រូបភាពវីដេអូមួយត្រូវបានគេបង្ហោះតាមបណ្តាញសង្គមបង្ហាញពីអ្នកចម្រៀងប្រុសមួយរូបក្នុងវង់តន្ត្រីសម័យ បានដួលធ្លាក់ពីលើឆាកទាំងកំរោលដោយសារតែងងឹតមុខ ព្រោះអត់ងងុយខ្លាំង ។
រូបភាពវីដេអូមួយនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ជាពិសេស បណ្តាអ្នកលេងបណ្តាញសង្គម ខណៈពេលដែលមហាជនជាច្រើនបានដាក់ការស្តីបន្ទោសជុំវិញហេតុការណ៍ខាងលើនេះ ទៅលើថៅកែវង់ភ្លេងដែលព្រមទទួលយកការប្រគំពេលព្រឹកហែជំនូន ដែលនាំអោយអ្នកចម្រៀងគេងមិនគ្រប់គ្រាន់ ។
ម្ចាស់គណនេយ្យដែលបានបង្ហោះវីដូខាងលើនេះ ឈ្មោះ សិរីសុខុម ស្រលាញ់សន្តិភាព បានភ្ជាប់ជាមួយនឹងសំណេរបញ្ជាក់ពីហេតុការខាងលើនេះថា ថតបានស្តែងណាស់🙏🙏🙏ពេលណាទើបថៅកែភ្លេង ស្រុះដៃគ្នាឈប់ទទួលប្រគំពេលព្រឹក?(បើយើងអត់ទទួល មានគេទទួល អញ្ចឹងត្រូវតែសម្រេចចិត្តទទួលលេង) កន្លងមក មានថៅកែភ្លេងជាច្រើនវង់ បានផ្ដិតមេដៃមកខ្ញុំ ឱ្យរកវិធីណាដើម្បីស្នើសុំក្រសួងពាក់ព័ន្ធ ជួយធ្វើមេជាប្រធានក្រុម ជាអ្នកសម្របសម្រួល ជួយទប់ស្កាត់ ឱ្យពួកគាត់កុំទទួលទាំងអស់គ្នា(លេងហែជំនូន) ។
គួរបញ្ជាក់ថា ខ្ញុំធ្លាប់ជួបជាក់ស្ដែង ថតតន្ត្រីមួយដែរ ប្រគំនៅខេត្តកំពង់ចាមចប់ម៉ោង១១ ទម្រាំរៀបចំទុកដាក់ឡើងលើឡានរួចរាល់ ម៉ោង២ទៅ៣តាមឆាកធំ ឬតូច ក៏បន្តដំណើរមកទាំងយប់អធ្រាត្រ ដើម្បីមកប្រគំឲ្យទាន់កម្មវិធីហែកំណត់ក្នុងពិធីមង្គលការមួយនៅខេត្តស្វាយរៀង ម្តុំជីភូ ម៉ោង5 និង30ភ្លឺល្មម ខ្ញុំនឹងបងប្អូនដើររកកន្លែងចងអង្រឹងគេង រួចក៏ដល់ម៉ោងលោកអាចារ្យប្រកាសមេក្រូរៀបចំហែកំណត់ ឯអ្នកចម្រៀងវិញ ក្រោកឡើងទាំងដែលធ្មេញមិនបានដុះផង ក៏ប្រញាប់ឡើងច្រៀង ចម្រៀង២ ទៅ៣បទ ជូនលោកមេបា 🙏🙏🙏 ឯខ្ញុំវិញគេង ទោះបីជាគេដាស់ឲ្យហូបបាយបបរឆ្ងាញ់ក៏ខ្ញុំមិនខ្ចីក្រោកដែរ ព្រោះម៉ោងគេង ( មុខរបរដូចយើងនេះគេដេកយើងដើររកស៊ី គេចេញរកស៊ីយើងដេក ប៉ុន្តែពេលខ្លះយើងអត់បានដេកផងរឿងអីមិនខ្យល់ ) ។
លោកបន្តថា ជាទូទៅ តន្ត្រីសម័យប្រគំចាប់ពីម៉ោង 5ល្ងាច រហូតដល់ម៉ោង 11:00 យប់ សម្រាករហូតដល់ម៉ោង3:00រសៀល ទើបយើងរៀបចំខ្លួនសម្ដែងទៀត ( សម្រាកបានច្រើនម៉ោងណាស់) ចំពោះខេត្តផ្សេងៗ ដែលអត់មានទទួលហែជំនួន🙏។
សូមបញ្ជាក់ប្អូនប្រុសខេវិន អ្នកចម្រៀងនេះ គាត់មិនមានបញ្ហាអ្វីទេ ជូនពរឲ្យប្អូនឆាប់ជាសះស្បើយឡើងវិញ ។ ជាការកត់សម្គាល់ ពាក់ព័ន្ធការជួលតន្ត្រីសម័យឲ្យលេងកំដភ្ញៀវពេលព្រឹកហែជំនូននេះដែរ កន្លងមកតារាពហុជំនាញអ្នកនាង ខាត់ សុឃីម ធ្លាប់បានធ្វើការអំពាវនាវស្នើឲ្យលុបបំបាត់ទម្លាប់របស់ម្ចាស់ដើមការមួយចំនួនដែលយកភ្លេងសម័យមកលេងទទួលភ្ញៀវ សម្រាប់ទទួលអាហារពេលព្រឹក ក្នុងពេលដែលអ្នកនាងចាត់ទុកការធ្វើបែបនេះជារឿងអត់ប្រយោជន៍ និងខុសឆ្គងថែមទៀតផង ។
អ្នកនាងបានលើកឡើងជាហេតុផលមួយចំនួនថា សកម្មភាពនោះ វានាំអោយមានគ្រោះថ្នាក់ដល់អ្នកភ្លេង ( ព្រោះបើកឡានទាំងងងុយ ដើម្បីរៀបចំអោយលេងទាន់ ទទួលបបរព្រឹក) ។ អ្នកនាងបន្តថា ការលេងទទួលព្រឹកយ៉ាងច្រើន៥បទ សំលេងរំខានការរៀបចំកម្មពិធីមង្គលការរបស់លោកអាចារ្យ និយាយស្តាប់គ្នាមិនបាន មិនអោយតម្លៃ អ្នកភ្លេងបុរាណ ខុសទំនៀមទំលាប់ប្រពៃណី ។
សម្រាប់ករណីខាងលើនេះ មិនមែនជាលើកទីមួយទេ ដែលតារាចម្រៀងអ្នកនាង ខាត់ សុឃីម បានអំពាវនាវឲ្យបញ្ឈប់នូវទម្លាប់មួយនេះ ពោលកន្លងមក អ្នកនាងក៏បានធ្វើការអំពាវនាវដូចគ្នាដោយបានស្នើដល់ថៅកែវង់តន្ត្រីសម័យនានា សុំបញ្ឈប់ការទទួលលេងពេលព្រឹកនៅក្នុងពិធីការ ដើម្បីចៀសវាងការជួបបញ្ហា និងហានិភ័យនានា ៕
ចែករំលែកព័តមាននេះ