ដំណើររបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ទៅកាន់កិច្ចប្រជុំកំពូលអាស៊ាននៅដើម សប្តាហ៍ក្រោយនេះ ហាក់ដដែលៗ តែខ្លឹមសារសំខាន់ហើយក្តៅអាចមានជំនួបទ្វេភាគីជាមួយប្រទេសជិតខាងទាំងបីរបស់កម្ពុជា ជាពិសេស គឺវៀតណាម ឡាវ ថៃ ហើយអាចនឹងមានចិន និងថ្នាក់ដឹកនាំផ្សេងៗ ទៀត ។
ការចូលរួមរបស់សម្តេចធិបតីក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ជាដំណើរដ៏ចាំបាច់សម្រាប់កម្ពុជា និងតំបន់ទាំងមូល នៅក្នុងនាមជារដ្ឋសមាជិករបស់ប្លុក ។ ជាប្រក្រតី នៅពេលដែលរដ្ឋជាសមាជិកអាស៊ានបានរួបរួមគ្នាក្រោមប្រធានបទ «អាស៊ាន ៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» កិច្ចប្រជុំកំពូលនេះ ត្រូវបានកំណត់ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដែលនឹងកំណត់អនាគតរបស់តំបន់ ជាពិសេសក្នុងការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ។
សម្រាប់ការទូតរបស់កម្ពុជាវេទិកានេះ ពិតជាចាំបាច់ដោយសារតែវាផ្តល់ឱកាស ដើម្បីឲ្យកម្ពុជាបង្ហាញពីការបន្តនៅក្នុងការអនុវត្តនូវគោលនយោបាយការបរទេស និងការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ ។ អាស៊ាននៅតែជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រការទូតរបស់កម្ពុជា ហើយការចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំកំពូលនេះមិនត្រឹមតែពង្រឹងតួនាទីរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកទ្វារសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងដៃគូខាងក្រៅផងដែរ ។ វា គឺជាព្រឹត្តិការណ៍ដែលកើតមានជាប្រចាំរាល់ឆ្នាំដែលនាំឲ្យពលរដ្ឋនៅក្នុងតំបន់ដោយរួមទាំងកម្ពុជាជាច្រើនស៊ាំ ជាពិសេសចំពោះអ្វីដែលមេដឹកនាំតំបន់និយាយអំពីការពង្រឹងការតភ្ជាប់ និងភាពធន់នៅក្នុងតំបន់ ប៉ុន្តែសម្រាប់ការអនុវត្តកម្រិតរដ្ឋ និងរដ្ឋវាមិនមែនជារឿងសាមញ្ញដូចជាពលរដ្ឋគិតឡើយ ។
មកដល់ពេលនេះ ពលរដ្ឋកម្ពុជា និងតំបន់ តែងតែឭពាក្យពង្រឹងការតភ្ជាប់ និងកសាងភាពធន់នេះ ជាបន្តបន្ទាប់ មកហើយរហូតមកដល់ឆ្នាំ២០២៤នេះទៀតសោតក៏នៅតែឭ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កិច្ចសន្ទនានេះមិនមែនជារឿងចាស់ឡើយ ។ កិច្ចសន្ទនាឆ្នាំនេះនឹងមានគោលបំណងពង្រឹងទំនាក់ទំនងក្នុងតំបន់ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចតាមរយៈយន្តការដឹកនាំដោយអាស៊ាន។
ដោយមើលឃើញពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កម្ពុជា និងការបង្កើនសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ នេះបង្ហាញពីឱកាសដ៏សំខាន់មួយសម្រាប់សម្តេចធិបតី ក្នុងការតស៊ូមតិសម្រាប់គំនិតផ្តួចផ្តើមដែលអាចបន្តរបៀបវារៈនៃការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យដូចជាពាណិជ្ជកម្ម ការតភ្ជាប់ឌីជីថល និងកិច្ចសហប្រតិបត្តិការថាមពល ។
លើសពីនេះ កិច្ចប្រជុំកំពូលនឹងផ្តល់នូវវេទិកាមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានដូចជា ការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរឌីជីថល និងការរំខានផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីភាពមិនប្រាកដប្រជាជាសកល ។ សម្រាប់ប្រទេសកម្ពុជា ដែលប្រឈមមុខនឹងបញ្ហាទាក់ទងនឹងអាកាសធាតុ និងតម្រូវការអភិវឌ្ឍរបស់ខ្លួនការរួមចំណែកដល់កិច្ចសន្ទនាថ្នាក់តំបន់ស្តីពីនិរន្តរភាព និងភាពធន់ គឺចាំបាច់ណាស់ ។
នៅខាងក្រៅកិច្ចពិភាក្សាសំខាន់ៗ ការចូលរួមរបស់សម្តេចធិបតីក្នុងកិច្ចប្រជុំសំខាន់ៗ រួមទាំងកិច្ចសន្ទនារបស់មេដឹកនាំអាស៊ាន ជាមួយតំណាងមកពីវិស័យផ្សេងៗដូចជា អន្តរសភាអាស៊ាន ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន និងយុវជនអាស៊ានក៏ជាកម្មវិធីគូសបញ្ជាក់អំពីវិធីសាស្ត្ររួមដែលអាស៊ានកំពុងអនុវត្ត ។ ដើម្បីដោះស្រាយកង្វល់ដ៏ធំទូលាយមួយ ការចូលរួមរបស់សម្តេចធិបតីមានសារៈសំខាន់ក្នុងការជំរុញការយល់ដឹងកាន់តែស៊ីជម្រៅរវាងរដ្ឋាភិបាល និងសង្គមស៊ីវិល វិស័យឯកជន និងយុវជនជំនាន់ក្រោយក្នុងតំបន់។
ក្រៅពីប្រធានបទស្តីអំពីអាស៊ាន អ្វីដែលប្រាកដនោះ សម្តេចធិបតី អាចនឹងជួបទ្វេរភាគីជាមួយនឹងប្រទេស ជិតខិតខាងកម្ពុជាទាំង៣ ហើយក៏អាចនឹងមានជំនួបត្រីភាគី កម្ពុជា ឡាវ វៀតណាម ហើយក៏អាចនឹងមានជំនួបទ្វេភាគីជាមួយនឹងមេដឹកនាំថៃថ្មី គឺលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ដែលជានាយករដ្ឋមន្ត្រីថៃថ្មី ។
លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា និងសម្តេចធិបតី គឺធ្លាប់ជួបគ្នាតែ នៅក្នុងលក្ខណៈទ្វេភាគី គឺទីក្រុង វៀងច័ន្ទអាចជាជំនួបលើកដំបូង និងជាវេទិកាថ្មីដែលមេដឹកនាំទាំងពីរអាចបង្ហើបនូវគោលបំណង និង លើកអំពីគំនិតផ្តួចផ្តើមថ្មីៗសម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ដោយរួមទាំងបញ្ហារុករកប្រេងរួមគ្នានៅតំបន់ឈួងសមុទ្រថៃ ដែលអ្នកជំនាញថៃមួយក្រុមបានបង្ហើប តាំងពីលោកស្រី ផៃថងថាន ទើបតែឡើងកាន់តំណែង ។
សរុបមកវិញ ការចូលរួមកម្មវិធីនានា ដែលរំពឹងទុករបស់សម្តេចធិបតីនិងមេដឹកនាំអាស៊ាន និងពិភពលោកនៅក្នុងទីក្រុងវៀងច័ន្ទសប្តាហ៍ក្រោយនេះ ជាឱកាសដ៏សំខាន់មួយទៀតសម្រាប់កម្ពុជា ។ ដំណើរនេះនឹងអនុញ្ញាតឱ្យប្រទេសកម្ពុជាពង្រឹងទំនាក់ទំនងដែលមានស្រាប់ជំរុញភាពជាដៃគូថ្មី និងដោះស្រាយបញ្ហាដែលពាក់ព័ន្ធទាំងប្រទេសកម្ពុជា និងដៃគូរបស់ខ្លួនដូចជា ពាណិជ្ជកម្ម សន្តិសុខ និងការអភិវឌ្ឍ ។
ការចូលរួមរបស់សម្តេចធិបតី ក្នុងកិច្ចប្រជុំកំពូលទាំងនេះ ក្នុងតួនាទីជានាយករដ្ឋមន្ត្រី បង្ហាញពីការប្តេជ្ញាចិត្តបន្តរបស់កម្ពុជាចំពោះគោលដៅ និងគោលការណ៍របស់អាស៊ាន ។ វាក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការរក្សាភាពពាក់ព័ន្ធ និងឥទ្ធិពលរបស់កម្ពុជាក្នុងកិច្ចការតំបន់ ។ កម្មវិធីនេះក៏នឹងបន្តទទួលបានអត្ថប្រយោជន៍ពីកម្លាំងរួមរបស់អាស៊ាន ដោយសារតំបន់នេះប្រឈមមុខនឹងភាពមិនច្បាស់លាស់ និងបញ្ហាប្រឈមដែលកំពុងរីកចម្រើន ការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងការបង្កើតអនាគតរបស់អាស៊ានគឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដែលយើងជាប្រជាពលរដ្ឋគួរតែដឹងនិងចូលរួមតាមដាន ៕
ចែករំលែកព័តមាននេះ