ទីក្រុងញូយ៉ក៖ អគ្គិភ័យដ៏ធំមួយកំពុងឆាបឆេះអគារជាច្រើនខ្នងនៃសាកលវិទ្យាល័យមួយកន្លែងនៅរដ្ឋវើជីនៀ (Virginia) ប្រទេសអាមេរិកដែលមន្ត្រីថ្នាក់មូលដ្ឋានចាត់ទុកជាសោកនាដកម្មសម្រាប់តំបន់របស់ខ្លួន។
តាមរយៈវីឌីអូឃ្លីបដែលគេចែកចាយនៅលើបណ្ដាញសង្គមតៗគ្នា គេឃើញថាភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅហ៊ុមព័ទ្ធអគារនៃសាកលវិទ្យាល័យប្រវត្តិសាស្ត្រមួយនេះដែលបានបិទទ្វារលែងដំណើរការតាំងពីឆ្នាំ២០១៤។
អ្នករស់នៅម្ដុំនោះប្រាប់ថាបរិវេណសាកលវិទ្យាល័យនេះឧស្សាហ៍កើតមានភ្លើងឆេះមិនមែនទើបតែពេលនេះទេ។ ករណីឆេះលើកចុងក្រោយកាលពីជាងមួយខែមុននេះតែប៉ុណ្ណោះ។ គ្រាន់តែថាកាលពីពេលកន្លងមក ភ្លើងឆេះល្មមៗ ហើយមានគេពន្លត់ទាន់ពេលវេលា។
ប៉ុន្តែលើកនេះភ្លើងឆេះខ្លាំង និងឆាប់រហ័សជាទីបំផុត។ ដូច្នេះ អ្នកនៅជិតៗនោះមិនអាចជួយអ្វីបានឡើយក្រៅពីការឈរសម្លឹងមើលទាំងអារម្មណ៍ក្ដុកក្ដួលតែប៉ុណ្ណោះ។ អតីតសាកលវិទ្យាល័យវើជីនៀ អ៊ីនធឺម៉ុន ខឡិច (Virginia Intermont College) សាងសង់តាំងពីឆ្នាំ១៨៩១ គិតទៅចូលជាង១៣០ឆ្នាំមកហើយ។
គ្រឹះស្ថានឧត្ដមសិក្សាឯកជននេះបង្កើតឡើងដើម្បីផ្ដល់ឱកាសសម្រាប់ស្ត្រីទទួលបានការសិក្សារៀនសូត្រ។ ប៉ុន្តែក្រោយមក សាកលវិទ្យាល័យមានបញ្ហាប្រឈមនឹងហិរញ្ញវត្ថុ ដូច្នេះក៏បិទដំណើរការទាំងស្រុងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤។ នៅក្នុងការអន្តរាគមន៍ពន្លត់ភ្លើងនេះ សមត្ថកិច្ចមូលដ្ឋាន រួមជាមួយភ្នាក់ងារពន្លត់អគ្គិភ័យបានចូលរួមយ៉ាងសស្រាក់សស្រាំ។
អាជ្ញាធរប្រាប់ថាពួកគេបានជូនដំណឹង និងនិយាយក្រើនរំលឹកជាច្រើនលើកច្រើនសារួមមកហើយទៅម្ចាស់ដីឡូតិ៍១នេះដើម្បីយកចិត្តទុកដាក់ថែទាំទ្រព្យសម្បត្តិរបស់ខ្លួន។ ប៉ុន្តែនិយាយបានត្រឹមតែនិយាយ ព្រោះគ្មាននរណាយកចិត្តទុកដាក់ស្ដាប់ទេ។ ម្ចាស់ដីឡូតិ៍នេះប្រហែលជាមិនរួចខ្លួនឡើយ។
ពួកគេត្រូវតែផ្ដល់ចម្លើយដ៏ប្រាកដប្រជាមួយជូនទៅអាជ្ញាធរ។ ជាពិសេស ពួកគេត្រូវតែឆ្លើយតបនឹងចម្ងល់ដ៏ធំមួយនៅត្រង់ថាហេតុអ្វីបានជាពួកគេមិនព្រមចាត់វិធានការការពារទ្រព្យសម្បត្តិរបស់ខ្លួនឱ្យមានសុវត្ថិភាពល្អ? ហេតុអ្វីបានជាពួកគេគ្មានគំនិតបុរេសកម្ម (proactive) នៅក្នុងការទប់ស្កាត់មិនឱ្យករណីនេះកើតឡើង?
ចែករំលែកព័តមាននេះ