ទីក្រុងញូដេលី៖ មនុស្សយ៉ាងតិច៥នាក់បានស្លាប់ថ្មីៗនេះនៅទីក្រុងឆេនណៃ ប្រទេសឥណ្ឌា នៅពេលពួកគេទៅមើលពិធីតាំងពិព័រណ៍យន្តហោះរបស់កងទ័ពអាកាសដែលមានការហោះបង្អួតខ្លួននៅលើអាកាសថែមទៀតផង។ កាលនោះគេដឹងថាមានមនុស្ស១,៥លាននាក់បានធ្វើដំណើរទៅចូលរួម។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់បង្ហើបឱ្យដឹង។
ពិធីហោះបង្អួតខ្លួននៅលើអាកាសនោះរៀបចំឡើងនៅឆ្នេរសមុទ្រម៉ារីណា (Marina) ដែលជាតំបន់ឆ្នេរដ៏វែងអន្លាយ។ ពិធីនេះរៀបចំឡើងនៅក្រោមសីតុណ្ហភាព៣៥អង្សា។ អ្នកជំនាញខាងសូហ្វវែឈ្មោះចាន់ដ្រាម៉ូហាន (Chandramohan) ដែលចូលរួមនៅក្នុងពិធីនោះប្រាប់ថាទោះបីមើលឃើញថាអាកាសធាតុក្ដៅខ្លាំង ប៉ុន្តែគ្មាននរណាយកទឹកមកចែកជូនអ្នកទស្សនាឡើយ។ ដូចនេះមនុស្សចាប់ផ្ដើមទន់ដៃទន់ជើងសន្លប់ព្រុសៗដោយសារអាកាសធាតុក្ដៅ និងការខ្សោះជាតិទឹកនៅក្នុងខ្លួន។
អ្វីដែលរឹតតែធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺនៅពេលចប់កម្មវិធី មនុស្សសម្រុកចេញពីកន្លែងនោះព្រមៗគ្នាតែម្ដងជាហេតុធ្វើឱ្យពួកគេប្រជ្រៀតគ្នាខ្លាំង។ នៅតាមផ្លូវធ្វើដំណើរពោរពេញដោយសភាពហប់ខ្លាំង និងក្ដៅខ្លាំង។ រថយន្តបឺសដឹកអ្នកដំណើរក៏ត្រូវកកស្ទះពេញផ្លូវ។ ស្នងការនគរបាលរដ្ឋតាមីលណាឌូ (Tamil Nadu) ប្រាប់ថាមូលហេតុដែលមនុស្សស្លាប់អស់៥នាក់ដូចការផ្សាយខាងលើនេះដោយសារអាកាសធាតុក្ដៅ គួបផ្សំនឹងអ្នក១ចំនួនមានបញ្ហាសុខភាពមិនស្រួលស្រាប់ផង។
លោកស្នងការរូបនេះបញ្ជាក់ថាអាជ្ញាធរ និងសមត្ថកិច្ចក៏ខិតខំជួយសម្របសម្រួលផងដែរដើម្បីកុំឱ្យមនុស្សប្រជ្រៀតគ្នាខ្លាំងពេក។ ប៉ុន្តែមនុស្សដែលទៅចូលរួមពិធីនោះហាក់ដូចជាច្រើនជ្រុលពេក។ ពោលគឺច្រើនជាងការរំពឹងទុកឆ្ងាយណាស់។ លោកយល់ថាបើមានការរៀបចំកម្មក្រោយៗទៀត សូមអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ និងរៀបចំឱ្យបានល្អជាងនេះ។
លោកម៉ាស៊ូប្រាម៉ានៀន (Ma Subramanian) ជារដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសុខាភិបាល និងសុខុមាលភាពគ្រួសារប្រចាំរដ្ឋតាមីលណាឌូសរសេរនៅលើបណ្ដាញអ៊ិចថាតាំងពីមុនពេលរៀបចំកម្មវិធីនេះ រដ្ឋាភិបាលបានបញ្ជូនក្រុមគ្រូពេទ្យទៅកន្លែងកើតហេតុដើម្បីជួយសង្គ្រោះ។ ក្រៅពីនេះក៏មានបុគ្គលិកសន្តិសុខ បង្គន់ចល័ត និងទឹកស្អាតសម្រាប់ផឹកចែកជូនប្រិយមិត្តអ្នកទស្សនា។ ដូច្នេះ មិនមែនមានន័យថាអាជ្ញាធរមិនគិតគូរសោះទេ។ ប៉ុន្តែធ្វើម៉េចបើមនុស្សចូលរួមច្រើនហួសពីការរំពឹងទុក៕
ចែករំលែកព័តមាននេះ