ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគហ៊ុនក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង​ចលា​ច.ល ក្រោយឧបទ្ទវហេ.តុផ្ទុះយន្តហោះ Jeju Air

3 ថ្ងៃ មុន

ប្រទេសកូរ៉េខាងត្បូង ៖ ភាគហ៊ុនក្រុមហ៊ុនអាកាសចរណ៍ Jeju Air របស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះដល់កម្រិតទាបបំផុតជាកំណត់ត្រា នៅថ្ងៃទី៣០ ខែធ្នូ បន្ទាប់ពីកើតមានឧបទ្ទវហេតុផ្ទុះយន្តហោះមួយគ្រឿង…

ប្រទេសកូរ៉េខាងត្បូង ៖ ភាគហ៊ុនក្រុមហ៊ុនអាកាសចរណ៍ Jeju Air របស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះដល់កម្រិតទាបបំផុតជាកំណត់ត្រា នៅថ្ងៃទី៣០ ខែធ្នូ បន្ទាប់ពីកើតមានឧបទ្ទវហេតុផ្ទុះយន្តហោះមួយគ្រឿង Jeju Air Boeing 737-800 ដ៏រន្ធត់បំផុតរបស់ប្រទេសនេះ ដោយសារជួបបញ្ហាពេលចុះចត កាលពីថ្ងៃទី២៩ ខែធ្នូ កន្លងទៅ ដែលឆក់យកជីវិតមនុស្ស ១៧៩នាក់ ខណៈមាន​តែ២​នាក់ប៉ុណ្ណោះ រួចផុតពីសេចក្តីស្លាប់ ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters។

យន្តហោះ Boeing 737-800 របស់ក្រុមហ៊ុន Jeju Air ត្រូវបានរាយការណ៍ថា ជួបបញ្ហាពេលចុះចត ដោយប្រព័ន្ធកង់មិនដំណើរការធ្វើឱ្យការចុះចត ត្រូវប្រើបាតនៃតួយន្តហោះទាំងមូល ដូច្នេះយន្តហោះត្រូវអូសហួសផ្លូវចុះចតទៅបុករបងអាកាសយានដ្ឋាន បណ្ដាលឱ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។

ក្រឡេកទៅភាគហ៊ុនក្រុមហ៊ុន Jeju Air បានធ្លាក់ចុះ ៨.៤% ជាការធ្លាក់ចុះកម្រិតទាបបំផុតចាប់តាំងពីពួកគេបានចុះបញ្ជីក្នុង ២០១៥ ។ ភាគហ៊ុនក្រុមហ៊ុន AK Holdings ដែលជាក្រុមហ៊ុនកាន់កាប់លើក្រុមហ៊ុន Jeju Air ក៏បានធ្លាក់ចុះដល់ទៅ ១២% ដែលជាការធ្លាក់ចុះកម្រិតទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ។

ឧបទ្ទវហេតុដ៏រន្ធត់ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន នៅអាកាសយានដ្ឋានអន្តរជាតិ Muan គឺជាជើងហោះហើរជួបគ្រោះថ្នាក់ដ៏អាក្រក់បំផុតលើកដំបូងសម្រាប់ Jeju Air ដែលជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ហើយក៏ជាក្រុមហ៊ុនអាកាសចរណ៍ធំជាងទី៣របស់កូរ៉េខាងត្បូង ដោយគិតអំពីចំនួនអ្នកដំណើរ។

ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok នៅថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាឱ្យត្រួតពិនិត្យសុវត្ថិភាពជាបន្ទាន់ នៃប្រព័ន្ធប្រតិបត្តិការអាកាសចរណ៍ទាំងមូលរបស់ប្រទេសកូរ៉េខាងត្បូង នៅពេលការងារសង្គ្រោះយន្តហោះ Jeju Air ត្រូវបានបញ្ចប់។

នៅក្នុងចំណោមភាគហ៊ុនក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបផ្សេងទៀត ដូចជា Air Busan បានកើនឡើងច្រើនជាង ១៥% ។ ចំណែក Jin Air និង T’way Air បានធ្លាក់ចុះវិញ បន្ទាប់ពីកើនឡើង ៥.៤% និង ៧.៣% រៀងគ្នា។ ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួនពីររបស់កូរ៉េខាងត្បូង គឺក្រុមហ៊ុន Korean Air Lines បានធ្លាក់ចុះ ១.៣% និង Asiana Airlines ក៏បានធ្លាក់ចុះ ០.៨% ផងដែរ។ ភាគហ៊ុនទីភ្នាក់ងារទេសចរណ៍ក៏បានធ្លាក់ចុះផងដែរ ដោយតែសេវាកម្មក្រុមហ៊ុន Hanatour បានធ្លាក់ចុះ ៧% និង Very Good Tour ក៏បានធ្លាក់ចុះដល់ទៅ ១១% ផងដែរ។

ការស៊ើបអង្កេតលើមូលហេតុបណ្តាលឱ្យកើតមានឧបទ្ទវហេតុដ៏រន្ធត់នេះ កំពុងតែដំណើរការ ដោយមានអ្នកជំនាញ និងមន្ត្រីចង្អុលបង្ហាញពីកត្តាអាចកើតមានមួយចំនួន។ ក្រុមគ្រួសារជនរងគ្រោះបានប្រមូលផ្តុំគ្នា នៅក្នុងសាលនៃព្រលានយន្តហោះ ជាមួយសម្រែកទ្រហោយំ ដោយរង់ចាំការកំណត់អត្តសញ្ញាណសាកសព ខណៈដែលអ្នកខ្លះត្រូវបានកំណត់អត្តសញ្ញាណដោយស្នាមមេដៃប៉ុណ្ណោះ៕ ដកស្រង់ ៖ Reuters និង BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ