នៅពេលដែលកម្ពុជាបន្តដំណើរឆ្ពោះទៅរកទំនើបកម្មផ្នែកយោធា ភាពជាដៃគូជាមួយប្រទេសចិន រួមទាំងការប្រកាសផ្តល់អំណោយថ្មីៗជានាវាចម្បាំងពីរគ្រឿង និងការធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានទ័ពជើងទឹករាម គួរតែត្រូវបានគេមើលឃើញថាជាជំហានយុទ្ធសាស្ត្រមួយដើម្បីបង្កើនសមត្ថភាពការពារប្រទេស និងការពារអធិបតេយ្យភាពរបស់ខ្លួន មិនមែនព្រោះតែមូលហេតុភូមិសាស្ត្រនយោបាយ ឫ ការប្រកួតប្រជែងឥទ្ធិពលរបស់មហាអំណាចឡើយ។ មកដល់ពេលនេះរដ្ឋាភិបាលកម្ពុជាតែងតែបង្ហាញនូវគោលជំហរស្វែងរកការកសាងនិងពង្រឹងក៏ដូចជាការធ្វើទំនើបកម្មកងទ័ពរបស់ខ្លួនដោយរួមទាំងកងទ័ពជើងទឹក…
នៅពេលដែលកម្ពុជាបន្តដំណើរឆ្ពោះទៅរកទំនើបកម្មផ្នែកយោធា ភាពជាដៃគូជាមួយប្រទេសចិន រួមទាំងការប្រកាសផ្តល់អំណោយថ្មីៗជានាវាចម្បាំងពីរគ្រឿង និងការធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានទ័ពជើងទឹករាម គួរតែត្រូវបានគេមើលឃើញថាជាជំហានយុទ្ធសាស្ត្រមួយដើម្បីបង្កើនសមត្ថភាពការពារប្រទេស និងការពារអធិបតេយ្យភាពរបស់ខ្លួន មិនមែនព្រោះតែមូលហេតុភូមិសាស្ត្រនយោបាយ ឫ ការប្រកួតប្រជែងឥទ្ធិពលរបស់មហាអំណាចឡើយ។
មកដល់ពេលនេះរដ្ឋាភិបាលកម្ពុជាតែងតែបង្ហាញនូវគោលជំហរស្វែងរកការកសាងនិងពង្រឹងក៏ដូចជាការធ្វើទំនើបកម្មកងទ័ពរបស់ខ្លួនដោយរួមទាំងកងទ័ពជើងទឹក ។ ការចង់បាននេះមិនមែនដើម្បីកសាងកិត្យានុភាពកងទ័ពរបស់ខ្លួនដើម្បីប្រកួតប្រជែងជាមួយនឹងប្រទេសណានោះឡើយ គឺគ្រាន់តែចង់បានការ ពង្រឹងខឿនការពារជាតិ ការពារអធិបតេយ្យភាព និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងចូលរួមរក្សាសន្តិសុខអន្តរជាតិ។
នៅក្នុងគោលបំណងនេះ ការបង្កើនឡើងនូវល្បឿននិងសកម្មភាពនៃកិច្ចសហការនាពេលថ្មីៗនេះជាមួយប្រទេសចិន គឺស្របតាមគោលដៅដ៏ទូលំទូលាយរបស់កម្ពុជា ក្នុងការធានាសុវត្ថិភាព របស់ខ្លួន និងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្សេងៗតែប៉ុណ្ណោះ ជាពិសេសគឺនៅលំហរសមុទ្រ។
នៅពេលនេះហេដ្ឋារចនាសម្ព័ន្ធនិងសមត្ថភាពនៃ កងទ័ពជើងទឹកបច្ចុប្បន្នរបស់ប្រទេសនេះនៅតែមិនទាន់មានការអភិវឌ្ឍន៍នៅឡើយ ហើយទំនើបកម្មគឺចាំបាច់ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សេដ្ឋកិច្ច ជាពិសេសទីតាំងយុទ្ធសាស្ត្ររបស់កម្ពុជានៅឈូងសមុទ្រថៃ។
ការធ្វើឱ្យប្រសើរឡើងនិងទំនើបកម្មកងកម្លាំងជើងទឹកគឺក្រោមហេតុផលតែមួយគត់គឺការពារដែនអធិបតេយ្យ ប្រឆាំងនឹងឧក្រិដ្ឋកម្មនានានៅដែនសមុទ្ររបស់កម្ពុជា និង ពង្រឹងសមត្ថភាពឆ្លើយតបពេល មានគ្រោះមហន្តរាយនិងតម្រូវការសង្គ្រោះបន្ទាន់ ។
វាមានសារៈសំខាន់ណាស់ក្នុងការគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការយោធារបស់កម្ពុជាជាមួយប្រទេសចិន មិនមែនជាផ្នែកខាងក្រៅនៃទិដ្ឋភាពពិភពលោកនោះទេ។ ប្រទេសតូចៗជាច្រើន រួមទាំងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ តែងតែស្វែងរកភាពជាដៃគូជាមួយប្រទេសជឿនលឿនខាងយោធា។ ទំនាក់ទំនងយោធារបស់កម្ពុជាជាមួយប្រទេសចិន ដែលរួមទាំងការទទួលនូវអំណោយជានាវាចំបាំង Type 056 ចំនួនពីរគ្រឿងដែលព័ត៌មានផ្ទុះចេញថ្មីៗកន្លងទៅនេះ ឆ្លុះបញ្ចាំងពីកិច្ចសហការ ជាអន្តរជាតិធម្មតានៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងចិន ។
ជាងនេះទៅទៀត កម្ពុជាបើកចំហចំពោះភាពជាដៃគូស្រដៀងគ្នាជាមួយប្រទេសផ្សេងទៀត ដើម្បីពង្រឹងសមត្ថភាពការពារជាតិ និងធានាស្ថិរភាពក្នុងតំបន់ ហើយក្រៅពីចិន ប្រសិនបើប្រទេសណាមួយស្ម័គ្រចិត្ត ហើយមើលឃើញការលំបាករបស់កម្ពុជានិងចង់ចូលរួមក៏កម្ពុជាទទួលបានទាំងអស់ លើកលែងតែ ជំនួយនោះត្រូវប្តូរជាមួយនឹងលក្ខខណ្ឌ។
មកដល់ពេលនេះជំនួយចិន ចំពោះការពង្រឹងសមត្ថភាពកងកម្លាំងជើងទឹកនៅរាម មានការសង្ស័យថា ចិនអាចនឹងប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករាម ដើម្បីផលប្រយោជន៍ជាយុទ្ធសាស្ត្រ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការ ហើយក៏បានបង្ហាញនូវគោលជំហរតម្លាភាព ។
មកដល់ពេលនេះប្រមុខរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និង អតីតប្រមុខរដ្ឋាភិបាលតែងតែបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាមិនអនុញ្ញាតឲ្យមានការតាំងមូលដ្ឋាន យោធាបរទេសនៅក្នុងដែនអធិបតេយ្យខ្លួនដាច់ខាត ។ នេះគឺជាគោលជំហរជាក់ស្តែង ហើយកម្ពុជាបានបង្ហាញជាបន្តបន្ទាប់ ដោយបើកទ្វារទទួល នាវាចំបាំងបរទេស មានជប៉ុន ឥណ្ឌា អង់គ្លេស ឥណ្ឌូនេស៊ី …ជាបន្តបន្ទាប់ ។ រីឯការធ្វើឱ្យប្រសើរឡើងនាពេលថ្មីៗនេះនៅរាម គឺជាគម្រោងយ៉ាងពេញលេញនៅក្រោមការគ្រប់គ្រងរបស់កម្ពុជា ដោយប្រទេសចិនផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុនៅក្នុងនាមជាប្រទេសដៃគូសហប្រតិបត្តិការតែប៉ុណ្ណោះ ។
ហើយថ្មីៗនេះ ពាក់ព័ន្ធនឹងការប្រកាសផ្តល់នាវាចំបាំងពីរគ្រឿងមកឲ្យកម្ពុជា ក៏អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានអះអាងថា នាវាចម្បាំងទាំងនេះនឹងប្រើប្រាស់ជាចម្បងសម្រាប់បេសកកម្មរក្សាសន្តិភាពក្នុងតំបន់ ប្រឆាំងបទល្មើស ភេវរកម្ម និងមនុស្សធម៌នៅក្នុងលំហរសមុទ្រ។
ប្រឈមមុខនឹងកង្វល់ពីអ្នកភូមិសាស្ត្រនយោបាយរបស់ប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាម កម្ពុជាសូមរំលឹកឡើងវិញនូវការយកចិត្តទុកដាក់របស់ខ្លួនក្នុងការរក្សាទំនាក់ទំនងមិត្តភាពជាមួយប្រទេសជិតខាងទាំងអស់។ ការសម្រេចចិត្តរបស់ប្រទេសក្នុងការធ្វើឱ្យប្រសើរឡើងនូវយោធារបស់ខ្លួនគឺជាការការពារខ្លួនការពារអធិបតេយ្យភាព ទប់ស្កាត់បទល្មើសសុទ្ធសាធ ហើយមិនគួរត្រូវបានបកស្រាយថាជាការតម្រឹមជាមួយនឹងគោលដៅភូមិសាស្ត្រនយោបាយរបស់មហាអំណាចពិសេសណាមួយនោះទេ។
សរុបសេចក្តីមក កម្ពុជាមានទំនុកចិត្តថា សមត្ថភាពយោធាដែលកំពុងកើនឡើងរបស់ខ្លួន ដែលត្រូវបានពង្រឹងតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយតម្លាភាព នឹងរួមចំណែកដល់សន្តិភាពក្នុងតំបន់។ ទំនើបភាវូបនីយកម្មនៃកងទ័ពជើងទឹករបស់កម្ពុជា គឺជាជំហានចាំបាច់មួយឆ្ពោះទៅរកការធានាបូរណភាពទឹកដីរបស់ខ្លួន បំពេញនូវការទទួលខុសត្រូវមនុស្សធម៌ និងការធានាឱ្យមានស្ថិរភាព និងសន្តិភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ ៕
ចែករំលែកព័តមាននេះ