រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាសិក្សា២០២៣-២០២៤ សម័យប្រឡង ៖ ០៨ តុលា ២០២៤ រយៈពេល០២ថ្ងៃ គឺនៅថ្ងៃអង្គារ ទី០៨ និងថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ។
ក្នុងន័យនេះ ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរាជធានីភ្នំពេញ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសធានារក្សាបាន នូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈ នៅជុំវិញមណ្ឌលប្រឡង ទាំង៣២មណ្ឌល ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់បងប្អូនអាជីវករ ដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡង (ដូចមានក្នុងឯកសារឧបសម្ព័ន្ធ) ដូចខាងក្រោម ៖
១- ផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ិនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ។
២-ផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ការដ្ឋានសំណង់នានា ដែលស្ថិតនៅជុំវិញបរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ។
៣- ទីតាំងអាជីវកម្មផ្សេងទៀតដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេងរំខាន ឬ សកម្មភាពនានាដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន ។
៤- សម្រាប់ការផ្ញើទោចក្រយាន ទោចក្រយានយន្ត (កង់-ម៉ូតូ) នៅតាមមណ្ឌលប្រឡង មិនត្រូវបានបង់ប្រាក់ឡើយ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនអាជីវករទាំងអស់មេត្តាជ្រាប និងយោគយល់ដោយសេចក្តីអនុគ្រោះ ។ ក្រោយផុតរយៈពេល នៃការប្រឡងនេះ បងប្អូនអាជីវករទាំងអស់ អាចបើកដំណើរការអាជីវកម្មជាធម្មតាឡើងវិញ ។
ទទួលបានសេចក្ដីជូនដំណឹងនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជំនាញ និងបងប្អូនអាជីវករពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
ចែករំលែកព័តមាននេះ