ខេត្តតាកែវ ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ជាថ្ងៃបុណ្យភ្ជុំធំ នៅចំណុចស្ពានកំពង់លៀស ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីយុវជន៣នាក់ បាននាំគ្នាទៅលេងទឹកស្ទឹង ហើយត្រូវទឹកគួចទៅបាត់ បន្សល់ទុកសោនាដកម្មដល់ក្រុមគ្រួសារ ។
ជនរងគ្រោះទាំង៣នាក់មាន ១.ឈ្មោះ ជិន នូ ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
២.ឈ្មោះ ម៉េង ហ៊ាង ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិលេខ៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
៣.ឈ្មោះ ហេង មុន្នីហ៊ាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកោះតូច ឃុំពាមជីគង ស្រុកកងមាស ខេត្តកំពង់ចាម ។
សេចក្តីរាយការឲ្យដឹងទៀតថា នារសៀលថ្ងៃខែខាងលើ ក្រោយពីបញ្ចប់ពិធីរាប់បាតបុណ្យភ្ជុំធំ យុវជន៣នាក់បាននាំគ្នាទៅលេងទឹក ស្ទឹង នៅចំណុចស្ពានកំពង់លៀស ស្ថិតក្នុងភូមិកើតហេតុខាងលើ ខណទឹកកំពុងហូរខ្លាំង ក៏បានគួចយកយុវជនទាំង៣នាក់នោះទៅបាត់ ។
លុះដល់ព្រឹកឡើងថ្ងៃទី០៣ខែឆ្នាំដដែល លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ចុះស្វែងរកជនរងគ្រោះ ទាំងបីនាក់ដែលបានបាត់ខ្លួន រហូតដល់ម៉ោង១០និង៤៦នាទី ទើបរកឃើញសាកសពជនរងគ្រោះទាំង០៣នាក់ បន្ទាប់មកកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា លោកមេភូមិ លោកមេឃុំ និងលោកគ្រូពេទ្យឃុំ បង្កើតជាគណៈកម្មការធ្វើការពិនិត្យនិងសន្និដ្ឋានថាជនរងគ្រោះពិតជា បានស្លាប់ដោយសារ លង់ទឹក ប្រាកដមែន បន្ទាប់មកកម្លាំងយើងបានប្រគល់សាកសព ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ