ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ក្រុង​ពោធិ៍សាត់ ឃាត់ខ្លួន​០៤​នាក់ ជា​មុខសញ្ញា​រក្សា​ទុក ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន

18 ម៉ោង មុន

ខេត្តពោធិ៍សាត់ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្ទះ​ព្រៃ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក កែវ សា​រិ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ចុះ​ល្បាត​ត្រួតពិនិត្យ​តាម​គោលដៅ​សំខាន់​ៗ…

ខេត្តពោធិ៍សាត់ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្ទះ​ព្រៃ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក កែវ សា​រិ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ចុះ​ល្បាត​ត្រួតពិនិត្យ​តាម​គោលដៅ​សំខាន់​ៗ ក្នុង​មូលដ្ឋាន​ក្រុង​ពោធិ៍សាត់ ដោយ​បានឃើញ​ជន​គួរ​អោយ​សង្ស័យ​ម្នាក់​កំពុង​ជិះ​ម៉ូតូ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន ដើម្បី​សួរនាំ និង​ឆែកឆេរ ។ ជា​លទ្ធផល​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ និង​ចាប់​យក​សម្ភារៈ​វត្ថុ​តាង​មួយ​ចំនួន និង​បន្ដ​កិច្ច​ការងារ​រដ្ឋបាល​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ ០៣​នាក់​ផ្សេង​ទៀត ។

លោក​វរសេនីយ៍ឯក កែវ សា​រិ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​និង​៥៥​នាទី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្ទះ​ព្រៃ ធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ក៏​បានឃើញ​ជន​គួរ​អោយ​សង្ស័យ​ម្នាក់ កំពុង​ជិះ​លើ​ម៉ូតូ​នៅ​ចំណុច​ផ្លូវ​កៅស៊ូ មុខ​ហាង​សុភមង្គល ស្ថិត​នៅ​ភូមិ​ក្បាលហុង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ភ្លាម​នោះ​កម្លាំង​យើង​បាន​ឃាត់ខ្លួន ដើម្បី​សួរនាំ និង​ឆែកឆេរ ហើយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ យស់ វង្ស​រតនា (​ហៅ ជ្រុ​យ​) ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ពោធិ៍​ដំណាក់ ឃុំ​វាល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ (​លទ្ធផល​តេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹកនោម​វិជ្ជមាន​+) ។

វត្ថុ​តាង​ចាប់​យក​បាន រួម​មាន ៖ ម្សៅ​ក្រាម​ពណ៌ ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០១​កញ្ចប់ (​សាច់​ថ្នាំ​សុទ្ធ ០.៥២ ក្រាម​), ទូរ​សព្ទ​ចំនួន ០១​គ្រឿង ម៉ាក Vivo ពណ៌​ខៀវ និង​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន ។

លោក​វរសេនីយ៍ឯក កែវ សា​រិ បន្ត​ថា បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ស្រង់​ចម្លើយ​របស់​ឈ្មោះ យស់ វង្ស​រតនា ដោយសារ​ភាព​ថា ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន ពី​ឈ្មោះ ចាប វុ​ទ្ធី ។

លោក​អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​បន្ត​ទៀត​ថា ក្រោយមក​នៅ​វេលា​ម៉ោង​១៦​និង​០០​នាទី សមត្ថកិច្ច​យើង​បានអោយ​ឈ្មោះ យស់ វង្ស​រតនា យក​ទូរ​សព្ទ​ខ​ល​ទៅ​ទិញ​ថ្នាំ​ញៀន​ពី ឈ្មោះ ចាប វុ​ទ្ធី ចំនួន ១,១០០,០០០​រៀល (​មួយ​លាន ដប់​ម៉ឺន​រៀល​) ដោយ​ឈ្មោះ វុ​ទ្ធី អោយទៅ​ចាំ​យក​ថ្នាំ​នៅ​ក្រោម​ស្ពាន​អាកាស ស្ថិត​នៅ​ភូមិ​ពោធិ៍​ដំណាក់ ឃុំ​វាល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ។ ជា​លទ្ធផល ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០២​នាក់​ទៀត រួម​មាន ៖

២.​ឈ្មោះ ចាប វុ​ទ្ធី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ផ្ទះ​ព្រៃ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ (​លទ្ធផល​តេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹកនោម​វិជ្ជមាន​+) ។
៣.​ឈ្មោះ ជា សុ​ភ័ក្ដ្រ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅ​ភូមិ​ប្រឡាយ​ធំ ឃុំ​វាល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ (​លទ្ធផល​តេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹកនោម​វិជ្ជមាន​+) ។ ការ​ឆែកឆេរ​ភ្លាម​ៗ លើ​ខ្លួន​មាន​ដូច​ជា ៖ ម៉ូតូ​ចំនួន ០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​(​មិន​ចាំ​ឆ្នាំ​), ទូរ​សព្ទ​ចំនួន ០២​គ្រឿង​(១.​ម៉ាក Redmi ពណ៌​ស ចំនួន ០១​គ្រឿង​, ២.​ម៉ាក Nokia ចុច​ពិល​ចំនួន ០១​គ្រឿង​) ។

អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​បន្ថែម​ថា បន្ទាប់​មក​សមត្ថកិច្ច បាន​បន្ដ​ទៅ​ឆែកឆេរ​បន្ទប់​ជួល​របស់​ឈ្មោះ ចាប វុ​ទ្ធី ដែល​ស្ថិត​នៅ​ភូមិ​បាក់រ​ទះ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ និង​ជនសង្ស័យ ទី​៤ ដែល​កំពុង​នៅ​បន្ទប់​ជួល​នោះ ឈ្មោះ កែវ ដែន ភេទ​ស្រី អាយុ ២៨​ឆ្នាំ មុខរបរ ធ្វើការ​រត់​តុ (​លទ្ធផល​តេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹកនោម​វិជ្ជមាន​+) ។ វត្ថុ​តាង​ឆែកឆេរ ចាប់​យក​បាន​រួម​មាន ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០១​កញ្ចប់​(​សាច់​ថ្នាំ​សុទ្ធ ០.៤២​ក្រាម​), ដែកកេះ​កែ​ឆ្នៃ​សម្រាប់​ជក់​ថ្នាំ​ញៀន​ចំនួន ០២​ដើម និង ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​ចំនួន ០១​កំ​ផ្លេ​រ ។

អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ បានអោយ​ដឹង​ទៀត​ថា សមត្ថកិច្ច​យើង​ក៏​បន្ត​ទៅ​ធ្វើការ​ឆែកឆេរ​នៅផ្ទះ​របស់ ឈ្មោះ ចាប វុ​ទ្ធី ផ្ទាល់​បន្ដ​ទៀត ដែល​ស្ថិត​នៅ​ភូមិ​ផ្ទះ​ព្រៃ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ រក​ឃើញ​វត្ថុ​តាង​ដូច​ជា ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០១​កញ្ចប់ (​សាច់​ថ្នាំ​សុទ្ធ ២.០៩​ក្រាម​), ដែកកេះ​កែ​ឆ្នៃ​សម្រាប់​ជក់​ថ្នាំ​ញៀន​ចំនួន ០១​ដើម​, ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​ចំនួន ០១​កំ​ផ្លេ​រ និង​ថង់​ច្រក​សម្រាប់​គ្រឿងញៀន​មួយ​ចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៤​នាក់ រួម​ជាមួយ​វត្ថុ​តាង សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ