រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យជាជនជាតិចិន ចំនួន០៦នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីវាយកាប់ចាក់គ្នា រហូតបណ្តាលឲ្យស្លា.ប់បាត់បង់ជីវិតម្នាក់ ។
គួរបញ្ជាក់ដែរថា កាលពីវេលាម៉ោង១២និង៣០នាទីយប់ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មានអំពើហិ.ង្សាមួយបានកើតឡើង បង្កដោយក្រុមជនសង្ស័យជាជនជាតិចិន ចំនួន០២ក្រុម (ម្ខាងមានគ្នា០៧នាក់ និងម្ខាងទៀតមានគ្នា០២នាក់) បានបង្កអំពើហិ.ង្សាលើគ្នាទៅវិញទៅមក ដោយមានកាន់កាំបិតចុងស្រួច និងដែកទីបជ្រុង នៅចំណុចខាងមុខផ្សារព្រីនថាមស្វែ ផ្លូវព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបណ្ដាលឲ្យជនជាតិចិនម្នាក់ បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។
បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន បានចុះអន្តរាគមន៍ដល់ទីតាំងកន្លែងកើតហេតុភ្លាមៗ ធ្វើការបង្ក្រាប និងឃាត់ខ្លួនគូរភាគី សរុបបានចំនួន០៦នាក់ (ជនដៃដល់០១នាក់ និងភាគីខាងអ្នកស្លាប់០៥នាក់) យកទៅមូលដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីស្រាវជ្រាវតាមនីតិវិធី ។
ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ គូរភាគីបានសារភាពឲ្យដឹងថា ដំបូងឡើយបក្ខពួក ខាងជនរងគ្រោះដែលស្លា.ប់ មានគ្នា០៧នាក់ បានមកទារប្រាក់ភាគីជនដៃដល់ ដែលមានគ្នា០២នាក់ ហើយក៏បង្កឲ្យមានការឈ្លោះប្រកែកគ្នារហូតឈានដល់ការវាយតប់គ្នា ភ្លាមនោះជនដៃដល់ម្នាក់ ក្នុងចំណោមគ្នាគ្នា០២នាក់ ត្រូវបានភាគីដែលមានគ្នា ០៧នាក់ដេញវាយ រត់ចូលក្នុងម៉ាតមួយក្បែរកន្លែងកើតហេតុ និងបានទាញយកកាំបិតចុងស្រួច ដែលដាក់តាំងលក់ក្នុងម៉ាត ដេញចាក់ភាគីម្ខាងទៀតរហូតបណ្តាលឲ្យស្លា.ប់ម្នាក់នៅនឹងកន្លែង ។
គូរភាគីទាំង០៦នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចោទប្រកាន់ក្នុងបទល្មើសព្រហ្មទណ្ឌទាំងអស់គ្នា និងបានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ