រាជធានីភ្នំពេញ ៖ រថយន្តស្ទូចធុនធំ១គ្រឿង ខណៈពេលកំពុងឈប់រង់ចាំងភ្លើងស្តុបពណ៌ក្រហម ស្រាប់តែបែកទុយោប្រេង ធ្វើឲ្យហូរប្រេងម៉ាស៊ូតជាច្រើនលីត្រទៅលើផ្លូវ បន្ទាប់មក រថយន្តនេះបានបើកចេញពីកន្លែងកើតហេតុបាត់ ដោយអ្នកបើកបរពុំបានជូតឬលាងសម្អាតនោះឡើយ ។ បញ្ហានេះ បានបណ្តាលឲ្យម៉ូតូជាច្រើនគ្រឿង ដែលបើកបរធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើនោះ រអិលដួលជាបន្តបន្ទាប់ និងមានមនុស្សរងរបួសធ្ងន់និងស្រាលច្រើននាក់ផងដែរ ។

ហេតុការណ៍ខាងលើនោះបានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅខាងក្រោមផ្លូវស្ពានអាកាសមហាវិថីស៊ៅជីនពីង ហៅផ្លូវក្រវ៉ាត់ក្រុងទី៣ កែងផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋបានប្រាប់ថា នៅមុនពេលកើតហេតុមានរថយន្តស្ទូចធុនធំ១គ្រឿងបើកបរធ្វើដំណើរតាមបណ្តោយមហាវិថីសុីជីនពីង (ផ្លូវវាត់ក្រុងទី៣) ក្នុងទិសដៅពីត្បូងទៅជើង ប៉ុន្តែបើកតាមផ្លូវក្រោមស្ពាន ។ លុះពេលទៅដល់ចំណុចកើតហេតុខាងលើរថយន្តនេះបានឈប់រងចាំស្តុបក្រហម ខណៈនោះស្រាប់តែបែកទុយោប្រេង និងបានហូរប្រេងម៉ាស៊ូតជាច្រើនលីត្រមកលើផ្លូវ ។ ភ្លាមៗនោះប្រហែលជាអ្នកបើកបររថយន្តពុំបានដឹងឬយ៉ាងណានោះទេ ប៉ុន្តែអត់ព្រមឈប់ដើម្បីជូត ឬ លាងសម្អាតសិននោះទេ នៅពេលភ្លើងស្តុបលោតពណ៍ខៀវ ក៏បានបើកបន្តដំណើរទៅបាត់ស្រមោល ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយមកស្រាប់តែមានម៉ូតូច្រើនគ្រឿងដែលធ្វើដំណើរឆ្លងកាត់ទីនោះបានរអិលដួលជាបន្តបន្ទាប់ ហើយអ្នកបើកបរម៉ូតូ ក៏បានរងរបួសធ្ងន់និងស្រាលច្រើននាក់ទៀតផង ។ ខណៈពេលមានហេតុការណ៍បែបនេះកើតឡើងកម្លាំងប្រជាការពារភូមិនិងកម្លាំងសណ្តាប់ធ្នាប់ផ្សារជម្ពូវ័ន បានយកបារ៉ាស់ទៅដាក់ការពារឲ្យអ្នកដែលធ្វើដំណើរឆ្លងកាត់ត្រង់កន្លែងនោះ ដើម្បីបញ្ចៀសការគ្រោះថ្នាក់ ។ បន្ទាប់មកក៏បានទំនាក់ទំនងទៅកាន់រយន្តពន្លត់អគ្គិភ័យដែលប្រចាំការនៅសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីលាងសម្អាតកុំឲ្យមានម៉ូតូរអិលដួលបង្កគ្រោះថ្នាក់បន្តទៀត ៕







ចែករំលែកព័តមាននេះ