រាជធានីភ្នំពេញ ៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍សាទរកម្ពុជាបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍សាទរកម្ពុជា និងចាប់ផ្ដើម ចាប់ពីម៉ោង៣ រសៀល ថ្ងៃទី៣១ ធ្នូ រហូតដល់ពេលឆ្លងឆ្នាំ ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ឆ្នាំ២០២៤ (Celebrating Cambodia) របស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា គណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកិត្តិយស សូមជម្រាបជូនសាធារណជន និងបណ្តាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ មេត្តាជ្រាបថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» នឹងប្រារព្ធឡើងចាប់ពីម៉ោង៣:០០នាទីរសៀល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយបន្តរហូតដល់វេលាឆ្លងឆ្នាំសកល២០២៥ ។
ប្រភពបន្តថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយ ដែលប្រកបដោយភាពរស់រវើកជាមួយនឹងការបង្ហាញវិសេសភាពនៃ«អត្តសញ្ញាណ» ដោយសមានចិត្តសោមនស្សចំពោះអ្វីៗដែលឆ្លងកាត់ និងជ័យជម្នះ និងការលើកតម្កើង «មោទនភាព» ក្នុងភាពជាប្រជាជាតិមួយ ។
ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាការអបអរសាទរនូវគុណតម្លៃរួមគ្នា ដើម្បីបង្ហាញ «មោទនភាពចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាជាមួយការរក្សាបាននូវ«អត្តសញ្ញាណ» នៃប្រជាជាតិ និងប្រជាជន និង«ការអបអរសាទរ» ដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ ។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺផ្តល់ជាវេទិកា និងឱកាសដល់គ្រប់កោសិកាសង្គម គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋានបង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួនក្រោម«ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួម ។
អាស្រ័យដូចបានជម្រាបជូនខាងលើ គណៈកម្មការរៀបចំ សូមគោរពជូន អស់លោក លោកស្រី អ្នកនាង កញ្ញា ជាអ្នកសារព័ត៌មានប្រព័ន្ធផ្សព្វផ្សាយទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមផ្សព្វផ្សាយទៅកាន់សាធារណៈ ជនឱ្យបានទូលំទូលាយ ដើម្បីចូលរួមព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» អបអរសាទរឱ្យបានច្រើនកុះករ៕
ចែករំលែកព័តមាននេះ