ខេត្តមណ្ឌលគិរី ៖ ដំរីព្រៃ ឬដំរីអាស៊ីឈ្មោលចំនួន០១ក្បាល អាយុប្រហែល៣០ឆ្នាំ និងមានទម្ងន់ប្រមាណ៣តោន ត្រូវបានអ្នកភូមិប្រទះឃើញស្លា.ប់នៅក្នុងរណ្ដៅគ្រាប់បែក ដែលបន្សល់ទុក តាំងពីសម័យសង្គ្រាមមួយកន្លែង ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃកែវសីមា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ។ នេះបើយោងតាមក្រសួងបរិស្ថានបានបង្ហោះ ។
លោក ឌិន ប៊ុនធឿន ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានឱ្យដឹងថា មន្ត្រីជំនាញ បានសហការជាមួយមន្ត្រីអង្គការ WCS និងអាជ្ញាធរមូលដ្ឋានបានអន្តរាគមន៍ស្រង់ដំរីព្រៃ ពីរណ្តៅដី រួចហើយនៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីធ្វើកោសលវិច្ច័យដោយពីមន្ត្រីជំនាញពេទ្យសត្វ ។
ក្រុមការងារជំនាញ នៅលើទីតាំងបានសន្និដ្ឋានជំហានដំបូងថា ដំរីព្រៃមួយក្បាលនេះ ប្រហែលជាប់ផុងមួយរយៈពេលមុននឹងស្លា.ប់ក្នុងយៈពេល១ថ្ងៃទៅ២ថ្ងៃ មុនពេលអ្នកស្រុកបានប្រទះឃើញ និងបានរាយការណ៍មកមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ។
តាមការពិនិត្យដោយផ្ទាល់ស.ពដំរី មានស្នាមរបួសជើងមុខ ហើយជាដំរីមួយ ក្នុងចំណោម ហ្វូងរបស់វា មានចំនួនពី១០ទៅ២០ក្បាល ធ្លាប់បានបង្ហាញខ្លួននៅតំបន់នេះម្តងមកហើយ កាលពីខែមេសា កន្លងទៅ ។
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានសម្តែងការសោកស្តាយយ៉ាងខ្លាំង និងចាត់ទុកការស្លា.ប់ដំរី១ក្បាលនេះថា ជាការបាត់បង់ធនធានធម្មជាតិដ៏មានសារៈសំខាន់ ។ អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ហ្វូងដំរីព្រៃ ឬដំរីអាស៊ី នៅតាមតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគីរី បានបង្ហាញខ្លួនញឹកញាប់ និងមានចំនួនច្រើនជាងបណ្តាឆ្នាំកន្លងទៅដែលបង្ហាញពីលទ្ធផលបញ្ជាក់ថា ពួកវារស់នៅសុខសាន្ត និងបង្កើតកូនចៅជាបន្តបន្ទាប់ ហើយអាចបញ្ជាក់បានថា ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ធានាបាននូវប្រព័ន្ធអេកូឡូស៊ីបរិស្ថានបានល្អប្រសើរ នៅតាមប្រព័ន្ធការពារធម្មជាតិ ។
ឯកឧត្តម ខ្វៃ អាទិត្យា បានជំរុញឱ្យមានការចូលរួមពង្រឹងកិច្ចសហការពីអ្នកពាក់ព័ន្ធក៏ដូចជា ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរបន្ថែមទៀតក្នុងការអភិរក្សសត្វដំរីជាពិសេសការការពារទីជម្រករបស់របស់វា ។ ក្រៅពីជំរុញសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ និងការស្តារទីជម្រក អ្នកនាំពាក្យក្រសួងបរិស្ថានបានជំរុញឱ្យកាត់បន្ថយជម្លោះរវាងមនុស្ស និងដំរី កុំឱ្យមានការប្រមាញ់សត្វព្រៃជាចាំបាច់ និងជួយបង្កើននូវជម្រកបៃតង គឺបង្កើនគម្របព្រៃសម្រាប់ការរស់នៅសុខសាន្តរបស់ជីវៈចម្រុះដូចជា ភេទសត្វដំរីជាដើម ។
សូមបញ្ជាក់ថា ដំរីព្រៃ ឬដំរីអាស៊ី គឺជាប្រភេទសត្វដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វងាយរងគ្រោះជិតផុតពូជនៅលើសកលលោក ។ ដំរីនៅអាស៊ី មានប្រមាណពី៤០០០០ទៅ៥០០០០ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសព្វថ្ងៃក្នុងនោះប្រហែល៧៥ភាគរយ រស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា ។
យោងតាមការសិក្សា DNA លើចំនួនសត្វដំរីព្រៃរបស់មន្ត្រីជំនាញ ក្រសួងបរិស្ថាន សហការជាមួយដៃគូនាពេលកន្លងមក ដំរីអាស៊ីមានចំនួនប្រមាណ៣៥០ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ ។ ចំណែកនៅទូទាំងប្រទេសកម្ពុជាដំរីអាស៊ីមានប្រមាណពី៤០០ ទៅ៦០០ក្បាលដែលភាគច្រើន រស់នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត ៕
ចែករំលែកព័តមាននេះ