ទីក្រុងកៀវ៖ ថ្មីៗនេះ ប្រទេសរុស្ស៊ីវាយប្រហារជាថ្មីទៀតដោយយន្តហោះដ្រូនទៅលើរដ្ឋធានីកៀវរបស់ប្រទេសអ៊ុយក្រែន។ ទោះជាយ៉ាងណាក្ដី យោធាអ៊ុយក្រែនអះអាងថាខ្លួនអាចបាញ់ទម្លាក់យន្តហោះដ្រូនទាំងនោះស្ទើរតែទាំងអស់ដោយប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស។ ភាគីទាំងពីរតទល់គ្នានៅក្នុងឆាកប្រយុទ្ធនោះរយៈពេល៥ម៉ោងមុននឹងបិទបញ្ចប់ទៅវិញ។
សាក្សីនិយាយថាពួកគេស្ដាប់ឮសំឡេងផ្ទុះដ៏ខ្លាំងជាច្រើនលើកច្រើនសានៅទីក្រុងកៀវ។ នោះជាសំឡេងមីស៊ីលចេញពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនដែលបើកប្រតិបត្តិការតាមប្រមាញ់យន្តហោះដ្រូន។ ពួកគេនិយាយថាគេឃើញមានការបាញ់ទម្លាក់វត្ថុនានាពីលើអាកាស។ មន្ត្រីយោធាអ៊ុយក្រែនប្រចាំទីក្រុងកៀវថ្លែងថាយន្តហោះដ្រូនទាំងនោះបើមិនត្រូវអ៊ុយក្រែនបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសទេ ក៏ត្រូវធ្លាក់ដោយប្រព័ន្ធអគ្គិសនីរបស់អ៊ុយក្រែនផងដែរ។
តាមព័ត៌មានដែលគេទទួលបាន, ការប៉ះទង្គិចគ្នានោះមិនបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ ឬអាយុជីវិតរបស់មនុស្សទេ។ អភិបាលក្រុងកៀវ លោកវីថាលី ឃ្លីតឆ្កូ (Vitali Klitschko) ថ្លែងថាបំណែកយន្តហោះដ្រូនដែលបន្សល់ទុកពីការបាញ់ទម្លាក់នោះបានធ្លាក់ទៅលើផ្ទះរបស់ប្រជាជន។ ឥឡូវនេះ ទីភ្នាក់ងារសង្គ្រោះបន្ទាន់កំពុងតែធ្វើកិច្ចការនេះយ៉ាងដុតដៃដុតជើង។
កងទ័ពអាកាសអ៊ុយក្រែនថ្លែងនៅថ្ងៃចន្ទថានៅក្នុងចំណោមយន្តហោះដ្រូនសរុបដែលរុស្ស៊ីបញ្ជូនមក៧៣គ្រឿង អ៊ុយក្រែនអាចបាញ់ទម្លាក់បាន៦៧គ្រឿង។ ក្រៅពីនេះ អ៊ុយក្រែនក៏អាចបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ីបានមួយគ្រាប់ផងដែរនៅក្នុងចំណោមបីគ្រាប់។ អាជ្ញាធរអះអាងថាគ្មានការខូចខាតជាដុំកំភួនទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រជាជននៅតំបន់ខ្សែក្រវាត់ទីក្រុងកៀវទេ។ គ្រាន់តែមានអគ្គិភ័យកើតឡើងនៅក្នុងទីតាំង៥កន្លែង ហើយគ្មានមនុស្សរបួស ឬស្លាប់សូម្បីតែម្នាក់៕
ចែករំលែកព័តមាននេះ