ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវបានសមត្តកិច្ចនគរបាលមូលដ្ឋានស្រុកសំរោង ខេត្តតាកែវ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីបុរសរូបនោះបានធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ដោយសង្ស័យថាគេធ្វើអំពើ«អាបធ្នប់»មកលើខ្លួន ។
ជនសង្ស័យឈ្មោះ ប៉ិច សារ៉ន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ មុខរបរជាកសិករ និងជាមនុស្សប្រមឹកស្រវឹងខួប ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជិត៨យប់ថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៤ ជនសង្ស័យស្រវឹងស្រា ដើរជេរឡូឡាផ្អើលមនុស្សម្នាពេញភូមិ នឹងបានយកកាំបិតចែត ធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញទ្វារផ្ទះរបស់ឈ្មោះ ប៉ិច សាម៉ៃ ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា និងបានគំរាមកំហែងថានឹងសម្លាប់ថែមទៀតផង ដោយមូលហេតុខឹងជនរងគ្រោះថាបានឲ្យគ្រូធ្វើអំពើ«អាបធ្មប់»ដាក់មកលើខ្លួន ។
ក្រោយពីទទួលបានពត៌មានខាងលើនោះ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជំរះពេន បានចុះទៅដល់កន្លែងកើតហេតុ និង ឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងដកហូតវត្ថុតាង(កាំបិត ចែត១) ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ