ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ដើម្បី​កុំអោយ​ធ្លាក់ខ្លួន នៅ​ក្នុង​ស្ថានភាព​បំណុល​វណ្ឌ​ក​អ្នក​ដែល​មាន​បញ្ហា​លុយ សូម​ប្រញាប់​ទៅ​ប្រឹក្សា​រក ដំណោះស្រាយ​ជាមួយនឹង​ស្ថាប័ន​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ផ្លូវការ​កុំទៅ​រក​សេវា​ក្រៅផ្លូវការ ដែល កំពុង​តែ​ខិតខំ​អន្ទង​យើង​ទាំងអស់​គ្នា​តាម​គ្រប់​វិធី ។ ដើម្បី​ជួយ​សម្រាល​បន្ទុក​បញ្ហា​ហិរញ្ញវត្ថុ របស់​អតិថិជន​នៅ​ពេល​នេះ…

ដើម្បី​កុំអោយ​ធ្លាក់ខ្លួន នៅ​ក្នុង​ស្ថានភាព​បំណុល​វណ្ឌ​ក​អ្នក​ដែល​មាន​បញ្ហា​លុយ សូម​ប្រញាប់​ទៅ​ប្រឹក្សា​រក ដំណោះស្រាយ​ជាមួយនឹង​ស្ថាប័ន​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ផ្លូវការ​កុំទៅ​រក​សេវា​ក្រៅផ្លូវការ ដែល កំពុង​តែ​ខិតខំ​អន្ទង​យើង​ទាំងអស់​គ្នា​តាម​គ្រប់​វិធី ។

ដើម្បី​ជួយ​សម្រាល​បន្ទុក​បញ្ហា​ហិរញ្ញវត្ថុ របស់​អតិថិជន​នៅ​ពេល​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​កំពុង​តែ​ជំរុញ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ឲ្យ​ពិនិត្យ​មើល​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​នេះ​ធ្វើ​យ៉ាងណា​ផ្ដល់​អត្ថប្រយោជន៍​ក៏​ដូច​ជា សម្រាល​ការ​លំបាក​ក្នុង​ជីវភាព​ការ​រស់នៅ​របស់​ពលរដ្ឋ​នៅ​ក្នុង​គ្រា​លំបាក និង​រួមចំណែក​ជួយ​ដល់​សេដ្ឋកិច្ចជាតិ ។

លោកស្រី ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​អះអាង​នៅ​ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃ​ទី ០៨ ខែតុលា​ថា ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ត្រូវ​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា​ដោយ​ផ្ដល់​លទ្ធភាព​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ជួយ​អតិថិជន​ក្នុង​ការ​បង់ប្រាក់​មានការ​ធូរស្រាល​ជាង​មុន​មាន​ន័យ​ថា ពី​មុន​អតិថិជន​មាន​កាតព្វកិច្ច​បង់ប្រាក់​ប៉ុណ្ណេះ​ក្នុង​មួយ​ខែ​នៅ​ពេល​ដែល​អតិថិជន​ជួប​វិបត្តិ​ធ្លាក់​ចំណូល​នោះ​អតិថិជន​អាច​ធ្វើការ​ស្នើ​ឲ្យ​រៀបចំ​ឥណទាន​ឡើង​វិញ ដូច្នេះ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ គឺ​នឹង​សម្រួល​ជួយ​អតិថិជន​ដោយ​អនុញ្ញាត​ឲ្យ​បង់​ទៅ​តាម​លទ្ធភាព​របស់​អតិថិជន​មាន​តាម​ការ​ពិភាក្សា ។

តាម​ការ​ពន្យល់​បកស្រាយ​របស់​លោកស្រី ធនាគារជាតិ​នៃ​កម្ពុជា ដែល​ជា​អាណាព្យាបាល​នៃ​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ នៅ​ក្នុង​ប្រទេស​ក៏​បាន​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ធ្វើ​យ៉ាងណា​សម្រួល​ឲ្យ​អតិថិជន​បង់​សង​ត្រឡប់​មក​ត្រឹម​ចន្លោះ​ណាមួយ​ដែល​អាច​ជួយ​បាន​ទាំង​ជីវភាព​ប្រចាំ​ថ្ងៃ និង​ការ​បំពេញ​កាតព្វកិច្ច​បាន​ល្អ​ក៏​បាន​ផង​ដែរ ។

លោកស្រី​បាន​បន្ត​ថា ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ក្នុង​គោលបំណង​ជួយ​សម្រាល​បន្ទុក​ចំណាយ​ប្រចាំ​គ្រា​របស់​ពលរដ្ឋ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​សង​ត្រឡប់​ឥណទាន និង​ជំរុញ​កំណើនសេដ្ឋកិច្ច តាម​រយៈ​ការ​បង្កើន​លំហូរ​សាច់ប្រាក់​ចំណែក​ការ​អនុវត្ត​កិច្ច​ការងារ​នេះ​នឹង​អនុវត្ត​ចាប់ពី​ត្រីមាស​ទី​៤ ឆ្នាំ​២០២៤​តទៅ ។

នេះ គឺជា​ចំណាត់ការ​មួយ​ខណៈ​ដែល​នៅ​ពេល​នេះ ក្រុម​អ្នក​រកស៊ី​ក្រៅ​ប្រព័ន្ធ​ឯណោះ​បាន​កំពុង​តែ​ខិតខំ អន្ទង​ពលរដ្ឋ​កាន់តែ​ខ្លាំងក្លា​ដោយ​ប្រកាស​ផ្តល់​ឥណទាន​កាន់តែ​ងាយស្រួល ដោយ​សម្រួល​តាំងពី​តាម​ទូរស័ព្ទ​រហូត​ដល់​បណ្តាញ​សង្គម​មាន​ហ្វេ​ស​បុក តេ​ឡេ​ក្រាម តិក​តក់​ក៏​មាន​ដែរ ប៉ុន្តែ​នៅ​ពេល​ដែល​ពលរដ្ឋ ជ្រុលខ្លួន​នោះ​ពួក​គេ​នឹង​អាច​វណ្ឌ​ក ដោយសារ​តែ​ពួក​គេ​មានការ​ប្រាក់​ខ្ពស់ ហើយ​លក្ខខណ្ឌ​ទៀត​សោត គឺ​មិន​ច្បាស់លាស់ ។

នៅ​ក្នុង​ស្ថានភាព​បែប​នេះ លោកស្រី ជា សិរី បាន​ព្រមាន​ដល់​ពលរដ្ឋ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​សេវា​ប្រាក់​កម្ចី​ខុសច្បាប់​ដោយ​សង្កត់ធ្ងន់​លើ​សក្តានុពល​នៃ​ការ​បាត់បង់​ហិរញ្ញវត្ថុ និង​ហានិភ័យ​ផ្សេង​ៗ ។ លោកស្រី បាន​លើក​ឡើង​ពី​គ្រោះថ្នាក់​ដែល​ទាក់ទង​នឹង​ការ​ខ្ចីប្រាក់​ពី​អ្នក​ឱ្យ​ខ្ចី​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ដោយ​កត់​សម្គាល់ថា ការ​អនុវត្ត​បែប​នេះ​ជា​រឿយ​ៗ​ពាក់ព័ន្ធ​នឹង​អត្រា​ការ​ប្រាក់​ហួសហេតុ និង​លក្ខខណ្ឌ​បោកប្រាស់​ជា​ច្រើន​ដែល​មាន​ចរិត​លាក់កំបាំង ។

លោកស្រី​បាន​និយាយ​ថា កត្តា​ទាំងនេះ​អាច​នាំ​ឱ្យ​មាន​វដ្ត​នៃ​បំណុល​ដែល​ពិបាក​ក្នុង​ការ​គេច​ចេញ​ដែល​បណ្តាល​ឱ្យ​មានការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាងច្រើន សម្រាប់​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ហិរញ្ញវត្ថុ ។ លោកស្រី​បាន​និយាយ​ថា ធនាគារជាតិ​នៃ​កម្ពុជា​បាន​ផ្តល់​អនុសាសន៍​ថា បុគ្គល​ម្នាក់​ៗ​ខ្ចី​តែ​ពី​ស្ថាប័នហិរញ្ញវត្ថុ​ដែល​មាន​អាជ្ញាប័ណ្ណ និង​គ្រប់គ្រង​ត្រឹមត្រូវ​តែ​ប៉ុណ្ណោះ ។

កន្លង​មក កម្ចី​ដែល​អនុវត្ត​ដោយ​ប្រតិបត្តិ​ករ​ឥណទាន ឬ​សេវាកម្ម​កម្ចី​ងាយ​ៗ ក្រៅ​ប្រព័ន្ធ​ទាំងនេះ​ដំបូង ច្រើន​លួង​ពលរដ្ឋ ពោល គឺ​ធ្វើ​ដូច​ជា ពួក​គេ​ដឹង​អំពី​ទុក​លំបាក​របស់​ពលរដ្ឋ​នៅ​ពេល​ជួប​បញ្ហា​ខ្វះ​លុយ​សម្រួល​ជីវភាព ប៉ុន្តែ​នៅ​ពេល​ដែល​ធ្លាក់​នៅ​ក្នុង​អន្ទាក់​ពួក គេ គឺ​ពលរដ្ឋ​ពិតជា​ពិបាក ដោយ​ក្រៅពី​ពិបាកចិត្ត និង​បំណុល​សង​មិន​ចេះ​អស់ហើយ​នោះ គឺ​នៅ​អាច​រង​ហានិភ័យ​នៃ​ការ​គំ​រា​.​ម​កំហែង​សន្តិសុខ​ក៏​ដូច​ជា​បញ្ហា​កិត្តិយស និង​ការ​ដាក់​សំពាធ​ផ្លូវ​ចិត្តជា​ច្រើន​ទៀត​ផង​ដែរ ។

មក​ដល់​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៤ ទំហំ​ឥណទាន​មិន​ដំណើរការ​នៅ​ធនាគារ គឺ​មាន​អត្រា​ប្រមាណ​ជា ៦,៨​ភាគរយ ហើយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​អត្រា​៨,៣ ភាគរយ ដែល​ជា​អត្រា​ខ្ពស់​បំផុត​មិន​ធ្លាប់​មាននៅ​កម្ពុជា​ទោះបីជា​អ្នកជំនាញ​ថា វា​នៅ​ក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន​ក៏​ដោយ​ចុះ ។ ផ្អែក​តាម​ស្ថានភាព​នេះ ពលរដ្ឋ​ដែល​មាន​បំណុល​ជាមួយនឹង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ចំនួន ដោយសារ​តែ​ខ្មាស់​គេ ខ្លាច​គេ​រឹបអូស​ទ្រព្យ​បញ្ចាំ គឺ​បាន​ប្រើប្រាស់​មធ្យោបាយ​ទៅ​យក​បំណុល​ពី​ស្ថាប័ន​ផ្សេង​មក​ទូទាត់ បំណុល​ចាស់ ហើយ នៅ​ពេល​ដែល​ពិបាក គឺរ​ត់ទៅ​កម្ចី​ក្រៅ​ប្រព័ន្ធ ជា​ពិសេស គឺ​ក្រុម​ផ្តល់​សេវាកម្ម​កម្ចី​អន​ឡាញ ដែល​នាំ​ឲ្យ​រិ​ត​តែ​គ្រោះថ្នាក់​ថែម​ទៀត ពោល​គឺ​នៅ​ក្នុង​ដំណាក់កាល​បំណុល​ជាន់ក​បំណុល ។

សូម​គិតគូរ​ឡើង​វិញ ហើយ​នៅ​ពេល​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​ប្រកាស​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ អាច​រៀបចំ​ឥណទាន​ឡើង​វិញ​បែប​នេះ​អ្នក​ដែល​មាន​បញ្ហា សូម​បើក​ចិត្ត​អោយ​ទូលាយ កុំ​ខ្មាស កុំ​ខ្លាច មក​ពិភាក្សា​ដោយ​ត្រង់​ៗ​ជាមួយនឹង​គ្រឹះស្ថាន​ផ្លូវការ ដោយ​យើង​អាច​ទទួល​ការ​អនុគ្រោះ​តាម​ការ​ពិនិត្យ​ជាក់ស្តែង​របស់​គ្រឹះស្ថាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ