ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ថៃ ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំង

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី ប្រមុខ​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ថៃ បាន​ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំងក្លា​ទៀត ។ នា​ល្ងាច​ថ្ងៃ​ទី​៩…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី ប្រមុខ​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ថៃ បាន​ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំងក្លា​ទៀត ។

នា​ល្ងាច​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ លោក​ជំទាវ ផេ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត់​ត្រា នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ ក្នុង​ឱកាស នៃ​ការ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៤ និង ៤៥ និង​កិច្ចប្រជុំ កំពូល​ពាក់ព័ន្ធ ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី ១១ ខែតុលា ឆ្នាំ​២០២៤ នៅ​រដ្ឋធានី​វៀងចន្ទន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។

ក្នុង​ឱកាស នៃ​ជំនួប​លោក​ជំទាវ នាយក​រដ្ឋមន្ត្រី​ថៃ បាន​ថ្លែងអំណរគុណ សម្ដេច​បវរ​ធិ​បតី ដែល​បាន​ផ្ញើ​សារ​អបអរសាទរ​លោក​ជំទាវ មុនគេ​បង្អស់​នៅ​ពេល ដែល​លោក​ជំទាវ ត្រូវ​បាន​ជ្រើសតាំង​ជា​នាយក​រដ្ឋមន្ត្រី ។

លោក​ជំទាវ នាយក​រដ្ឋមន្ត្រី បាន​កត់សម្គាល់​ដោយ​ក្តី​រីករាយ នូវ​ភាព​រីក​ចម្រើន​ថែម​ទៀត នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​បវរ​ធិ​បតី​នៅ​ប្រទេស​ថៃ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៤ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព នៃ​ទំនាក់ទំនង​កម្ពុជា​-​ថៃ ដែល​ត្រូវ​បាន​ដំឡើង​ដល់​កម្រិត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ក្នុង​ឆ្នាំ​២០២៤​នេះ ។

សម្តេច​បវរ​ធិ​បតី និង​លោក​ជំទាវ​នាយក​រដ្ឋមន្ត្រី បាន​ពិភាក្សា​អំពី​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រួម​មាន ៖ ការ​ចាប់ផ្ដើម​ឡើង​វិញ នូវ​កិច្ចប្រជុំ​យន្តការ​ទ្វេភាគី​មួយ​ចំនួន ការ​សិក្សា​អំពី​លទ្ធភាព នៃ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក កា​រត​ភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន វិស័យ​ទេសចរណ៍ វិស័យ​ការពារ​ជាតិ និង​សន្តិសុខ ជាដើម ។

លើស​ពី​នេះ​ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​ឯកភាព​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំងក្លា និង​ប្រគល់​ជូន​ក្រសួងការបរទេស នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​សម្របសម្រួល​កិច្ច​ពិភាក្សា​បន្ត​ពាក់ព័ន្ធ​នឹង​ប្រធានបទ​ខាងលើ ព្រមទាំង​រៀបចំ​ឱ្យ​មាន​សកម្មភាព​មួយ​ចំនួន ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៧៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ នា​ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ