សម្រាប់បងប្អូនកម្មករ និយោជិត បុគ្គលិកក្រុមហ៊ុន និងបណ្តាអង្គការស្ថាប័ននានា ជាង១លាននាក់ដែលធ្វើការប្តូរប្រាក់ខែ គឺសូមលើកកម្ពស់ការប្រុងប្រយ័ត្នលើការចំណាយ ហើយប្រុងប្រៀបរឹតត្បិតឲ្យមែនទែន ពីព្រោះវានៅសល់យូរថ្ងៃទៀតទម្រាំដាច់ខែ ក្រោយពេលដែលយើងទាំងអស់គ្នាបានចំណាយលើសលុបកាលពីដើមខែ ។
ភ្ជុំបិណ្ឌឆ្នាំនេះ គឺហេង ដោយសារតែវាបានមកដល់នៅពេលដែលប្រាក់ខែចាប់ផ្តើមបើក ។ ដូច្នេះការចំណាយលើការធ្វើដំណើរ ការកម្សាន្ត ការជួបជុំបងប្អូន ការធ្វើបុណ្យធ្វើទាន ការជូនឪពុកម្តាយ គឺមិនមានអ្វីដែលបារម្ភពីព្រោះថវិកាមានពេញដៃ ដើម្បីចំណាយ ។ ប៉ុន្តែវាអាចនឹងស៊យ ប្រសិនបើយើងចាយដោយមិនមានផែនការទុកជាមុន ពីព្រោះចាប់ពីពេលនេះតទៅ វានៅរយៈពេលដល់ទៅជាង២០ថ្ងៃទៀតឯណោះទើបដាច់ខែ ។ រាល់ការចាយវាយប្រចាំថ្ងៃចាប់ពីពេលនេះតទៅ សូមលើកកម្ពស់ការប្រុងប្រយ័ត្ន និងធ្វើការរឹតត្បិតបន្តិចដើម្បីកុំអោយវាក្លាយជាបន្ទុកសម្រាប់ខែក្រោយៗទៀត ។
មកដល់ពេលនេះ ជាសំណាងដែរ ដោយសារតែប្រាក់ខែជាទូទៅនៅកម្ពុជានៅតាមក្រុមហ៊ុនជាច្រើន គឺគេទូទាត់ម្តងកន្លះខែម្តង ដូច្នេះយើងអាចនឹងមានលុយបម្រុងខ្លះ ប៉ុន្តែកុំភ្លេចលៃលកឲ្យគ្រប់គ្រាន់ ពីព្រោះថា ម្នាក់ៗអាចស្ថិតនៅក្នុងស្ថានភាពប្រឈម ពីព្រោះបងប្អូនមួយចំនួនជាប់បញ្ហាបង់រំលោះ តាំងពីទូរស័ព្ទ ម៉ូតូ ឫ ក៏សម្ភារ:ប្រើប្រាស់ផ្សេងៗ ។
សម្រាប់បងប្អូនមន្ត្រីរាជការស៊ីវិល ដែលមានប្រមាណជាជាង២២ម៉ឺននាក់ ប្រហែលជានៅក្នុងលក្ខខណ្ឌ មួយប្រសើរបន្តិចពីព្រោះរដ្ឋដឹងអំពីបញ្ហានេះ ហើយនឹងរៀបចំបើកប្រាក់ខែលឿនជាងពេលធម្មតា ។ តែ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីលុយឧបត្ថម្ភ៥ម៉ឺនរៀលដែលបានធ្វើកាលពីមុនភ្ជុំបិណ្ឌ និងការរៀបចំឲ្យបើកប្រាក់លឿនជាធម្មតានេះ គឺមិនមានអ្វីបន្ថែមទៀតដែលនោះក៏ជាហានិភ័យផងដែរ ប្រសិនបើមិនចេះគ្រប់គ្រងសាច់ប្រាក់ឲ្យបានត្រឹមត្រូវ និងរឹតត្បិតការចំណាយប្រចាំថ្ងៃ ច្បាស់លាស់ទេនោះ ។
បន្ទាប់ពីយើងចំណាយលុយដ៏សប្បាយនៅក្នុងព្រឹត្តិការណ៍៣ថ្ងៃ ពីថ្ងៃទី១ ដល់ទៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ហើយអ្នកខ្លះរហូតដល់មួយសប្តាហ៍ ពោល គឺមុនព្រឹត្តិការណ៍ភ្ជុំមកដល់ និងក្រោយបិទបញ្ចប់ព្រឹត្តិការណ៍ថវិកាកំពុងតែរីងស្ងួតពីហោប៉ៅ ឬពីគណនីធនាគារនានា ប្រសិនបើយើងគ្មានចំណាត់ការសន្សំទេនោះ វានឹងនាំអោយមានបញ្ហាកង្វះសាច់លុយជាបន្តបន្ទាប់ ។
មធ្យោបាយនៃការសន្សំសំចៃនៅពេលនេះ គឺមិនមែនអ្វីក្រៅពីកាត់បន្ថយការចំណាយប្រចាំថ្ងៃនោះទេ ។ ការសន្សំនេះ គឺយើងអាចធ្វើតាមរយៈការកាត់បន្ថយសកម្មភាពទទួលទានអាហារនៅខាងក្រៅ តាំងពីអាហារ តាំងពីកាហ្វេ និងសកម្មភាពនៃការចំណាយផ្សេងៗដែលយើងធ្លាប់ធ្វើជាប្រចាំនៅពេលដែលយើងនៅមានខ្ទង់ចំណាយ ។
ម្ហួបអាហារ គួរតែកាត់បន្ថយពីសាច់មកជាបន្លែដែលអាចរកបានងាយៗតម្លៃថោក តែមានអត្ថប្រយោជន៍ដល់សុខភាព ។ ពពួកបន្លែដែលថោកៗ និងមានគុណភាពខាងវីតាមីនសម្រាប់ សុខភាព ដូចជា ពពួកបន្លែស្លឹកបាស ផ្ទី ល្ពៅ ត្រកួន ស្ពៃ ស្លឹកងុប ស្អំ … ដែលពលរដ្ឋអាចដាំ និងបេះយកមកលក់នៅខែនេះមានតម្លៃសមរម្យមែនទែន ។
ជាមួយនឹងពពួកបន្លែទាំងនេះយើងអាចស្ងោរ អាចឆា អាចស្រុះទឹកក្តៅ ទទួលទានតាមការចូលចិត្ត ដោយពេលខ្លះមិនចាំបាច់សាច់ទេ គឺត្រឹមតែជាមួយនឹងទឹកស៊ីអ៊ីវ ឬជាមួយនឹងពពួកស៊ុត ក៏មានជីវជាតិគ្រប់គ្រាន់ដើម្បីទ្រទ្រង់សុខភាពប្រចាំថ្ងៃដែលអាចអោយយើងមានកម្លាំងកំហែងធ្វើការងារបាន ។ អាហារទាំងនេះវាថោកមែន ប៉ុន្តែវាអាចនឹងមានគុណតម្លៃផ្នែកអាហារូបបត្ថម្ភប្រសើរជាងពពួកអាហារនៅក្រៅផ្ទះ ដែលមានដូចជាបាយស្រូប ឬគុយទាវ ដែលអស់លុយ គួរសមហើយ គឺបានមកវិញនូវការលើសសាច់ លើសខ្លាញ់ លើសស្ករ ដែលប៉ះពាល់ដល់សុខភាពរបស់យើងផងដែរ ។
នៅក្នុងអំឡុងពេលនេះនរណាថា យើងរិះថាំក៏ថាចុះ ប៉ុន្តែសំខាន់យើងចេះម្ចាស់ការលើការរៀបចំខ្ទង់ចំណាយចំណូលរបស់យើងច្បាស់លាស់ ។ ប្រសិនបើយើងអាចរំដោះបញ្ហានៃការចំណាយធំជាងចំណូលបាន នោះយើងនឹងអាចធានានិរន្តរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់យើងដែលនាំដល់ការម្ចាស់ការលើការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារបានថែមទៀត ។
ការដែលយើងរិះយើងថាំ តែសុខភាព និងថាមពលយើងនៅតែមានសក្តានុពលសម្រាប់ការងារ វា គឺជាភាព វិជ្ជមានមួយហើយនៅពេលណាដែលយើងរំដោះខ្លួនយើងចេញពីបញ្ហាអតុល្យភាពនៃការចំណាយនិងចំណូលហើយ យើងអាចសម្រេចចិត្តធ្វើការកែប្រែវិញក៏តាមចិត្ត ។ ប៉ុន្តែជាយោបល់ យើងគួរតែបន្តពីព្រោះ យើងអាចស៊ាំនឹងការរឹតត្បិតស្រាប់ ហើយកុំអោយទម្លាប់ខ្ជះខ្ជាយពីមុនវិលមកវិញពិបាកកៃខៃ ឬដាក់កម្រិតខ្លួនឯង ។
សរុបមកវិញការសន្សំអាចជួយយើងឲ្យមានទុនប្រើប្រាស់គ្រប់គ្រាន់ និងកាត់បន្ថយការរស់នៅដោយខ្វះសាច់ប្រាក់ចំណាយប្រចាំថ្ងៃនៅពេលអនាគត ។ ការរីកចម្រើនក្នុងជីវភាពរបស់យើងម្នាក់ៗមិនអាចសម្រេចបានដោយគ្រាន់តែចំណាយអស់ទេ តែត្រូវការការរៀបចំផែនការច្បាស់លាស់ ក្នុងការសន្សំប្រាក់ ។ យើងគួរតែចាប់ផ្តើមផ្លាស់ប្តូរការចំណាយជាអាទិភាព ដោយផ្តោតលើការសន្សំប្រាក់ ហើយពង្រឹងការហូបចុកដែលអស់លុយតិចតែមានគុណតម្លៃសម្រាប់សុខភាព និងថាមពលសម្រាប់ការងារ ៕
ចែករំលែកព័តមាននេះ