រាជធានីភ្នំពេញ ៖ រយៈពេល៦ថ្ងៃ ដែលរាជរដ្ឋាភិបាល ផ្ដល់រថយន្តក្រុងជិះដោយមិនបង់ប្រាក់ ទៅមកតាមបណ្ដាខេត្ត ក្នុងពីធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤ មានពលរដ្ឋជាង ៧ម៉ឺននាក់ បានទទួលសេវានេះ ។
លោកស្រី ដោ សម្ផស្ស នាយកទីចាត់ការរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះថា រយៈពេល០៦ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ បងប្អូនប្រជាពលរដ្ឋសរុបចំនួន ៧១,៣៦០នាក់ បានទទួលសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ ដើម្បីទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តខេត្តភាគឦសាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ប្រកបដោយផាសុកភាព សុវត្ថិភាព និងរីករាយ ។
លោកស្រី ដោ សម្ផស្ស បន្ថែមថា តាមរយៈលោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បងប្អូនប្រជាពលរដ្ឋបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានផ្តល់សេវាដឹកជញ្ជូនដោយមិនបង់ប្រាក់ ជួយសម្រាលបន្ទុកចំណាយលើការធ្វើដំណើរបានយ៉ាងច្រើន ។
គួររំលឹកថា ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូនកម្មករ និយោជិត និងប្រជាពលរដ្ឋទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាន នៃប្រទេស មានរយៈពល៦ថ្ងៃ ដោយចាប់ផ្តើមចេញដំណើរពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ខែតុលា ឆ្នាំ២០២៤ ដោយប្រើប្រាស់រថយន្តក្រុងចំនួន ៦៥៣គ្រឿង និងមានផ្ដល់ភេសជ្ជៈ ទឹកបរិសុទ្ធជូនប្រជាពលរដ្ឋពេលឡើងជិះរថយន្តក្រុងផងដែរ ៕










ចែករំលែកព័តមាននេះ