ខេត្តកណ្តាល ៖ ចៅកែ KTV អាហារដ្ឋាន និងក្លឹប Mr. LENG កំពុងប្រកបអាជីវកម្មអត់គោរពតាមកិច្ចសន្យាអាជីវកម្មរបស់ខ្លួនដែលបានស្នើសុំទៅរដ្ឋបាលស្រុកលើកដែលឬរដ្ឋបាលខេត្តកណ្ដាលនោះឡើយ ពោលគឺបានកំពុងប្រកបអាជីវកម្មដោយលួចបើកលក់សាច់សត្វព្រៃរួមមាន សាច់សត្វកែះ, សត្វឈ្លូស និង សាច់សត្វជ្រូកព្រៃ ជាប្រភេទសត្វកម្រដែលច្បាប់បានហាមឃាត់។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន កោះសន្តិភាពទទួលបាន។
បើទោះជាយ៉ាងណា ក៏ដោយ ម្ចាស់ហាងខាងលើនេះបដិសេធចំពោះព័ត៌មាននេះដោយអះអាងថាមិនមែនជាការពិតទេ។ ហាងលោកមិនមានលក់សាច់សត្វដូចដែលប្រភពបានរាយការណ៍នោះឡើយ។ លោកស្បថស្បែរអំពីការពាក់ព័ន្ធទៅនឹងការរកស៊ីបែបទុច្ចរិតណាមួយជាពិសេសអំពើពេស្យាចារជាដើម។
ប្រភពពីបុគ្គលិកសុំលាក់ឈ្មោះក្នុង KTV អាហារដ្ឋាន និងក្លឹប Mr. LENG បានប្រាប់ឲ្យដឹងថា នៅក្នុង KTV សាច់ឈ្លូស ១ចាន តម្លៃ១៥ដុល្លារ , សាច់ជ្រូកព្រៃ១ចាន តម្លៃ១៥ ដុល្លារ និងសាច់សត្វកែះ១តម្លៃ២០ដុល្លារ។ ទិដ្ឋភាពជាក់ស្ដែងដែលប្រភពបានឃើញ គឺមានទាំងឆ្នាំងនិងចានសម្ល ដែលបុគ្គលិកនៅក្នុងហាងខាងលើនេះបានបង្ហាញឲ្យឃើញថា វាជាប្រភេទសាច់សត្វដែលគេស្លសម្រាប់ឲ្យភ្ញៀវប្រាកដមែន។
ប្រភពបានបន្តថា ដល់ពេលភ្ញៀវគិតលុយ ថៅកែហាងខាងលើ បានប្ដូរឈ្មោះម្ហូបពីសាច់ឈ្លូស, សាច់ជ្រូកព្រៃ និងសាច់សត្វកេះទៅជា«សាច់ស្រស់»។
ប្រភពបានលួចខ្សឹបឲ្យដឹងទៀតថា មូលហេតុដែលចៅកែ KTV អាហារដ្ឋាន និងក្លឹប Mr. LENG លួចបើកលក់សាច់សត្វព្រៃខុសច្បាប់ទាំងនេះ ព្រោះម្ចាស់ហាងខាងលើនេះមានតួនាទីជាសមាជិកក្រុមប្រឹក្សាស្រុកលើកដែកដែលមានអំណាច ។ ប្រភពបន្តថា បើថៅកែហាងមិនខ្លាំង មិនមែនថ្ងៃវ៉ៃគ្នានៅក្នុងហាងនោះ ផ្អើលពេញស្រុកលើកដែកហើយ បែរជាសមត្ថកិច្ចនិងអាជ្ញាធរអត់ហ៊ានបង្ក្រាបនោះទេ។
ម្ចាស់ហាងខាងលើលោកគ្រី ប៉េងឡេង បាទបដិសេធចំពោះការលើកឡើងនេះបើទោះបីជាភស្តុតាងរូបភាពចានឆ្នាំងសម្លនិងសំឡេង ក្រុមបុគ្គលិកទាំងនោះបញ្ជាក់ច្បាស់យ៉ាងណាក៏ដោយ។ លោកបាននិយាយថា ទីតាំងកំសាន្តរបស់លោក មិនប្រាស់ចាកច្បាប់ទម្លាប់ប្រទេសនោះឡើយ។ យ៉ាងណាក៏ដោយលោកព្យាយាមឲ្យអ្នកកាសែតបានទៅជួប ដើម្បីបង្ហាញអំពីការពិតថាតើហាងរបស់លោកមានលក់អ្វីខ្លះ?
បើតាមមន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្តកណ្ដាល ១រូបបានខ្សឹបឲ្យដឹងថា អាជ្ញាបណ្ណទេសចរណ៍ប្រកបអាជីវកម្មរង្គសាល និងឌីស្កូតែកផ្សេង , អាជ្ញាបណ្ណទេសចរណ៍ដល់អាជីវកម្មខារ៉ាអូខេផ្សេង និងអាជ្ញាបណ្ណទេសចរណ៍ផ្ទះសំណាក់និងសណ្ឋាគារផ្សេង ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ