ប្រទេសសមាជិកមហាអនុតំបន់មេគង្គ រៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍មហាអនុតំបន់មេគង្គឆ្ពោះទៅឆ្នាំ២០៣០
ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ែន ភារម្យ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ…
ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ែន ភារម្យ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ…
ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ែន ភារម្យ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ តំណាងលោក ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ លើកទី៥៤ (54th GMS TWG Meeting) និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលការិយាល័យទេសចរណ៍មេគង្គ (MTCO Board Meeting) នៅខេត្ត Krabi ប្រទេសថៃ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖
១. ក្រុមការងារបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ លើកទី៥៣ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅនៅទីក្រុងលីជាំង ប្រទេសចិន ដោយបានពិភាក្សាលើការងារប្រតិបត្តិរបស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) និងជំនួបរវាងអ្នកជំនាញ អ្នកអភិវឌ្ឍន៍គោលនយោបាយទេសចរណ៍ និងវិស័យឯកជន ដើម្បីចែករំលែកគ្នាពីវឌ្ឍនភាព និងសភាពការណ៍វិស័យទេសចរណ៍ក្នុងមហាអនុតំបន់មេគង្គ ។
២. បានពិនិត្យលើលទ្ធផលការងារឆមាសទី២ ដែលអនុវត្តដោយ ការិយាល័យ MTCO ផ្តោតលើ៖ (១)កិច្ចសហការជំរុញការអភិវឌ្ឍន៍គោលដៅទេសចរណ៍បៃតង (Green Destinations) ការពង្រឹងសមត្ថភាពផ្នែកឌីជីថលដល់សហគមន៍ទេសចរណ៍ (៣)ការផ្សព្វផ្សាយពីទេសចរណ៍មហាអនុតំបន់មេគង្គ និង(៤)វឌ្ឍនភាព នៃការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍មហាអនុតំបន់មេគង្គ ។
៣. ប្រទេសជាមាជិកបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពវិស័យទេសចរណ៍កម្ពុជា ដែលបានស្តារឡើងវិញទាំងស្រុងធៀបទៅនឹងឆ្នាំ២០១៩ ដោយគ្រោងទទួលទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ និងការសម្រេចបាននូវការងារសំខាន់ៗតាមរយៈការអនុវត្តផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។
៤. ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលបានអនុវត្តដោយជោគជ័យនូវគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ប្រកបដោយបរិយាប័ន្នដំណាក់កាលទី១ និង២ ( GMS Tourism Infrastructure for Inclusive Growth- TIIG) ជាពិសេសវឌ្ឍនភាពនៃការដាក់ឲ្យដំណើរការសាកល្បងកំពង់ផែទេសចរណ៍អន្តរជាតិកំពតកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នានានៅក្នុងខេត្តកែបរួមមាន៖ កំពង់ផែទេសចរណ៍លើកោះទន្សាយ វិថីតេជោសន្តិភាពឆ្នេរអង្គោល ទីលានចាក់សំរាម ប្រព័ន្ធចំរោះទឹកកង្វក់ផ្សារក្តាម មណ្ឌលព័ត៌មានទេសចរណ៍ និងការអនុវត្តស្តង់ដារទេសចរណ៍អាស៊ាន រួមជាមួយការពង្រឹងសមត្ថភាពរបស់អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ខេត្តកែប កំពត កោះកុង និងព្រះសីហនុ។
៥. ក្រុមការងារបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់ដៃគូរពាក់ព័ន្ធ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍តំបន់មេគង្គរួមមាន៖ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ជប៉ុន និងចិន (AJC, AKC, ACC) DASTA, Millenium Destination និង ECPAT។
៦. អង្គប្រជុំបានពិនិត្យចុងក្រោយនូវផែនការអភិវឌ្ឍន៍ទេសចរណ៍មហាអនុតំបន់មេគង្គ ឆ្នាំ២០៣០ (GMS Tourism Strategic Plan 2030) ដោយផ្តោតសំខាន់លើយុទ្ធសាស្ត្រអាទិភាពចំនួន ៤៖ (១)កសាងគោលដៅទេសចរណ៍ប្រកបដោយ (Build Sustainable Destinations) (២) អភិវឌ្ឍន៍ធនធានមនុស្ស (Develop Human Capital) (៣)ពង្រឹងការចូលរួមរបស់ភាគីពាក់ព័ន្ធ (Strengthen Stakeholder Engagement) និង(៤) ពង្រឹងការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ (Enhance Destination Marketing)។ ក្នុងនោះសកម្មភាពគន្លឹះសម្រាប់អនុវត្តសរុបចំនួន១៩ សកម្មភាព និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍អាទិភាពសរុបចំនួន ៤១គម្រោង ដែលនឹងពិនិត្យលទ្ធភាពគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូរអភិវឌ្ឍន៍នានា។
៧. អង្គប្រជុំបានពិនិត្យ ផ្តល់អនុសាសន៍ និងអនុម័តលើផែនការសកម្មភាពឆ្នាំ២០២៥ របស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (2025 Yearly Plan Operation) ដំណើរការរៀបចំចុះបញ្ជីការិយាល័យទេសចរណ៍មហាអនុតំបន់មេគង្គ (GMSTO Office) ជាស្ថាប័នអន្តរជាតិ និងការត្រៀមរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៥ នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ ៕
ចែករំលែកព័តមាននេះ