ខេត្តព្រះសីហនុ ៖ ពហុកីឡដ្ឋានដ៏ធំមួយប្រចាំខេត្តជាប់មាត់សមុទ្រនឹងលេចរូបរាងនៅលើទឹកដីខេត្តព្រះសីហនុក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីក្រុមការងារចុះពិនិត្យនិងកំណត់លើការបើកការដ្ឋាន កាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ។
ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានបញ្ជាក់ប្រាប់ថា ការសាងសង់ពហុកីឡដ្ឋាននេះ គឺជាមហិច្ឆតារបស់ប្រមុខរាជរដ្ឋាភិបាលអណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឲ្យពហុកីឡដ្ឋាននេះ ក្លាយជាពហុកីឡដ្ឋានធំបំផុតប្រចាំខេត្តជាប់មាត់សមុទ្រ ។
សមិទ្ធផលទាំងនេះ នឹងក្លាយទៅជាតបន់រមនីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញបំផុតនៅកន្លែងនេះផងដែរ ។ គួរបញ្ជាក់ថា កីឡដ្ឋានមានកំពស់ទាំងដំបូលរហូតដល់៤ជាន់ និងបែងចេញជាផ្នែកផ្សេងៗ ដើម្បីបំរើផលប្រយោជន៍ ដូចខាងក្រោម៖
-ពហុកីឡដ្ឋាន
-អគារពហុមុខងារខាងក្នុង និងខាងក្រៅ
-ចំណតយានយន្តគ្រប់ប្រភេទ
-ក្លិបវាយសី
-តំបន់ដើមកោងកាង
-ទីតាំងបោះតង់
-សួនទេសចរណ៍
-អាងទឹក westerdam
-សាលមហោស្រព
-ដីបំរុងទុក
-ទីធ្លាប្រជុំបក្ស
-អគារកាកបាទក្រហមកម្ពុជា
-អគារសហគមន៍នារី
-អគារសហភាពសហព័ន្ធ
-យុវជនសសយក
-បន្ទប់ទឹក
-អាងហែលទឹកលោត
-វេទិកាជាដើម ។
ក្នុងនោះដែរ ផ្ទៃដីក្នុងការសាងសង់មានផ្ទៃដីចំនួន33.1ហិកតា ។ ចំណែកក្នុងការចំណាយគំរោងទឹកប្រាក់ មិនទាន់ដឹងថាចំណាយ អស់ប៉ុន្មាននោះទេ ព្រោះជាគំរោងទឹកប្រាក់របស់រាជរដ្ឋាភិបាលធ្វើការសាងសង់ជាជំហានទៅតាមថវិកាដែលមាន ហើយក៏ជាមហិច្ឆតារបស់រដ្ឋាភិបាល ដើម្បីបង្កើតកន្លែងនេះអោយល្អប្រសើរ ដើម្បីផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តជាប់មាត់សមុទ្ទទាំងអស់ ពិសេស ខេត្តព្រះសីហនុ។
ចែករំលែកព័តមាននេះ