ទីក្រុងវ៉ាស៊ីនតោន៖ អ៊ុយក្រែនតែប៉ុណ្ណេះមានទឹកមាត់លេបទៀតហើយ អាមេរិក និងអឺរ៉ុបខិតខំបំពោរបំពេញទីក្រុងកៀវមួយគាប់ចិត្តតែម្ដង។ បន្ទាប់ពីសហភាពអឺរ៉ុបប្រកាសផ្ដល់ជំនួយយោធាគិតជាទឹកប្រាក់៣០ពាន់លានអឺរ៉ូសម្រាប់ឆ្នាំ២០២៥ ថ្មីៗនេះ រដ្ឋាភិបាលរបស់លោកបៃដិនក៏មានរបស់សម្រាប់កំដរដៃមុននឹងលាចាកពីសេតវិមាននៅខែមករាខាងមុខនេះ។
ប៉ុន្មានថ្ងៃទៀត រដ្ឋបាលរបស់លោកបៃដិននឹងប្រកាសអំពីការផ្ដល់កញ្ចប់ជំនួយថ្មីបំផុតសម្រាប់អ៊ុយក្រែនដោយប្រើប្រាស់មូលនិធិដែលនៅសេសសល់ទាំងប៉ុន្មានប្រមូលយកមកទិញអាវុធថ្មីៗពីរោងចក្រ។ នៅក្នុងចំណោមអាវុធទាំងនោះក៏មានប្រព័ន្ធស្ទាក់ចាប់គ្រាប់មីស៊ីលរបស់បច្ចាមិត្ត និងគ្រាប់កាំភ្លើងធំផងដែរ។ កញ្ចប់ជំនួយនេះគិតជាទឹកប្រាក់១២០០លានដុល្លារ។
គម្រោងផ្ដល់ជំនួយលើកនេះធ្វើឡើង១ខែមុនពេលលោកត្រាំស្បថចូលកាន់តំណែង។ សភាពការណ៍នៅក្នុងសករាជរបស់ត្រាំអាចនឹងប្រែប្រួលឬយ៉ាងណាគ្មាននរណាអាចទស្សន៍ទាយដឹងបានឡើយ។ ប៉ុន្តែគេមានតម្រុយជាបណ្ដើរៗថាលោកត្រាំ បើទុកជាបន្តជួយអ៊ុយក្រែនក៏មិនអាចជួយពេញដៃពេញជើងដែរព្រោះលោកធ្លាប់រិះគន់បញ្ហានេះជាយូរមកហើយ។
គិតទៅ អាមេរិក និងអឺរ៉ុបជួយអ៊ុយក្រែនអស់ច្រើនណាស់ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីជិតបីឆ្នាំមុន។ រហូតមកដល់ពេលនេះ អាមេរិកជួយ១៧៥ពាន់លានដុល្លារ។ ក្នុងនោះ៦១,៤ពាន់លានដុល្លារជួយផ្នែកសន្តិសុខជាតិ។ អ្នកសារព័ត៌មានព្យាយាមសាកសួរក្រសួងការពារជាតិ និងក្រសួងការបរទេស។ ប៉ុន្តែពួកគេសូមមិនធ្វើអត្ថាធិប្បាយមុនការប្រកាសជាផ្លូវការទេ។
នៅឯទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិច សហភាពអឺរ៉ុបកាលពីយប់ថ្ងៃព្រហស្បតិ៍ក៏បានប្រកាសអំពីការផ្ដល់ជំនួយគិតជាទឹកប្រាក់៣០ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែនប្រើប្រាស់នៅក្នុងឆ្នាំ២០២៥។ នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងតស៊ូនៅក្នុងសង្គ្រាម។ ដូចអឺរ៉ុបបញ្ជាក់ជំហររបស់ខ្លួនកាលពីម្សិលមិញអីចឹង ទោះបីលោកត្រាំមានជំហរបែបណាជារឿងរបស់គាត់។
ប៉ុន្តែអឺរ៉ុបសូមប្ដេជ្ញាជួយអ៊ុយក្រែនរហូតដល់ដំណាក់កាលចុងក្រោយ។ អឺរ៉ុបមិនបានអូសទាញលោកត្រាំឱ្យចូលមកខាងក្រុមរបស់ខ្លួន ឬអ៊ុយក្រែនទេ។ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី បានអំពាវនាវឱ្យលោកត្រាំរួបរួមគ្នាជាមួយអឺរ៉ុប និងអ៊ុយក្រែនដើម្បីប្រកាន់គោលជំហររួមតែមួយ។ លោកយល់ថាធ្វើបែបនេះទើបអាចមានទម្ងន់នៅក្នុងការចរចាគ្នា។
ជំនួយរបស់អឺរ៉ុបមិនអន់ជាងអាមេរិកប៉ុន្មានទេ។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រីឡេយឹន (Leyen) ថ្លែងប្រាប់អ្នកសារព័ត៌មានថាចាប់តាំងពីសង្គ្រាមផ្ទុះឡើងរហូតមកដល់ពេលនេះ អឺរ៉ុបបានផ្ដល់ជំនួយសរុបជាទឹកប្រាក់១៣០ពាន់លានអឺរ៉ូ។ គិតទៅ, បើសរុបទាំងអាមេរិក និងអឺរ៉ុបជួយអ៊ុយក្រែនជាង៣០០ពាន់លានដុល្លារ។ ជួយច្រើនប៉ុណ្ណឹងហើយ អ៊ុយក្រែននៅប្រើប្រាស់គ្រាប់កាំភ្លើងដោយសន្សំសំចៃទៀតព្រោះសមរភូមិលាតសន្ធឹងយ៉ាងវែងអន្លាយរហូតដល់ជាង១ពាន់គីឡូម៉ែត្រ។
លោកស្រីឡេយឹនថ្លែងថាអឺរ៉ុបជួយអាវុធច្រើនជាងអាមេរិក។ អឺរ៉ុបមានចំណែកអាវុធ៤៧% ខណៈដែលអាមេរិកមាន៤០%។ កាលពីថ្ងៃទី១៨ ខែធ្នូ លោកស្រីថ្លែងថាលោកពូទីនកំពុងខិតខំខ្លាំងជាងពេលណាៗទាំងអស់ដើម្បីមានប្រៀបនៅក្នុងសង្គ្រាម។ លោកបានប្រមែប្រមូលកងទ័ពកូរ៉េខាងជើងមកជួយច្បាំងនៅតំបន់ខឺស។ លោកថែមទាំងបញ្ចេញគ្រាប់មីស៊ីលទំនើបបំផុតរបស់រុស្ស៊ីម៉ាកអូរេស្នីក (Oreshnik) ដែលលោកពូទីនអះអាងថាគ្មានខែលការពារមីស៊ីលណាអាចទប់ទល់បានឡើយ៕
ចែករំលែកព័តមាននេះ