ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗគាបជាប់នៅក្នុងកាប៊ីនរថយន្តក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតូចនិងរថយន្តវីអងដឹកជ័រកៅស៊ូលើកំណើតផ្លូវជាតិលេខ៧ ក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ។ក្រោយកើតហេតុអ្នកបើកបររថយន្តធំទុករថយន្តចោលហើយរត់គេចខ្លួនបាត់ស្រមោលតែម្ដង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងនារសៀលថ្ងៃទី៩ តុលា ម្សិលមិញនេះថា ហេតុការគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៥និង៤៧ នាទី ល្ងាចថ្ងៃទី៨តុលាឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូតិ៍ម៉ែត្រលេខ១២៨-១២៩ ត្រង់ចំណុចមុខដីភូមិឈ្មោះឈុន សុខរ៉ាង ភេទប្រុស ស្ថិតនៅភូមិទទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ រវាងរថយន្ត និងរថយន្ត ។
សមត្ថកិច្ចមូលដ្ឋានបន្តអោយដឹងទៀតថា រថយន្តម៉ាកហុីយ៉ុនដាយ ប្រភេទក្បាលសណ្ដោង ពណ៍ខៀវ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-1438 សឺមីរុឺម៉ក ពណ៌ខៀវ ពាក់ផ្លាក់លេខ ត្បូងឃ្មុំ 4A-0454 មិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបើកបរ (រត់គេចខ្លួនបាត់) ជារថយន្តដឹកជ័រកៅស៊ូ បង្ករជាមួយរថយន្តម៉ាកហុីយ៉ុនដាយ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ2L-4019 បើកបរដោយឈ្មោះ អ៊ន់ សុខហេង ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម (ស្លាប់និងកន្លែងកើតហេតុ) ។
រថយន្តទាំង២គ្រឿងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា ដោយរថយន្តម៉ាកហុីយ៉ុនដាយប្រភេទក្បាលសណ្ដោង បើកបរមកពីលិចទៅកើតប្រើប្រាស់ល្បឿនក្នុងស្ថានភាពផ្លូវកោង ឆ្លងចូលចំណែកផ្លូវម្ខាងទៀតទៅបុករថយន្តហុីយ៉ុនដាយ ពណ៌ក្រហម បើកបរមកពីកើតទៅលិច។ ហេតុការណ៍នេះបណ្ដាលឱ្យខូចខាត រថយន្ត០២គ្រឿង កម្រិតធ្ងន់០១គ្រឿង កម្រិតស្រាល០១គ្រឿង ។ មូលហេតុ ប្រើប្រាស់ល្បឿន ។
តាមរយៈអ្នកធ្វើដំណើរលើដងផ្លូវទៅវិញទៅមកបានស្គាល់អត្តសញ្ញាណអ្នកស្លាប់ហើយក៏ផ្ដល់ដំណឹងឲ្យសាច់ញាតិនៅក្រុងកំពង់ចាម ឱ្យបានដឹងពីហេតុការណ៍នេះ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានប្រគល់អោយទៅឈ្មោះ ហ៊ង ណារិន ត្រូវជាប្រពន្ធ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងរថយន្ត២គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ