ខេត្តឧត្តរមានជ័យ ៖ សង្កេតឃើញថា ចាប់តាំងពីអំឡុងថ្ងៃកាន់បិណ្ឌ រហូតដល់វេនទី១៤ មានពុទ្ធបរិស័ទជិតឆ្ងាយនាំគ្នាធ្វើម្ហូបចង្ហាន់ មានបាយសម្លរ នំអន្សម ភេសជ្ជ:ជាច្រើនមុខ ដើម្បីយកទៅប្រគេនព្រះសង្ឃដែលគង់នៅតាមវត្តទីអារាមនីមួយៗ ដោយគោរពប្រតិបត្តិតាមប្រពៃណីសាសនា
ព្រះពុទ្ធ ។

ជាក់ស្តែង កាលពីថ្ងៃទី២ និងទី៣ ខែតុលា ឆ្នាំ២០២៤ ក្នុងថ្ងៃបុណ្យភ្ជុំធំ ប្រជាពុទ្ធបរិស័ទជាច្រើននៅតែនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ស្ថិតនៅក្នុងបរិវេណវត្តប្រាសាទរាជាសំរោង និងទីអារាមផ្សេងៗទៀត ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់សំរោង ក្រុងសំរោង ឧត្តរមានជ័យ ។

បើយោងតាមព្រះគ្រូចៅអធិការវត្តប្រាសាទរាជសំរោងមានសង្ឃដីកាបញ្ជាក់ថា វត្តប្រាសាទរាជាសំរោងតាំងពីបិណ្ឌ១ រហូតដល់បិណ្ឌទី១៤ គឺពុំមានបាត់ប្រជាពុទ្ធបរិស័ទណាឡើយ គឺតែងតែមកពីគ្រប់ទិសទីតាំងពីព្រឹករហូតដល់ចង្ហាន់ត្រង់រៀងរាល់ថ្ងៃតែម្តង ។ ចំណែកចង្ហាន់មុខម្ហូបនំចំណី សម្រាប់ប្រគេនដល់ព្រះសង្ឃ គឺបបូរហូរហៀរ ហើយរយ:ពេល២សប្តាហ៍កន្លងមកនេះ។

ដោយឡែក នៅឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះដែរ នៅតាមខ្នងផ្ទះនីមួយៗមានបងប្អូនប្រជាពលរដ្ឋនៅតែបន្តវេចនំអន្សមតាមទំនៀមទម្លាប់ប្រពៃណីរបស់ដូនតាតៗគ្នារហូតមកដល់ពេលបច្ចុប្បន្ននេះ គ្រាន់តែអ្នកខ្លះ វេចនំអន្សមនារដូវបុណ្យភ្ជុំបិណ្ឌច្រើន ឬតិចប៉ុណ្ណោះ។

បើតាមប្រភពពីលោកស្រីឈ្មោះ ចែ ហ៊ួរ ពួកគេរស់នៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យបានរៀបរាប់បញ្ជាក់ប្រាប់ថា ជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃ រដូវបុណ្យភ្ជុំធំក្រុមគ្រួគ្រួសារគាត់គឺបានរៀបចំដូចជាសាច់ជ្រូក សណ្តែក ចេក ស្លឹកចេក ខ្សែចំណង ដើម្បីយកមក វេចនំអន្សម តាមទំនៀមទម្លាប់ប្រពៃណីខ្មែរជារៀងរាល់ឆ្នាំតែម្តង សម្រាប់ទុកឲ្យកូនក្រុមគ្រួសារ និងយកទៅវត្តផងដែរ។

គួររំលឹកថា នៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌធំដែលមានរយៈពេល២ ទៅ៣នេះ គេតែងតែសង្កេតប្រជាពលរដ្ឋក្រោយពីប្រគេនចង្ហាន់ នំអន្សមទេយ្យទានរួចមក នៅពេលធ្វើដំណើរត្រឡប់ទៅកាន់លំនៅឋានវិញ ក៏បាននាំគ្នាឈ្លាតឱកាសទៅលេងតាមតំបន់ទេសចរណ៍នានាក្នុងខេត្តយ៉ាងច្រើនកុះករផងដែរ ។

សូមជម្រាបផងដែរថា ចំពោះនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ នៅក្នុងរដូវបុណ្យភ្ជុំនេះ នៅតាមវត្តអារាមនីមួយៗ ខណៈពេលដែលបងប្អូនប្រជាពុទ្ធបរិស័ទ ដែលបានយកចង្ហាន់ម្ហូបអាហារ ទ័យទាន ស្លាដក់ទៅចូលក្នុងវត្តអារាម ចំពោះសន្តិសុខសុវត្ថិភាព គឺត្រូវបានរដ្ឋបាលខេត្តយកចិត្តទុកដាក់ឲ្យអាជ្ញាធរ ស្រុកក្រុង ឃុំសង្កាត់ សហការជាមួយកងកម្លាំងប្រដាប់អាវុធ ដែលពាក់ព័ន្ធ ដើម្បីរៀបចំសណ្តាប់ធ្នាប់ការពារសន្តិសុខសុវត្ថិភាព សាធារណ:ជូនបងប្អូនប្រជាពលរដ្ធ បានយ៉ាងល្អទទួលបានភាពជោគជ័យ៕



ចែករំលែកព័តមាននេះ