ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ៖ ទោះបី​រាជធានី​ភ្នំពេញ ទទួល​បានការ​ពេញចិត្ត​ក្នុង​ការ​ផ្តល់​សេវា​៨២% ពី​ប្រជាពលរដ្ឋ ប៉ុន្តែ​យើង​ត្រូវ​តែ​ខិតខំ​យកចិត្តទុកដាក់​ឱ្យ​កាន់តែ​ខ្លាំងក្លា

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ឆ្លង​តាម​ការ​ស្រង់​មតិ​របស់​ថ្នាក់​ជាតិ ការ​ផ្តល់​សេវា​សាធារណៈ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ឆ្លង​តាម​ការ​ស្រង់​មតិ​របស់​ថ្នាក់​ជាតិ ការ​ផ្តល់​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ទទួល​បានការ​ពេញចិត្ត​ពេញ​ថ្លើម​ពី​ប្រជាពលរដ្ឋ​ប្រមាណ​៨២% ។

ការ​បញ្ជាក់​បែប​នេះ របស់​លោក ឃួ​ង ស្រេង ធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌ នាយក​រដ្ឋបាល នៅ​ក្នុង​រចនាសម្ព័ន្ធ​របស់​រដ្ឋបាល​ខណ្ឌ​នានា នៃ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៤​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ។

លោក ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ បាន​ថ្លែង​នូវ​ការ​កោតសរសើរ និង​អំណរ​គុណ​ផង​ដែរ ចំពោះ​មន្ត្រីរាជការ​ស៊ី​វិល កងកម្លាំង ប្រដាប់​អាវុធ​គ្រប់​ប្រភេទ អាជ្ញាធរ​មូលដ្ឋាន នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី ភ្នំពេញ ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិសុខ សុវត្ថិភាព របៀបរៀបរយ និង​សណ្តាប់ធ្នាប់​សាធារណៈ ជាមួយ​និង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ កន្លង​មកនេះ ។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​និង​ការ​ផ្តល់​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​នេះ ថ្នាក់​ជាតិ​បាន​ចុះ​ធ្វើការ​ស្រង់​មតិ ហើយ​ជាមួយនឹង​ការ​ស្ទង់​មតិ​នេះ រាជធានី​ភ្នំពេញ ទទួល​បានការ​ពេញចិត្ត​ពេញ​ថ្លើម​ពី​ប្រជាពលរដ្ឋ ដែល​មក​ទទួល​សេវា​នេះ​ប្រមាណ​៨២% ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី លោក​ស្នើ​ឱ្យ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ទាំង​ការ​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព និង​ការ​ផ្តល់​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ក្នុង​ឆ្នាំ​២០២៥ ខាង​មុខ​នេះ រាជធានី​ភ្នំពេញ អាច​ទទួល​បានការ​ពេញចិត្ត​ពេញ​ថ្លើម​ពី​ប្រជាពលរដ្ឋ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី បាន​បន្ត​ទៀត​ថា កន្លង​មកនេះ​រដ្ឋបាល​ខណ្ឌ​មួយ​ចំនួន បញ្ចេញ​របាយការណ៍​មក​រដ្ឋបាល​រាជធានី មាន​ភាព​យឺតយ៉ាវ​។ ចំពោះ​បញ្ហា​នេះ ត្រូវ​តែ​កែសម្រួល​ឡើង​វិញ​ជា​បន្ទាន់ មាន​បញ្ហា​អ្វី​ដោះស្រាយ​មិន​ចេញ ត្រូវ​សុំ​គោលការណ៍ ឬ​សុំ​មតិ​ដឹកនាំ​ពី​ថ្នាក់​រាជធានី​ភ្នំពេញ សំដៅ​ធ្វើ​យ៉ាងណា​អោយ​ការងារ​នោះ​ដំណើរការ​ទៅ​ដោយ​រលូន និង​ជោគជ័យ ។

ពិធី​នេះ ត្រូវ​បាន​ប្រកាស​តែងតាំង ផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ​ចំនួន​១៤ រូប ក្នុង​នោះ ៖
១-​លោក ជ គឹ​ម​ស៊ អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ ឱ្យមក​បម្រើ​ការងារ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។
២-​លោក សាំង សុភៈ​វិចិត្រ អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌ សែន​សុខ ឱ្យមក​បម្រើ​ការងារ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។
៣-​លោក ឡុ​ង ង៉ែត អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ ឱ្យទៅ​កាន់​មុខ​តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌឫស្សីកែវ​។
៤-​លោក ជា សុធា​រ៉ា អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌ ៧​មក​រា ឱ្យទៅ​កាន់​មុខ​តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក​។
៥-​លោកស្រី ឈុ​ន ស៊ុន​នី អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌ ពោធិ៍​សែន​ជ័យ ឱ្យទៅ​កាន់​មុខ​តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌ ៧​មក​រា​។
៦-​លោក ប្រាជ្ញ សីហា អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌ ឫស្សី​កែវ ឱ្យទៅ​កាន់​មុខ​តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌ​សែន​សុខ​។
៧-​លោក ទៀវ សំ​អឿ​ន អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌ ទួល​គោក ឱ្យទៅ​កាន់​មុខ​តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ​។
៨-​លោកស្រី ហួត ឃឹម អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌ មាន​ជ័យ ឱ្យទៅ​កាន់​មុខ​តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​។
៩-​លោក ទុ​យ ច័ន្ទ ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ សម្រាប់​អាណត្តិ​ទី​២ ក្នុង​ដែន​សមត្ថកិច្ច​ដដែល​។
១០-​លោក ញ៉ែ​ម គឹ​ម​អាង ត្រូវ​បាន​តែងតាំង​ឱ្យ​កាន់​មុខ​តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ​។
១១-​លោក បែ​ល សក្តិ​ភក្តី ឱ្យ​កាន់​មុខ​តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​។
១២-​លោកស្រី លឹ​ម លាង​ហួរ ឱ្យ​កាន់​មុខ​តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
១៣-​លោក អ៊ី ពៅ ឱ្យ​កាន់​មុខ​តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌ​៧​មក​រា​។
១៤-​លោក ជា វង្ស​ចិន្តា តែងតាំង​ជា​នាយក​រដ្ឋបាល​សាលា​ខណ្ឌមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ