត់បន្ថយច្រើនផងដែរ ។
លោកឈួន វ៉ន់ បានបន្ថែមថា អ្នកបើកបរម៉ូតូកង់បី កន្លងមកក៏មាន ការលើកឡើងពីការបង្កភាពលំបាកលើដងផ្លូវ ប៉ុន្តែក្រោយការបណ្តុះ បណ្តាលនេះ ទៅគេសង្ឃឹម ជឿជាក់ថា នឹងអាចជួយបញ្ចប់ការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ។ អ្នករត់កង់បី ត្រូវធ្វើយ៉ាងម៉េចគោរពច្បាប់ចរាចរណ៍ ។
លោកអគ្គនាយក បានបន្តថា ក្រៅពីនេះបន្ទាប់ពីក្រសួងបើកវគ្គបណ្តុះបណ្តាលអ្នកកបើកបររថយន្តធន់ធំៗ កន្លងមក ឃើញថា ការបើកបរល្អប្រសើរជាងមុន ដោយក្នុងនេះគោរពច្បាប់ និងសង្ឃឹមជឿជាក់អ្នកដឹកជញ្ជូនដទៃទៀត នឹងគោរពច្បាប់ចរាចរណ៍នេះដូចគ្នា សំដៅធ្វើយ៉ាង ណាឱ្យមានសុវត្តិភាព នឹងសណ្តាប់ធា្នប់លើដងផ្លូវ ។
លោកអគ្គនាយកបានបញ្ជាក់ ៖ «បើមានបងប្អូនអ្នករត់ម៉ូតូកង់បី ចង់ចូលរៀនវគ្គបណ្តុះបណ្តាល ក្រសួងនឹងរៀបចំឱ្យពួកគាត់បន្តទៀត ដោយក្នុងនេះ មិនត្រឹមតែឱ្យចូលរៀនមិនយកថវិការ ហើយនៅជួយសម្របសម្រួលក្នុងការប្រឡង និងធ្វើបណ្ណបើកបរឱ្យថែមទៀត» ។
លោកបានបញ្ជាក់បន្ថែមថា សម្រាប់ក្រុមហ៊ុនដឹកជញ្ជូន នៅថ្ងៃខាងមុខនេះ លោកនឹងស្នើសុំឱ្យនាយកដ្ឋានសុវត្តិភាពចរាចរណ៍ផ្លូវគោកវាយតម្លៃក្រុមហ៊ុនទាំងអស់ ក្នុងករណីអនុវត្ត បានត្រឹមត្រូវតាមផ្លូវច្បាប់ នឹងចេញបណ្ណសរសើរជូន ។ កន្លងមកយើងធ្វើសម្រាប់ក្រុមហ៊ុនធំៗ តែពេលនេះ យើងនឹងធ្វើសម្រាប់ក្រុមហ៊ុនកម្រិតដូចជាក្រុមហ៊ុនក្រេប (Grab) នេះជាដើម ។
គួរបញ្ជាក់ថា យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្តនេះ គឺជាការផ្តួចផ្តើមឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណង ដើម្បីលើកកម្ពស់ ការយល់ដឹងអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បច្ចេកទេសបើកបរយានយន្ត និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីប្រលងជាប់យកបណ្ណបើកបរម៉ូតូកង់បីឱ្យបានគ្រប់ៗគ្នា ។
វគ្គបណ្តុះបណ្តាលនេះ មានចំនួន ១០វគ្គ និងមានអ្នកសិក្ខាកាមចូលរួមសរុបចំនួន ៨១១នាក់ ហើយបានរៀបចំប្រឡងយកបណ្ណបើកបរយានយន្តចំនួន ១១លើក ក្នុងនោះ អ្នកចូលរួមប្រឡងទ្រឹស្តីសរុបចំនួន ៣៤៧នាក់ (ប្រឡងឡើងវិញ១២៦នាក់) ជាប់១១៥នាក់ ស្មើនឹង៣៤ភាគរយ ធ្លាក់១៩៧នាក់ ស្នើនឹង៥៧% និងអវត្តមាន ២៩នាក់ ស្នើនឹង៩ភាគរយ។ អ្នកប្រឡងដៃចង្កូតសរុបចំនួន ១៣៧នាក់ (ប្រឡងឡើងវិញ ២២នាក់) ជាប់១០៧ ស្នើនឹង៧៨ភាគរយ ធ្លាក់ ៣០នាក់ ស្មើ២២ភាគរយ ៕
ចែករំលែកព័តមាននេះ