ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ជួសជុល​ព្រះ​លានជល់ដំរី ចំនួន​២​ទីតាំង នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ខែមករា ឆ្នាំ​២០២៥

20 ម៉ោង មុន

ខេត្តសៀមរាប ៖ នៅ​ក្នុង​បរិវេណ​អង្គរធំ គម្រោង​ជួសជុល​ព្រះ​លានជល់ដំរី ចំនួន​២​ទីតាំង នៅ​ផ្នែក​ខាងជើង​ប្រវែង ២២​ម៉ែត្រ និង​ផ្នែក​ខាងត្បូង​ប្រវែង​២១​ម៉ែត្រ ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ…

ខេត្តសៀមរាប ៖ នៅ​ក្នុង​បរិវេណ​អង្គរធំ គម្រោង​ជួសជុល​ព្រះ​លានជល់ដំរី ចំនួន​២​ទីតាំង នៅ​ផ្នែក​ខាងជើង​ប្រវែង ២២​ម៉ែត្រ និង​ផ្នែក​ខាងត្បូង​ប្រវែង​២១​ម៉ែត្រ ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) តាម​រយៈ​ទីភ្នាក់ងារ​បេតិកភណ្ឌ​កូរ៉េ (KHA) គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ខែមករា ឆ្នាំ​២០២៥ ខាង​មុខ​នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា ចុះផ្សាយនៅថ្ងៃទី២០ ធ្នូ ២០២៤នេះ ។

គម្រោង​ជួសជុល ដែល​ចាប់ផ្ដើម​ដំណើរការ​យ៉ាង​យកចិត្តទុកដាក់ តាំងពី​ឆ្នាំ​២០១៩​មក គឺ​ជួសជុល​ព្រះ​លានជល់ដំរី ចំនួន​២​ទីតាំង ក្នុង​ប្រវែង​សរុប​ជាង​៤០​ម៉ែត្រ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន បាន​សម្រេច​លទ្ធផល​ស្ទើរតែ​ទាំងស្រុង ដោយនៅ​សេសសល់​តែ​ការ​ដាប់​ឆ្លាក់​ថ្ម​ថ្មី​ជំនួស​ឱ្យ​ថ្ម​ចាស់​ដែល​បាត់បង់​ប៉ុណ្ណោះ ។

លោក EO JINKYU ស្ថាបត្យករ និង​ជា​អ្នកគ្រប់គ្រង​គម្រោង ឱ្យ​ដឹង​ថា ការងារ​ជួសជុល​ព្រះ​លានជល់ដំរី​ទាំង​២​ទីតាំង នៅ​ផ្នែក​ខាងត្បូង​ប្រវែង​ចំនួន​២១​ម៉ែត្រ បាន​បញ្ចប់​ទាំងស្រុង​ហើយ​។ ចំណែក នៅ​ផ្នែក​ខាងជើង​ប្រវែង​ចំនួន​២២​ម៉ែត្រ ក៏​បាន​ជួសជុល​រួចរាល់​រចនា​សម្ពន្ធ​ផ្សេង​ៗ គឺ​នៅ​សេសសល់​តែ​ការ​ដាប់​ឆ្លាក់​សម្អាត​មុខ​ថ្ម​ថ្មី ដែល​ជំនួស​ថ្ម​ចាស់​បាត់បង់​។ ការងារ​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ខែមករា ឆ្នាំ​២០២៥ ខាង​មុខ​នេះ ។

អ្នកគ្រប់គ្រង​គម្រោង​ដដែល បន្ថែម​ថា នៅ​ទីតាំង​ព្រះ​លានជល់ដំរី​ប្រវែង​២២​ម៉ែត្រ នៅ​ផ្នែក​ខាងជើង គឺ​បង្កាន់ដៃ​នាគ​បាន​បាត់បង់​ទាំងស្រុង ដែល​ខុស​ពី​ផ្នែក​ខាងត្បូង ដែល​នៅ​សេសសល់ និង​បាន​ជួសជុល​រៀប​ផ្គុំ​ឡើង​វិញ​ទៅ​តាម​លំនាំ​ដើម ។

លោក EO JINKYU បញ្ជាក់​ថា ស្ថានភាព​ព្រះ​លានជល់ដំរី​ទាំង​២​ទីតាំង មុន​ពេល​ជួសជុល​មាន​ហានិភ័យ​ខ្ពស់ ពិសេស​ផ្នែក​ខាងជើង​បាន​ទ្រេត​ប្រហែល​៨៥​ដឺ​ក្រេ​។ តាម​រយៈ​កំណាយ​ស្រាវជ្រាវ​រក​ឃើញ​ថា គ្រឹះ​ចុះ​ខ្សោយ និង​ធ្លាប់​បាន​ជួសជុល​ម្ដង​មក​ហើយ​កាលពី​សម័យ​មុន និង​នៅ​សម័យ​បារាំង ។

ការ​ខូចខាត​បណ្តាល​មក​ពី​ទឹក​ហូរ​ច្រោះ និង​ផ្នែក​ខ្លះ​ធ្លាប់​បាន​ជួសជុល​មិនសូវ​មានគុណ​ភាព​ផង​។ ដូច្នេះ ការងារ​ជួសជុល​ត្រូវធ្វើ​ឡើង​យ៉ាង​ប្រុង​ប្រយ័ត្ន និង​យកចិត្តទុកដាក់​យ៉ាង​ត្រឹមត្រូវ​តាម​បច្ចេកទេស​បុរាណ ដើម្បី​រក្សា​បាន​នូវ​ភាពរឹងមាំ​យូរអង្វែង នៃ​រចនា​សម្ពន្ធ នៃ​ព្រះ​លានជល់ដំរី​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ