រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានផ្តល់តម្លៃខ្ពស់ចំពោះអ្នកសារព័ត៌មាន ដែលប្រកាន់ភ្ជាប់បាន នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដោយផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់ ឥតលម្អៀង និងគ្រប់ជ្រុងជ្រោយ ដើម្បីសាធារណជន និងថ្នាក់ដឹកនាំបានឈ្វេងយល់ជ្រួតជ្រាប និងដោះស្រាយទាន់ពេលវេលា ។
អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានផ្ញើសារជូនអ្នកសារព័ត៌មានឱ្យឈ្វេងយល់អំពី ទិដ្ឋភាព រដ្ឋធម្មនុញ្ញ កតិកាសញ្ញាអន្តរជាតិ ច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈ ដើម្បីចៀសផុតពីការប្រឈមមុខចំពោះច្បាប់ជាធរមាន ដែលជាបន្ទាត់ក្រហម ។
យោងតាមវីដេអូជាង៣០នាទី នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោក ទូច សុឃៈ បានពន្យល់ផ្អែកលើទិដ្ឋភាពច្បាប់ យោងតាម មាត្រា១៩ នៃសេចក្តីថ្លែងការណ៍ជាសកលស្តីពី សិទ្ធិមនុស្ស មាត្រា១៩ និងមាត្រា២០ នៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងមាត្រា៤១ រដ្ឋធម្មនុញ្ញ ។
មុនពេលបញ្ចេញមតិ ឬផ្សព្វផ្សាយព័ត៌មានជ្រុងណាមួយ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកទឹកចិត្តឱ្យសាធារណជន និងអ្នកសារព័ត៌មាន ឈ្វេង យល់អំពី ការបរិហាកេរ្តិ៍ជា សាធារណៈ ជេរប្រមាថ ជាសាធារណៈ ជេរប្រមាថ តាមសារព័ត៌មាន បទក្លែងព័ត៌មានបំភ្លៃព័ត៌មាន បទញុះញង់ឱ្យប្រជាពលរដ្ឋប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ បទគំរាមកំហែងថា នឹងសម្លា.ប់ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ បទធ្វើឱ្យខូចទឹកចិត្តកងទ័ព បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បទញុះញង់ឱ្យមានការរើសអើង បទប្រមាថ បទដែលធ្វើឱ្យអស់ជំនឿ លើសេចក្តី សម្រេចរបស់តុលាការ និងមានបទល្មើសព្រហ្មទណ្ឌផ្សេងទៀត ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ជាថ្មីថា ជនគ្រប់រូប រួមទាំងអ្នកសារព័ត៌មាន មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ រាប់បញ្ចូលទាំងសេរីភាព ស្រាវជ្រាវព័ត៌មានទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាង ដោយមិនគិតពីព្រំដែន ដោយផ្ទាល់មាត់ សរសេរ ឬបោះពុម្ព តាមទម្រង់សិល្បៈក្តី ឬក៏ដោយមធ្យោបាយផ្សព្វផ្សាយដទៃទៀតក្តី តាមការជ្រើសរើសរបស់ខ្លួន។ ប៉ុន្តែតាមច្បាប់ ការប្រើប្រាស់សិទ្ធិនេះ តម្រូវឱ្យមានករណីយកិច្ច និងការ ទទួល ខុសត្រូវពិសេស ។
ជាមួយគ្នានោះដែរ លោក ទូច សុឃៈ បានសង្កត់ធ្ងន់ថា «ការប្រើប្រាស់សិទ្ធិនេះ មានការ រិតត្បិតមួយចំនួន ដែលត្រូវកំណត់ដាច់ខាតដោយច្បាប់និងដែលចាំបាច់ ដើម្បីគោរពសិទ្ធិ និងកិត្តិសព្ទរបស់អ្នកដទៃ និងការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាពឬសីលធម៌ សាធារណៈ» ។
អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រាល់ការចេញផ្សាយព័ត៌មាន ទាំងការ អត្ថាធិប្បាយ ការសរសេរ ឬតាមទម្រង់ទាំងឡាយណាដែលជាព័ត៌មានពិត ឥតលម្អៀង និងគ្រប់ ជ្រុងជ្រោយនោះ គឺពុំប្រឈមមុខចំពោះផ្លូវច្បាប់ជាធរមានឡើយ ៕
ចែករំលែកព័តមាននេះ