ខេត្តសៀមរាប ៖ សេចក្តីរាយការបឋមឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឆ្ម.ក់បង្ក្រាបទីតាំងលេងល្បែ.ងស៊ីសងជល់មាន់ខុសច្បាប់មួយកន្លែងរបស់ឈ្មោះ តាម៉ៅ ដែលលួចលាក់បើកសង្វៀងជល់មាន់ជិត១ខែ ដោយឃាត់ខ្លួនអ្នកលេង៣នាក់ និងមាន់៤ក្បាល សម្រេចដុតកម្ទេចទីតាំងនោះចោល ស្ថិតនៅចំណុចវាលស្រែ ស្ថិតក្នុងភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ។
ចំពោះអ្នកដែលឃាត់ខ្លួនបានមាន ៖ ១.ឈ្មោះ ពេស ពឿន ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរទាហ៊ាន ទីលំនៅភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ។ ២.ឈ្មោះ ឃុត សំប៊ុន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ។
៣.ឈ្មោះ នន់ រ៉ា ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរនៅផ្ទះភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។ ចំណែកដកហូតវត្ថុតាង ៖ ម៉ូតូចំនួន៥គ្រឿង មាន់ជល់ចំនួន៤ក្បាល ។
ដោយឡែក អ្នកលេងជល់មាន់ទាំង៣នាក់បានប្រាប់ថា សង្វៀនជល់មាន់មួយកន្លែងនេះ គឺជារបស់ឈ្មោះ តាម៉ៅ លួចលាក់បើកលេងប្រហែលជាង១ខែហើយ ដោយជល់ក្នុង១គូ តាម៉ៅម្ចាស់សង្វៀនយកតុងចំនួន៣ម៉ឺនរៀល អ្នកណាឈ្នះអ្នកណាចាញ់តាម៉ៅអត់ដឹង ដឹងតែយកតុងគ្រប់ចំនួន ខណៈអ្នកលេងកំពុងជល់មាន់នៅសង្វៀនបាន២គូ ក្នុងស្ថានភាពហ៊ោកញ្ជ្រៀវសប្បាយអឺងកង ក៏ត្រូវសមត្ថកិច្ចចុះទៅបង្ក្រាប និងឃាត់ខ្លួនអ្នកលេង៣នាក់ និងមាន់៤ក្បាល ចំណែកតាម៉ៅ ដាក់សាប៊ូគេចខ្លួនបាត់ ។
អ្នកលេង៣នាក់ និងមាន់៤ក្បាល សមត្ថកិច្ចបាននាំទៅបន្តនីតិវិធី រីឯទីតាំងសង្វៀនបញ្ជល់មាន់ដោយខុសច្បាប់របស់ តាម៉ៅ សម្រេចដុតកម្ទេចចោល ៕
ចែករំលែកព័តមាននេះ