រាជធានីភ្នំពេញ ៖ ហឹបវិញ្ញាសាទាំងអស់សម្រាប់ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងដែលនឹងប្រព្រឹត្តិទៅថ្ងៃ ០៨ តុលា ២០២៤ ត្រូវបានដឹកជញ្ជូនទៅរក្សាទុកនៅតាមរដ្ឋបាលសាលារាជធានី-ខេត្ត ប្រកបដោយសុវត្ថិភាព នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ នារសៀលថ្ងៃទី៥ តុលា ២០២៤ បានលើកឡើងថា ក្នុងដំណើរការ នៃការទុកដាក់ហឹបវិញ្ញាសានេះ មានការចូលរួមពិនិត្យយ៉ាងហ្មត់ចត់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ គណៈមេប្រយោគ គណៈកម្មការអប្បមាទ ទូទាំងប្រទេស អនុគណៈកម្មការអប្បមាទ ទូទាំងប្រទេស ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីរក្សាបាន នូវស្តង់ដា នៃការប្រឡងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
ក្រសួងអប់រំ ក៏ថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះភាគីពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការការពារសុវត្ថិភាពក្នុងដំណើរការ នៃការដឹកហឹបវិញ្ញាសាទៅតាមបណ្ដាខេត្តនានា ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧,០៤០នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩,៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧,៦៨២ នាក់ (ស្រី ៥១,១៦៧នាក់) ។
បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្តលើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស ។
មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥,៥៣៣ បន្ទប់ ក្នុងនោះ ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣ មណ្ឌល ត្រូវជា ១,៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១បន្ទប់។ មណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០មណ្ឌល ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ