ទីក្រុងប្រ៊ុចសែល៖ រដ្ឋជាសមាជិកអង្គការណាតូមិនគួរចាញ់ច្រាបភាសាសម្លុតរបស់លោកពូទីនបាក់ស្បាតលែងហ៊ានផ្ដល់អាវុធទៅឱ្យអ៊ុយក្រែន។ ខាងលើនេះជាសារដាស់តឿនរបស់អគ្គលេខាធិការអង្គការណាតូ លោកជេន ស្តុលថឹនបឺក (Jens Stoltenberg) បន្ទាប់ពីលោកពូទីនព្រមានជាថ្មីម្ដងថានឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
អគ្គលេខាធិការអង្គការណាតូចង់បញ្ចេញប្រតិកម្មតបទៅនឹងការលើកឡើងរបស់លោកពូទីនដែលចង់ផ្លាស់ប្ដូរនយោបាយនុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ី។ រុស្ស៊ីធ្លាប់មានគោលការណ៍ប្រើអាវុធនុយក្លេអ៊ែរបើប្រទេសដទៃបាញ់នុយក្លេអ៊ែរទៅលើទឹកដីខ្លួនជាមុន និងបើរុស្ស៊ីរងការគំរាមកំហែងធ្ងន់ធ្ងរចំពោះជោគវាសនា-អនាគតរបស់ខ្លួន (សិទ្ធិរស់រានមានជីវិត-existence)។
ប៉ុន្តែរុស្ស៊ីនឹងប្រកាន់គោលនយោបាយថ្មី។ ទី១-ទោះបីរុស្ស៊ីរងការវាយប្រហារពីរដ្ឋមិនមែននុយក្លេអ៊ែរក៏ដោយ សំខាន់ឱ្យតែមានរដ្ឋនុយក្លេអ៊ែរនៅពីក្រោយខ្នង រុស្ស៊ីនឹងប្រើនុយក្លេអ៊ែរ។ ទី២-បើរុស្ស៊ីរងការវាយប្រហារដោយមីស៊ីលក្ដី, យន្តហោះក្ដី ឬដ្រូនក្ដី សំខាន់ឱ្យតែទ្រង់ទ្រាយធំ រុស្ស៊ីនឹងប្រើនុយក្លេអ៊ែរ។ ទី៣-រុស្ស៊ីនឹងប្រើនុយក្លេអ៊ែរដើម្បីការពារបេឡារូស។
ការព្រមានរបស់លោកពូទីនធ្វើឡើងនៅពេលប្រទេសអាមេរិក និងសម្ព័ន្ធមិត្តកំពុងពិគ្រោះគ្នាថាតើត្រូវអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលចូលជ្រៅៗទៅក្នុងទឹកដីរុស្ស៊ីឬយ៉ាងណា។ នេះជាអ្វីដែលរដ្ឋាភិបាលទីក្រុងកៀវស្នើសុំជាយូរមកហើយ។ អគ្គលេខាធិការអង្គការណាតូថ្លែងថាអ្វីដែលយើងបានឃើញថ្មីៗនេះជាការបំផ្លោងវោហារសាស្ត្រដែលគ្មានការទទួលខុសត្រូវ។
យើងចំណាំមើលទៅ, លើកណាដែលយើងផ្ដល់អាវុធឱ្យអ៊ុយក្រែនជារថក្រោះ, មីស៊ីលរយៈចម្ងាយឆ្ងាយ ឬយន្តហោះអែហ្វ១៦ (F-16) រុស្ស៊ីនឹងប្រកាសថាខ្លួននឹងធ្វើបែបនេះ ឬបែបនោះ។ ប៉ុន្តែពួកគេបានត្រឹមតែនិយាយ។ ចាំមើលយើងជួយអ៊ុយក្រែនលើកហ្នឹងទៀត រុស្ស៊ីគ្មានហ៊ានធ្វើអ្វីទេ។ អង្គការណាតូមិនទាន់ឃើញសញ្ញាណាមួយថារុស្ស៊ីធ្វើសកម្មភាពថ្មីនៅក្នុងឃ្លាំងអាវុធរបស់ខ្លួនទេ។ ដូច្នេះយើង (ណាតូ) ក៏មិនទាន់ចេញសកម្មភាពអ្វីដែរ។
គ្រប់ជម្រើសទាំងអស់សុទ្ធតែប្រឈមនឹងគ្រោះថ្នាក់
លោកស្តុលថឹនបឺកថ្លែងថាចំណុចគ្រោះថ្នាក់បំផុតសម្រាប់អង្គការណាតូគឺការបណ្ដោយឱ្យលោកពូទីនឈ្នះសង្គ្រាមអ៊ុយក្រែន។ សារនយោបាយនៅពេលនេះគឺថា «នៅពេលគាត់ប្រើកម្លាំងទ័ព និងនៅពេលគាត់អាចសម្លុតគំរាមកំហែងសមាជិកអង្គការណាតូបានហើយ ពេលនោះគាត់អាចនឹងទទួលបាននូវអ្វីដែលគាត់ចង់បាន។ ពេលនោះយើងនឹងរងគ្រោះកាន់តែខ្លាំង។ នៅក្នុងសង្គ្រាមគ្មានជម្រើសមួយណាល្អជាងមួយណាទេ។ គ្រប់ជម្រើសទាំងអស់សុទ្ធតែប្រឈមនឹងគ្រោះថ្នាក់»៕
ចែករំលែកព័តមាននេះ