ខេត្តកំពង់ស្ពឺ ៖ ក្រុមក្មេងទំនើងចំនួន០៤ នាក់ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ខណៈដែលក្រុមក្មេងទំនើងចំនួន០២ក្រុមប្រចាំផ្សាស្លាបលែង នៃស្រុកបសេដ្ឋត្រូវបានធ្វើសកម្មភាពបង្កហិង្សាយកកាំបិត ដែកបំពង់ទីបវាយកាប់គ្នាបង្កឱ្យមានការភ្ញាក់ផ្អើល។
បើយោងតាមការរាយការណ៍របស់លោក ចន សុភិន អធិការនគរបាលស្រុកបសេដ្ឋ ថាសមត្ថកិច្ចនគរបាលបានចេញប្រតិបត្ដិការស្ទាក់ឃាត់មុខសញ្ញាក្មេងទំនេីងចំនួន០២ក្រុម ដែលបានបង្កហិង្សាវាយកាប់ចាក់គ្នា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃ កាលពីវេលាម៉ោង ២០:និង៣០នាទីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិ៤១(ផ្លូវព្រះបាទអង្គឌួង) ស្ថិតនៅក្នុងភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
លោក អធិការនគរបាលស្រុកបសេដ្ឋបានបន្តថា ក្រុមក្មេងទំនើងទាំង ០២ក្រុម មានទំនាស់ជាមួយគ្នាយូរខែមកហេីយ ទើបតែថៃ្ងនោះបានដោះស្រាយកំហឹងចាស់ ហើយអ្នកខ្លះមានកាំបិតផ្គាក់ កាំបិតកាចែត និងដំបងដែកបំពង់ទីប។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋ លទ្ធផលជាក់ស្ដែងសមត្ថកិច្ចឃាត់មុខសញ្ញាក្មេងទំនើង បានចំនួន ០៤នាក់ ៖ទី១-ឈ្មោះ អេង សុខណាង ភេទប្រុស អាយុ២៤ឆ្នាំ ស្រុកកំណើតនៅភូមិទងត្រឡាច ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ បច្ចុប្បន្នភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ម្ចាស់កាំបិតផ្គាក់ដងដែក ទី២-ឈ្មោះ ប៉ុន បញ្ញា ហៅ អាត ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិក្បៀរ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ទី៣-ឈ្មោះ ប៊ូ រតន៍ ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិក្បៀរ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ និងទី៤-ឈ្មោះ កន អួក ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិតាដែងចាស់ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ។ក្រោយកម្លាំងនគរបាលឃាត់ខ្លួនក្រុមក្មេងទំនើង ដកហូតបាន ម៉ូតូចំនួន០២គ្រឿង និងកាំបិតកាចែត ០១ដើម រីឯបក្ខពួកផ្សេងទៀតបានរត់គេចខ្លួន ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកបសេដ្ឋបានបញ្ជូនក្រុមក្មេងទំនើងទាំងនោះ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ