ទីក្រុងបាងកក៖ ប្រទេសថៃទើបតែជួបប្រទះនឹងហេតុការណ៍ឆេះឡានក្រុងដឹកសិស្សសាលា និងគ្រូបង្រៀនមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែនៅព្រឹកថ្ងៃសៅរ៍មានហេតុការណ៍ឆេះឡានតាក់ស៊ីមួយគ្រឿងដែលដឹកអ្នកដំណើរពេញប្រៀប។ សាក្សីនិយាយថាឡាននេះកំពុងបើកនៅលើផ្លូវសុខៗស្រាប់តែផ្អៀងទៅម្ខាង និងឆេះនៅក្នុងភ្លើងយ៉ាងសន្ធោសន្ធៅមួយរំពេច។
សំណាងល្អហេតុការណ៍នោះមិនបានបណ្ដាលឱ្យនរណាម្នាក់ស្លាប់ទេព្រោះមានអ្នកដំណើរម្នាក់មានចិត្តក្លាហានគ្រាន់បើ អាចជួយអ្នកនៅក្នុងរថយន្តនោះរំដោះខ្លួនចេញមកខាងក្រៅគ្រប់ៗគ្នា។ មានន័យថានៅពេលភ្លើងទើបតែចាប់ផ្ដើមឆេះល្មមៗ មនុស្សចាប់ផ្ដើមចេញពីខាងក្នុងឡានជាបន្តបន្ទាប់រហូតដល់អស់រលីងមុនពេលឡាននេះឆាបឆេះយ៉ាងពេញបន្ទុក។
នៅពេលសមត្ថកិច្ច រួមជាមួយក្រុមអ្នកពន្លត់អគ្គិភ័យ និងក្រុមអ្នកជួយសង្គ្រោះចុះទៅដល់កន្លែងកើតហេតុ គេឃើញថារថយន្តតាក់ស៊ីនោះឆេះនៅក្នុងភ្លើងយ៉ាងសន្ធោសន្ធៅនៅកណ្ដាលទ្រូងផ្លូវ។ ពេលនោះ តៃកុងឡាន និងអ្នកដំណើរបួននាក់បានចាកចេញពីក្នុងឡានអស់ហើយ។ គ្រាន់តែថាតៃកុងឡានរាងរបួសធ្ងន់គួរសមដែរ។ បុគ្គលិកសង្គ្រោះបន្ទាន់បានផ្ដល់ការសង្គ្រោះបឋមចំពោះគាត់ និងដឹកគាត់ទៅមន្ទីរពេទ្យ។
រហូតមកដល់ពេលនេះ គេមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដនៅពីក្រោយហេតុការណ៍ឆេះលើកនេះនៅឡើយទេព្រោះសមត្ថកិច្ចកំពុងស៊ើបអង្កេត។ ប៉ុន្តែសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថាប្រហែលជាមិនមែនដោយសារការធ្លាយហ្គាសទេ។ បើធ្លាយ ឬផ្ទុះធុងហ្គាសមែនប្រហែលជាអ្នកនៅក្នុងឡានតាក់ស៊ីនេះមិនអាចជម្លៀសខ្លួនទាន់ពេលទេ ហើយប្រហែលជាអាចមានអ្នកស្លាប់នៅក្នុងឡាននេះជាមិនខានឡើយ។
សមត្ថកិច្ចនឹងពិនិត្យមើលលក្ខណៈបច្ចេកទេសរបស់រថយន្តនេះ ហើយនឹងសាកសួរអ្នកពាក់ព័ន្ធទាំងអស់។ សារព័ត៌មាននៅក្នុងស្រុកចុះផ្សាយថាបន្ទាប់ពីឡានតាក់ស៊ីផ្អៀងទៅម្ខាង អ្នកដំណើរម្នាក់ភេទស្រីដែលមានស្មារតីនៅរឹងប៉ឹងបានធាក់ទ្វារឡានឱ្យរបើក ហើយចាប់ទាញអ្នកដំណើរនៅក្នុងឡានឱ្យចេញមកខាងក្រៅ។ នៅក្នុងចំណោមនោះមានកុមារតូចម្នាក់។
អ្នកដំណើរទាំងនោះមិនមែនមិនត្រូវរបួសសោះនោះទេ។ ពួកគាត់ភាគច្រើនត្រូវរបួសស្រាល ដាច់រលាត់ស្បែក ហើយមានអារម្មណ៍ភ័យតក់ស្លុតឡើងញ័រខ្លួន។ ដោយឡែក តៃកុងឡានដែលរងរបួសធ្ងន់នោះកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយទេ៕
ចែករំលែកព័តមាននេះ