ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​កែ​ច្នៃ​ជ្រុល​ ៖ សត្រូវ​លេខ​១​របស់​សុខភាព និងបង្ក​ជំងឺ

2 ខែ មុន

តើ​អ្នក​តែងតែ​ទិញ​ផលិតផល​ទាំងនេះ​នៅ​ផ្សារ​ទំនើប​ទេ? អ្នក​ប្រហែលជា​ភ្ញាក់ផ្អើល​នៅ​ពេល​ដឹង​ថា​អាហារ​ទាំងនេះ​ដែល​ទាំង​មនុស្ស​ពេញវ័យ និង​កុមារ​ចូល​ចិត្ត​មាន​សក្តានុពល​អាច​បង្ក​ជំងឺ​ដល់​ទៅ 32 ផ្សេង​ៗ​គ្នា រួម​ទាំង​ជំងឺមហារីក និង​ជំងឺ​សរសៃឈាម​បេះដូង​។ ក្នុង​ឆ្នាំ 2022 ទស្សនាវដ្ដី…

តើ​អ្នក​តែងតែ​ទិញ​ផលិតផល​ទាំងនេះ​នៅ​ផ្សារ​ទំនើប​ទេ? អ្នក​ប្រហែលជា​ភ្ញាក់ផ្អើល​នៅ​ពេល​ដឹង​ថា​អាហារ​ទាំងនេះ​ដែល​ទាំង​មនុស្ស​ពេញវ័យ និង​កុមារ​ចូល​ចិត្ត​មាន​សក្តានុពល​អាច​បង្ក​ជំងឺ​ដល់​ទៅ 32 ផ្សេង​ៗ​គ្នា រួម​ទាំង​ជំងឺមហារីក និង​ជំងឺ​សរសៃឈាម​បេះដូង​។

ក្នុង​ឆ្នាំ 2022 ទស្សនាវដ្ដី American Journal of Clinical Nutrition បាន​បោះពុម្ពផ្សាយ​ការ​សិក្សា​ស្ទង់​មតិ​លើ​បុគ្គល​ចំនួន 40,937 នាក់ ដោយ​ផ្តោត​លើ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​មនុស្ស​ពេញវ័យ​ពី​ឆ្នាំ 2001 ដល់​ឆ្នាំ 2018 ។ លទ្ធផល​បាន​បង្ហាញ​ថា​សមាមាត្រ​នៃ​កាឡូរី​ដែល​បាន​មក​ពី​អាហារ​កែ​ច្នៃ​ជ្រុល​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​។

នៅ​ឆ្នាំ 2018 57% នៃ​កាឡូរី​របស់​អ្នក​ប្រើប្រាស់​ទាំងអស់​បាន​មក​ពី​អាហារ​ទាំងនេះ​។ នេះ​បង្ហាញ​ថា​មនុស្ស​កាន់តែ​ច្រើន​កំពុង​ទទួលទាន​អាហារ​កែ​ច្នៃ​ក្នុង​បរិមាណ​ច្រើន​ដោយ​មិន​បានដឹង​ច្បាស់​អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​ពួក​គេ​អាច​មាន​លើ​សុខភាព​របស់​ពួក​គេ​។

វេជ្ជបណ្ឌិត​មួយ​រូប​នៅ​តៃវ៉ាន់ ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ដែល​ទាក់ទង​នឹង “​អាហារ​កែ​ច្នៃ​ជ្រុល​” ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ផង​ដែរ​។

និយម​ន័យ​នៃ​អាហារ​កែ​ច្នៃ​ជ្រុល

យោង​តាម​ប្រព័ន្ធ​ចំណាត់ថ្នាក់​អាហារ Nova ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សាកលវិទ្យាល័យ​សៅ​ប៉ូ​ឡូ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ក្នុង​ឆ្នាំ 2009 អាហារ និង​ភេសជ្ជៈ​ត្រូវ​បាន​បែងចែក​ជា​បួន​ប្រភេទ​ដោយ​ផ្អែក​លើ​ធម្មជាតិ កម្រិត និង​គោលបំណង​នៃ​ដំណើរការ​៖

កម្រិត​ទី​១៖ អាហារ​ដែល​មិន​ទាន់​កែ​ច្នៃ ឬ​កែ​ច្នៃ​តិចតួច​ប៉ុណ្ណោះ​។ ក្រុម​នេះ​រួម​មាន​ផ្លែ​ឈើ បន្លែ សណ្តែក ត្រី ស៊ុត និង​សាច់​។ អាហារ​ទាំងនេះ​មិន​មាន​សារធាតុ​បន្ថែម​ទេ ហើយ​អាច​ត្រូវ​បាន​រៀបចំ​តាម​រយៈ​វិធី​ដូច​ជា កាត់ កំ​ដៅ កិន ស​ម្ងួ​ត ឬ​ក្លា​សេ​។

កម្រិត​ទី 2៖ គ្រឿងផ្សំ​កែ​ច្នៃ ដែល​បង្កើត​ឡើង​ពី​ការ​ចម្រាញ់ និង​កំទេច​អាហារ​កម្រិត 1 ដូច​ជា បឺ​រ ម្សៅ អំបិល និង​ទឹកស៊ីអ៊ីវ​។

កម្រិត​ទី 3៖ អាហារ​កែ​ច្នៃ​ដែល​ផលិត​ពី​គ្រឿងផ្សំ​នៃ​កម្រិត​ទី 1 និង​ទី 2 ជាមួយនឹង​សារធាតុ​បន្ថែម​ដើម្បី​ការពារ​ការ​រលួយ​។

កម្រិត​ទី 4៖ អាហារ​កែ​ច្នៃ​ជ្រុល គឺជា​ផលិតផល​អាហារ​ដែល​ផលិត​តាម​រយៈ​ដំណើរការ​ឧស្សាហកម្ម ដែល​ប្រើប្រាស់​សារធាតុ​បន្ថែម និង​គ្រឿងផ្សំ​ខុស​ពី​ធម្មជាតិ​។ អាហារ​ទាំងនេះ​រួម​មាន ភេសជ្ជៈ​មាន​ជាតិ​ស្ករ អាហារ​សម្រន់​ដែល​បាន​វេច​ខ្ចប់​ស្រាប់ អាហារ​កក និង​អាហារ​ដែល​ត្រៀម​រួច​ជា​ស្រេច ដែល​អាច​ត្រូវ​បាន​រៀបចំ​យ៉ាង​រហ័ស​ក្នុង​មីក្រូ​វ៉េវ​។ ពួក​វា​មាន​ផ្ទុក​ជាតិ​ខ្លាញ់ ស្ករ និង​អំបិល​ច្រើន ដើម្បី​បង្កើន​រសជាតិ និង​ទុក​បាន​យូរ​។

ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​អាហារ​កែ​ច្នៃ​ជ្រុល

អ្នកជំនាញ​ផ្នែក​ធាត់​ឈានមុខ​គេ និង​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​សុខភាព​ជាតិ​សហរដ្ឋអាមេរិក បាន​ធ្វើការ​សិក្សា​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ទាក់ទង​នឹង​អាហារ​កែ​ច្នៃ​។ គាត់​បាន​ជ្រើសរើស​មនុស្ស​ពេញវ័យ​ចំនួន 20 នាក់​ដែល​មាន​ទំងន់​រាង​កាយ​ថេរ ហើយ​បាន​បែងចែក​ពួក​គេ​ជា​ពីរ​ក្រុម​៖ ក្រុម​មួយ​ទទួលទាន​អាហារ​កែ​ច្នៃ​ជ្រុល និង​មួយ​ក្រុម​ទៀត​ទទួលទាន​អាហារ​ធម្មតា​។

ក្រុម​ទាំង​ពីរ​ត្រូវ​បាន​ផ្តល់​អាហារ​ដែល​មាន​មាតិកា​អាហារូបត្ថម្ភ និង​កាឡូរី​សរុប​ដូច​គ្នា​។ លទ្ធផល​បាន​បង្ហាញ​ថា​ក្រុម​ដែល​ទទួលទាន​អាហារ​កែ​ច្នៃ​ជ្រុល​មាន​បរិមាណ​កាឡូរី​ជា​មធ្យម 500 ច្រើន​ជាង​ក្រុម​ដែល​មិន​ទទួលទាន​អាហារ​កែ​ច្នៃ​ជ្រុល​។ នេះ​បាន​ធ្វើ​ឱ្យ​ទម្ងន់​ខ្លួន​របស់​ពួក​គេ​កើន​ឡើងជា​មធ្យម ០,៩ គីឡូក្រាម​។ ហេតុផល​អាច​ដោយសារ​តែ​អាហារ​កែ​ច្នៃ​ជ្រុល​ជំរុញ​ការ​ផលិត ghrelin (​អរ​ម៉ូ​ន​ដែល​រំញោច​ភាព​អត់ឃ្លាន​) និង​កាត់​បន្ថយ​កម្រិត leptin (​អរ​ម៉ូ​ន​ដែល​គ្រប់គ្រង​ការ​ឆ្អែត​) ធ្វើ​ឱ្យ​មនុស្ស​មិនដឹង​ពី​ការ​ទទួលទាន​លើស​កម្រិត​ទាំង​បរិមាណ​អាហារ និង​កាឡូរី​។

ការ​ស្រាវជ្រាវ​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា​ការ​ទទួលទាន​អាហារ​កែ​ច្នៃ​ជ្រុល​ច្រើន​ពេក​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ចំនួន 32 រួម​ទាំង​ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី 2 និង​ជំងឺមហារីក ហើយ​ថែម​ទាំង​អាច​នាំ​ឱ្យ​ស្លាប់​មុន​អាយុ​ទៀត​ផង​។ ជា​ពិសេស ការ​ទទួលទាន​អាហារ​ទាំងនេះ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​សរសៃឈាម​បេះដូង​បាន 50% និង​បង្កើន​ហានិភ័យ​នៃ​បញ្ហា​ទាក់ទង​នឹង​ការ​ថប់​បារម្ភ និង​បញ្ហា​ផ្លូវចិត្ត​ពី 48% ទៅ 53% ។ លើស​ពី​នេះ អាហារ​កែ​ច្នៃ​ជ្រុល​ក៏​រួមចំណែក​បង្កើន​ហានិភ័យ​នៃ​ការ​ធាត់ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី 2 ការ​គេង​មិន​លក់ និង​ជំងឺ​ជា​ច្រើន​ទៀត​ជិត 50% ។

អ្នក​ស្រាវជ្រាវ​ជា​ច្រើន​បាន​អត្ថាធិប្បាយ​លើ​ការងារ​នេះ​ថា “​សរុប​មក ការ​សិក្សា​ណែនាំ​ថា ការ​ទទួលទាន​អាហារ​កែ​ច្នៃ​ក្នុង​បរិមាណ​ច្រើន​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ស្ទើរតែ​ទាំងអស់​នៅ​ក្នុង​រាង​កាយ​”៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ