ការដឹងគុណ គឺជាគុណតម្លៃមួយនៃជីវិតមនុស្ស ។ ប៉ុន្តែការជូនសារគុណ ដើម្បីទទួលបានសេវាកម្មសាធារណៈបានក្លាយជាប្រធានបទមួយសម្រាប់ការពិភាក្សា ខណៈវាត្រូវបានគេភ័យខ្លាចថា វាក្លាយជាទម្រង់បិទបាំងមួយនៃការប្រព្រឹត្តអំពើពុករលួយ ។ ប្រទេសកម្ពុជាបានបោះជំហានយ៉ាងសំខាន់ ក្នុងការទប់ស្កាត់អំពើពុករលួយ…
ការដឹងគុណ គឺជាគុណតម្លៃមួយនៃជីវិតមនុស្ស ។ ប៉ុន្តែការជូនសារគុណ ដើម្បីទទួលបានសេវាកម្មសាធារណៈបានក្លាយជាប្រធានបទមួយសម្រាប់ការពិភាក្សា ខណៈវាត្រូវបានគេភ័យខ្លាចថា វាក្លាយជាទម្រង់បិទបាំងមួយនៃការប្រព្រឹត្តអំពើពុករលួយ ។
ប្រទេសកម្ពុជាបានបោះជំហានយ៉ាងសំខាន់ ក្នុងការទប់ស្កាត់អំពើពុករលួយ ជាពិសេសក្នុងប្រតិបត្តិការប្រចាំថ្ងៃពាក់ព័ន្ធនឹងសេវាសាធារណៈដោយសព្វថ្ងៃនេះគេអាចទទួលបានសេវាកម្មដូចជា សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព និងអត្តសញ្ញាណប័ណ្ណជាដើម ដោយមិនចាំបាច់បង់ប្រាក់បន្ថែមនៅក្រោមតុឡើយ ។ ប៉ុន្តែទម្លាប់ជូនសារគុណ គឺមានសឹងតែគ្រប់កន្លែង តាំងពីកម្រិតមូលដ្ឋានរហូតដល់កម្រិតមជ្ឈិម ។
មកដល់ពេលនេះ ការប្រកាសផ្តល់សេវាកម្មសាធារណៈប្រកបដោយតម្លាភាព និងគណនេយ្យភាព ត្រូវបានលើកទឹកចិត្តឲ្យអនុវត្តតាំងពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោមជាតិដែលតំណាងឱ្យការផ្លាស់ប្តូរវិជ្ជមានឆ្ពោះទៅរកសង្គមមួយ ដែលត្រឹមត្រូវ និងត្រចះត្រចង់លុបបំបាត់ការសូកប៉ាន់ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ទម្លាប់មួយនៅតែមាន ។ ទម្លាប់នោះគេហៅថា ជាទម្លាប់ជូនសារគុណ ហើយទម្លាប់នេះ គឺនៅតែមានតាំងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ ។ គេសង្កេតឃើញថា នៅមានមន្ត្រីមួយចំនួនធ្វើការការងារដោយសម្លឹងចង់បានសារគុណនៅឡើយ ដោយរាប់ចាប់តាំងពីសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព និងអត្តសញ្ញាណប័ណ្ណជាដើម ។
នៅគ្រប់កន្លែង ដែលផ្តល់សេវាកម្មសាធារណៈតារាងតម្លៃ គឺមានត្រឹមត្រូវគ្រប់យ៉ាង ។ ប៉ុន្តែនៅកន្លែងខ្លះ មានមន្ត្រីមួយចំនួន នៅតែបន្តអូសក្រឡាបង្កើតភាពស្មុគស្មាញដល់ប្រជាពលរដ្ឋ រហូតដល់ទទួលបានការផ្តល់សារគុណទើបសម្រួលមកវិញ ។ ការរៀបរាប់នេះ គឺជាស្ថានភាពមួយដែលកំពុងតែកើតមាននៅក្នុងប្រទេសកម្ពុជា ដែលអាចរារាំងដល់ការលុបបំបាត់ទាំងស្រុងនូវការអនុវត្តកិច្ចការប្រកបដោយតម្លាភាព និងគណនេយ្យភាព ជាពិសេស គឺប្រឆាំងនឹងអំពើពុករលួយនៅក្នុងសង្គម ដែលរាជរដ្ឋាភិបាលកំពុងតែខិតខំធ្វើ និងចាត់វិធានការ ។
មកដល់ពេលនេះ ពលរដ្ឋកម្ពុជាបានរស់នៅក្នុងសង្គមអស់ជាច្រើនឆ្នាំ មកហើយដោយសារតែទម្លាប់បែបនេះ ។ តាមការស្ទាបស្ទង់កន្លងមក ទម្លាប់ជូនសារគុណនេះ ពលរដ្ឋខ្លះមិនចាត់ទុកថា ជាអំពើពុករលួយ ឬជាការបង្ខិតបង្ខំនោះទេ ។ ពួកគេសប្បាយចិត្តនឹងធ្វើពីព្រោះ គឺជាសមានចិត្តនៅក្នុងនាមជាអ្នកដែលពឹងពាក់អាស្រ័យមន្ត្រីឲ្យជួយរត់ការជួយសម្រួលការលំបាកដល់ពួកគេ ។ តាមប្រវត្តិសាស្ត្រ ពលរដ្ឋខ្មែរយើងមានទម្លាប់បែបនេះជារៀងមកហើយចាត់ទុកសារគុណនេះ ជាការតបស្នងនរណាដែលបានជួយដល់ពួកគេ ។ ការដឹងគុណ គឺជាគុណធម៌ដ៏ប្រពៃមួយនៅក្នុងសង្គម ប៉ុន្តែសម្រាប់ពលរដ្ឋដែលខ្វះខាត ទម្លាប់បែបនេះពួកគេអោយទាំងទើសទាល់ដោយសារតែពួកគេក៏មិនមានធនធាន។
ប្រឈមមុខនឹងស្ថានភាពបែបនេះ មន្ត្រីគួរតែកែសម្រួលសេវាកម្ម និងពិនិត្យមើលឥរិយាបទ និងក្រិត្យក្រមវិន័យការងារ និងការទទួលខុសត្រូវឡើងវិញ ។ សូមគ្រប់គ្នាគិតគូរការងារ និងការទទួលខុសត្រូវជាធំមិនមែនយកការជូនសារគុណនេះជាធំនោះទេ ។
សូមកុំយការជូនសារគុណនេះធ្វើជាបញ្ហាដែលបង្កការលំបាកដល់ពលរដ្ឋ ឬជាហេតុផលឬមធ្យោបាយដើម្បីបង្កើតដំណើរការការិយាធិបតេយ្យដ៏លំបាកផ្សេងទៀតពីព្រោះថា នៅពេលនេះរាជរដ្ឋាភិបាលកំពុងតែខិតខំធ្វើកំណែទម្រង់ថ្មីៗ ដើម្បីធ្វើយ៉ាងណាសម្រួលដល់ពលរដ្ឋដោយមិនមានការទូទាត់ក្រៅផ្លូវការ ។
រដ្ឋាភិបាលកម្ពុជាបានអនុវត្តបទប្បញ្ញត្តិតឹងរ៉ឹង ដើម្បីប្រយុទ្ធប្រឆាំងនឹងការស៊ីសំណូក និងអំពើពុករលួយ ដូចជា ករណីលោកអភិបាលស្រុកមួយរូបដែលទើបតែត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យបញ្ចប់មុខតំណែងដោយសារតែបញ្ហានេះ ។ ឥឡូវនេះ ច្បាប់ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីធានាថា ប្រជាពលរដ្ឋមិនចាំបាច់បង់ថ្លៃបន្ថែមសម្រាប់សេវាមូលដ្ឋានទេ ។ ទោះជាយ៉ាងណាក៏ដោយបទប្បញ្ញត្តិទាំងនេះ ខណៈពេលដែលមានចេតនាល្អជារឿយៗត្រូវបានបំផ្លាញដោយកង្វះការអនុវត្ត ។
ដើម្បីជួយសង្គម សាធារណជនត្រូវតែផ្លាស់ប្តូរការរំពឹងទុក និងអាកប្បកិរិយារបស់ខ្លួន ដូច្នេះប្រជាពលរដ្ឋត្រូវតែត្រូវបានលើកទឹកចិត្តឱ្យរាយការណ៍អំពីអាកប្បកិរិយាពុករលួយដោយមិនខ្លាចការសងសឹក ហើយមន្ត្រីត្រូវតែទទួលខុសត្រូវតាមរយៈការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ។ យុទ្ធនាការអប់រំដែលលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិរបស់ប្រជាពលរដ្ឋក៏ដូចជា ផលវិបាកនៃអំពើពុករលួយ គឺមានសារៈសំខាន់ក្នុងការបង្កើតប្រព័ន្ធមួយដែលការសូកប៉ាន់មិនចាំបាច់ ឬទទួលយកនោះទេ ៕
ចែករំលែកព័តមាននេះ