ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតមេ​ដឹក​នាំ​ហ្វ៊ីលីពីន​ឌូតឺតេ​ត្រៀម​​ប្រ​ជែង​យក​តំណែង​ចៅ​ហ្វាយ​ក្រុង

2 ខែ មុន

ទីក្រុង​ម៉ានីឡា៖ អតីត​ប្រធានា​ធិបតី​ហ្វ៊ីលីពីន​ លោក​ឌូតឺតេ បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បេក្ខ​ជន​​ដែល​ចូល​រួម​​​ប្រកួត​ប្រជែង​យក​​​តំណែង​អភិ​បាល​ក្រុង​ដាវ៉ៅ (Davao) ដែល​​​រៀប​ចំ​នៅ​ឆ្នាំ​២០២៥​។ តាម​ពិត ដាវ៉ៅ​ធ្លាប់​ជា​ទី​តាំង​ឈរ​ជើង​​ដ៏រឹង​មាំរបស់​លោក​ឌូតឺតេ​​​ក្នុង​នាម​​ជា​អតីត​​ចៅហ្វាយ​ក្រុង​នេះ​។ ​មាន​ន័យ​ថា​លោក​បាន​ចាក់​ឫស​ចាក់​គល់​នៅ​​ទី​នោះ​​ជា​យូរ​មក​ហើយ​។ ការ​ដែល​លោក​សម្រេច​ចិត្ត​ឈរ​ឈ្មោះ​លើក​នេះ​ក៏​ដោយ​សារតែ​​មាន​ការ​កាច់​កុង​ពាក្យ​សម្ដី​គ្នា​យ៉ាង​ល្វីង​ជូរ​ចត់​ជា​ចំហតែ​ម្ដង​​ជា​មួយ​ក្រុម​គ្រួសារ​របស់​លោក​ម៉ាកូស​ដែល​ជា​ប្រធានា​ធិ​បតី​ហ្វ៊ីលីពីន​បច្ចុប្បន្ន​​នេះ​។…

ទីក្រុង​ម៉ានីឡា៖ អតីត​ប្រធានា​ធិបតី​ហ្វ៊ីលីពីន​ លោក​ឌូតឺតេ បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បេក្ខ​ជន​​ដែល​ចូល​រួម​​​ប្រកួត​ប្រជែង​យក​​​តំណែង​អភិ​បាល​ក្រុង​ដាវ៉ៅ (Davao) ដែល​​​រៀប​ចំ​នៅ​ឆ្នាំ​២០២៥​។ តាម​ពិត ដាវ៉ៅ​ធ្លាប់​ជា​ទី​តាំង​ឈរ​ជើង​​ដ៏រឹង​មាំរបស់​លោក​ឌូតឺតេ​​​ក្នុង​នាម​​ជា​អតីត​​ចៅហ្វាយ​ក្រុង​នេះ​។ ​មាន​ន័យ​ថា​លោក​បាន​ចាក់​ឫស​ចាក់​គល់​នៅ​​ទី​នោះ​​ជា​យូរ​មក​ហើយ​។

ការ​ដែល​លោក​សម្រេច​ចិត្ត​ឈរ​ឈ្មោះ​លើក​នេះ​ក៏​ដោយ​សារតែ​​មាន​ការ​កាច់​កុង​ពាក្យ​សម្ដី​គ្នា​យ៉ាង​ល្វីង​ជូរ​ចត់​ជា​ចំហតែ​ម្ដង​​ជា​មួយ​ក្រុម​គ្រួសារ​របស់​លោក​ម៉ាកូស​ដែល​ជា​ប្រធានា​ធិ​បតី​ហ្វ៊ីលីពីន​បច្ចុប្បន្ន​​នេះ​។ ជម្លោះ​នេះ​កើត​ឡើង​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធានា​ធិបតី​នា​ឆ្នាំ​២០២៨​។ លោក​ឌូតឺតេ​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​​​​​​លោក​ចង់​បម្រើ​ប្រជា​ជន។​ លោក​ទើប​តែ​​​យក​សំណុំ​ឯក​សារ​ទៅ​ដាក់​ជូន​គណៈ​កម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ដើម្បី​ស្នើ​សុំចូល​រួម​ប្រកួត​ប្រជែង​តំណែង​ចៅ​ហ្វាយ​ក្រុង​។​

​ដៃ​គូ​របស់​គាត់​ដែល​នឹង​ឈរ​ឈ្មោះ​ជា​ចៅ​ហ្វាយ​ក្រុង​រ​ង​គឺ​លោក​សេបាស់​ស្ទាន ឌូតឺតេ (Sebastian Duterte)ជា​កូន​ប្រុស​​បង្កើត​របស់​គាត់ និង​​​ជា​ចៅ​ហ្វាយ​ក្រុង​ដាវ៉ៅ​​នា​ពេល​បច្ចុ​ប្បន្ន។ គាត់​ប្រាប់​ថា​គាត់​ចង់​​ប្រែ​ក្លាយ​ទី​ក្រុង​ដាវ៉ៅ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​។ គេ​សម្លឹង​ឃើញ​ថា​ការ​សម្រេច​ចិត្ត​ឈរឈ្មោះ​​ជា​បេក្ខ​ជន​ចៅ​ហ្វាយ​ក្រុង​ដាវ៉ៅ​ក៏​ជា​វិធាន​ការ​ជួយ​ពង្រឹង​ការ​គាំទ្រ​ចំពោះ​​លោកស្រី​​សារ៉ា​ ឌូតឺតេ (Sarah Duterte) ដែល​ជា​អនុ​ប្រធានា​ធិបតី​ហ្វ៊ីលីពីន​បច្ចុប្បន្ន​ និង​ជា​កូន​ស្រី​របស់​លោក​ឌូតឺតេ​​។

​លោក​ស្រី​សារ៉ា​អាច​នឹង​​​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​នៅ​អាណត្តិ​ថ្មី​។ ​លោក​ម៉ាកូស​​មិន​អាច​​ឈរ​ឈ្មោះ​នៅ​​​អាណត្តិ​ថ្មី​បាន​ទេ​​ដោយ​យោង​ទៅ​តាម​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​របស់​ប្រទេស​ហ្វ៊ីលីពីនដែល​ចែង​ថា​ «ប្រធានា​ធិបតិ​អាច​កាន់​អំណាច​បាន​តែ​១​​អាណត្តិ​គត់​រយៈ​ពេល​៦​ឆ្នាំ​»។ ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​នា​ឆ្នាំ​២០២៥​ជា​ព្រឹត្តិ​ការណ៍​​សំខាន់​ជា​អាយុ​ជីវិត​សម្រាប់​គ្រួសារ​លោក​ឌូតឺតេ​ និង​គ្រួសារ​លោក​ម៉ាកូស​ព្រោះ​​​ពួក​គេ​ចង់ប្រមូល​​ផ្ដុំ​ការ​គាំទ្រ​រៀង​ៗ​ខ្លួន​មុន​ការ​ប្រកួត​ប្រជែង​ធំ​។

យើង​ត្រូវ​តែ​ចង​ចាំ​ជា​និច្ច​ថា​នៅ​ក្នុង​វិស័យ​នយោបាយ​ មនុស្ស​យើង​នឹង​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​ការ​ពារ​ខ្លួន​។ ខាង​លើ​នេះ​ជា​អ្វី​ដែល​អតីត​អ្នក​នាំ​ពាក្យ​លោក​ឌូតឺតេ​សរ​សេរ​រៀប​រាប់​នៅ​លើ​បណ្ដាញ​សង្គម​។​ ​សព្វ​ថ្ងៃ​នេះ លោក​ឌូតឺតេ​មិន​ទាន់​រួច​ខ្លួន​នៅ​ឡើយ​ទេ​។ តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​អាយ​ស៊ីស៊ី (ICC) នៅ​តែ​បន្ត​ស៊ើប​អង្កេត​ករណី​ចោទ​ប្រកាន់​ថា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​អំឡុង​ពេល​​ដែល​លោក​​កាន់​តំណែង​ជា​ប្រធានា​ធិបតី​ហ្វ៊ីលីពីន​ និង​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​។

យុទ្ធ​នា​ការ​បង្ក្រាប​គ្រឿង​ញៀន​នេះ​បណ្ដាល​ឱ្យ​មនុស្ស​ជាង​៦​ពាន់​នាក់​ស្លាប់​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ជា​ផ្លូវ​ការ​​ដែល​ចេញ​ផ្សាយ​ដោយ​អាជ្ញា​ធរ​​​ហ្វ៊ីលីពីន​។ ដោយ​ឡែក អាយ​ស៊ីស៊ី​ប៉ាន់​ស្មាន​ថា​ចំនួន​អ្នក​ស្លាប់​ចន្លោះ​​ពី​១,២​​​-៣​ម៉ឺន​នាក់​។ រដ្ឋ​សភា​ហ្វ៊ីលីពីន​ក៏​កំពុង​ស៊ើប​អង្កេត​សំណុំ​រឿង​សម្លាប់​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​​នោះ​ផង​ដែរ​។

លោក​ស្រី​សារ៉ា ​ឌូតឺតេ​​ក៏​មិន​ខុស​ពី​ឪ​ពុក​របស់​លោក​ស្រី​នោះ​ទេ​។ លោក​ស្រី​កំពុង​ប្រឈម​នឹង​ការ​បោះ​ឆ្នោត​ដក​តំណែង​ពី​សំណាក់​អ្នក​តំណាង​រាស្ត្រ​នៅ​ក្នុង​រដ្ឋ​សភា​។ គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា​ប្រធាន​សភា​ជា​បង​ប្អូន​ជី​ដូន​មួយ​របស់​លោក​ម៉ាកូស​។ ទោះ​បី​​លោក​ម៉ាកូស​​មិន​ឈរ​ឈ្មោះ​នៅ​អាណត្តិ​ថ្មីក៏​ដោយ​ ក៏​​ប៉ុន្តែ​​​បងប្អូន​​ជីដូន​មួយ​របស់​គាត់​នឹង​​​ឈរ​ឈ្មោះ​បន្ត​ពី​គាត់​​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ