ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​ក្មេង​ប្រុស​ស្រី​២​នាក់ ករណី​លិច​ទូក​កណ្តាលទន្លេ ពេល​ជិះ​ឆ្លង​មក​ពី​លេង​បងប្អូន​វិញ

2 ខែ មុន

ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍ លិច​ទូក​ឈើ ១​គ្រឿង​ កាលពី​វេលា​ម៉ោង​០៦ និង​២០​នាទី​យប់​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​សំ​រិ​ទ្ធ​ជ័យ…

ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍ លិច​ទូក​ឈើ ១​គ្រឿង​ កាលពី​វេលា​ម៉ោង​០៦ និង​២០​នាទី​យប់​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​សំ​រិ​ទ្ធ​ជ័យ ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខណៈ​ដែល​ក្មេង​រង​គ្រោះ​ទាំង​២​នាក់ ជិះទូក​ឆ្លងទន្លេ ជាមួយ​ឪពុក ត្រឡប់​មក​ពី​លេង​ក្រុម​គ្រួសារ​វិញ ជួប​ភ្លៀង​និង​ខ្យល់​ខ្លាំង បណ្តាល​ឱ្យ​ក្រឡាប់​ទូក ។

លោក ន​ន ស៊ី​ណាត អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា នេះ​ថា ក្រោយ​ពេល​កើតហេតុ លោក ស៊ុន សុ​វ​ណ្ណា​រិ​ទ្ឋិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ដឹកនាំ​កម្លាំង​សម​ត្ថិ​កិច្ច​ចម្រុះ ចុះ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ភ្លាម​ៗ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ប្រជា​ការពារ និង​ប្រជាពលរដ្ឋ ដើម្បី​ស្វែងរក​ក្មេង​ប្រុស​ស្រី​២​នាក់ ដែល​បាន​បាត់​ខ្លួន រហូត​ដល់​ម៉ោង​១១​យប់ ។

អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ បុរស​ឈ្មោះ ហាប់ មូ​សា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម រស់នៅ​ភូមិ​សំ​រិ​ទ្ធ​ជ័យ ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច បាន​ជិះទូក បំពាក់​ម៉ាស៊ីន ១​គ្រឿង មាន​គ្នា​៤​នាក់ ក្នុង​នោះ​មានកូន​បង្កើត​២​នាក់ និង​ក្មួយ​ប្រុស​ម្នាក់ ត្រឡប់​ពី​មក​លេង​បងប្អូន​នៅ​ត្រើយម្ខាង​ទន្លេ​វិញ ។ តែ​ជា​អកុសល នៅ​ពេល​ទូក​បាន​ឆ្លង​ជិត​ពាក់​កណ្តាលទន្លេ ស្រាប់តែ​មាន​ភ្លៀង និង​ខ្យល់​ខ្លាំង បាន​បោកបក់​មក​ចំ​ទូក បណ្តាល​ក្រឡាប់​លិច​តែ​ម្តង ។ ក្នុង​ស្ថានភាព​នេះ មនុស្ស​២​នាក់ ជួយ​សង្គ្រោះ​បាន គឺ​ឪពុក និង​កូន​តូច អាយុ​៥​ឆ្នាំ ចំណែក​ក្មេង​ប្រុស​ស្រី​២​នាក់​ទៀត កំពុង​បាត់​ខ្លួន​នៅឡើយ ។

លោក ន​ន ស៊ី​ណាត បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាំង​៤​នាក់ រួម​មាន ៖
១. ឈ្មោះ ហាប់ ម៉ូ​សា អាយុ​៤៦​ឆ្នាំ ត្រូវជា​ឪពុក និង​ជា​ម្ចាស់​ទូក (​សង្គ្រោះ​បាន​)
២. ឈ្មោះ ម៉ូ​សា អាប់​ទល់​ឡោះ ភេទ​ប្រុស អាយុ​៥​ឆ្នាំ ត្រូវជា​កូន (​សង្គ្រោះ​បាន​)
៣. ឈ្មោះ ម៉ូ​សា ណូ​ត​ហា​យ៉ា​ទី ភេទ​ស្រី អាយុ​១៤​ឆ្នាំ ត្រូវជា​កូន (​បាត់​ខ្លួន​)
និង​៤. ឈ្មោះ សុ​គ្រី យ៉ា​ម៉ា​ល់ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ នៅ​សង្កាត់​ច្រាំង​ចំរេះ​២ ខ័​ណ​ឫស្សី​កែវ ត្រូវជា​ក្មួយ (​បាត់​ខ្លួន​) ។

ប្រភព​ដដែល បាន​បន្ថែម​ថា ការ​ស្វែងរក​ជន​រង​គ្រោះ រហូត​ដល់​ម៉ោងជាង​១១​យប់ នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ ក្រោម​កិច្ច​ដឹក​ផ្ទាល់​ពី​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង ដែល​មាន​សមត្ថកិច្ច​ចម្រុះ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា​នេះ នឹង​បន្ត​ស្វែងរក​ក្មេង​រង​គ្រោះ ដែល​បាន​បាត់​ខ្លួន​ទាំង​២​នាក់​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ