ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​សន្យា​ពន្លត់​ភ្លើង​សង្គ្រាម​អ៊ុ​យ​ក្រែន​ឱ្យ​បាន​បើ​លោក​ឈ្នះ​ឆ្នោត

16 ម៉ោង មុន

ទី​ក្រុង​ញូយ៉ក៖ លោក​ត្រាំ​សន្យា​ថា​នឹង​ខិត​ខំ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ឱ្យ​បាន​បើ​លោក​ជាប់​ឆ្នោត​​​ជា​ប្រធានា​ធិបតី​អាមេ​រិក​នៅ​អាណត្តិ​ថ្មី​។ លោក​ថ្លែង​ដូច្នេះនៅ​ពេល​ជួប​​ជា​មួយ​ថ្នាក់​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី​ នៅ​ទី​ក្រុង​ញូយ៉ក​។ លោក​ថ្លែង​បន្ត​ទៀត​ថា​លោក​នឹង​ខិត​ខំ​ធ្វើ​ការ​ជា​មួយ​រុស្ស៊ី​ផង​ និង​អ៊ុយ​ក្រែន​ផង​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​ដ៏​សម​ស្រប​។​ នៅចំពោះ​មុខ​អ្នក​សារ​ព័ត៌​មាន​ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​វិមាន​ត្រាំ (Trump Tower)…

ទី​ក្រុង​ញូយ៉ក៖ លោក​ត្រាំ​សន្យា​ថា​នឹង​ខិត​ខំ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ឱ្យ​បាន​បើ​លោក​ជាប់​ឆ្នោត​​​ជា​ប្រធានា​ធិបតី​អាមេ​រិក​នៅ​អាណត្តិ​ថ្មី​។ លោក​ថ្លែង​ដូច្នេះនៅ​ពេល​ជួប​​ជា​មួយ​ថ្នាក់​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី​ នៅ​ទី​ក្រុង​ញូយ៉ក​។ លោក​ថ្លែង​បន្ត​ទៀត​ថា​លោក​នឹង​ខិត​ខំ​ធ្វើ​ការ​ជា​មួយ​រុស្ស៊ី​ផង​ និង​អ៊ុយ​ក្រែន​ផង​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​ដ៏​សម​ស្រប​។​

នៅចំពោះ​មុខ​អ្នក​សារ​ព័ត៌​មាន​ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​វិមាន​ត្រាំ (Trump Tower) លោក​​ហ្សេឡិន​ស្គី​ថ្លែង​ថា​លោក​ចង់លើក​យក​ «ផែន​ការ​ជ័យ​ជម្នះ​» ទៅ​ពិគ្រោះ​គ្នា​ជា​មួយ​លោក​ត្រាំ​នៅ​ក្នុង​កិច្ច​ជំនួប​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​២០១៩​។ លោក​ថ្លែង​ថា​លោក​ត្រូវ​ការ​ជួប​ជា​មួយ​បេក្ខ​ជន​ប្រធានា​ធិបតី​អាមេរិក​ទាំង​២​រូប​គឺ​លោក​ត្រាំ​ផង និ​ងលោក​ស្រី​ហារីស​ផង​ព្រោះ​អ៊ុយ​ក្រែន​មិន​ថា​អាមេរិក​មាន​មេ​ដឹក​នាំ​មក​ពី​គណ​បក្ស​ណា​ទេ​ពិត​ជា​ត្រូវ​ការ​ណាស់​នូវ​ការ​គាំទ្រ​ដ៏​ខ្លាំង​ក្លា​១​​​​ដើម្បី​​បន្ត​ការ​​តស៊ូ​នៅ​ក្នុង​សង្គ្រាម​។

នៅ​ក្នុង​ឱកាស​ជួប​គ្នា​នោះ លោក​ត្រាំ​ថ្លែង​កោត​សរ​សើរ​លោក​ហ្សេ​ឡិន​ស្គី​មិន​ដាច់​ពី​មាត់​​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ លោក​ក៏​មិន​ត្រូវ​ការ​ស្អប់​មួយ​ស្រឡាញ់​មួយ​​នោះ​ដែរ​។ លោក​​ថា​​លោក​ក៏​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​លោក​ពូទីន​ដែរ​។ ​លោក​ហ្សេ​ឡិន​​ស្គី​យក​ឱកាស​នៃ​ដំណើ​រទស្សន​កិច្ច​ទៅ​ប្រទេស​អាមេរិក​លើក​នេះ​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​ផែន​ការ​ជ័យ​ជម្នះ​របស់​លោក​។

មន្ត្រី​រដ្ឋា​ភិបាល​អាមេរិក​ចាត់​ទុក​ថា​​ផែន​ការ​នេះ​ជា​ការ​ស្នើ​សុំ​អាវុធ​បន្ថែម​ទៀត​ និង​​បញ្ចុះ​បញ្ចូល​ឱ្យ​អាមេរិក និង​អឺរ៉ុប​អនុញ្ញា​ត​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ដើម្បី​បាញ់​ចូល​ជ្រៅ​ៗ​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​។ អ៊ុយ​ក្រែន​រំពឹង​ថា​ផែន​ការ​នេះ​អាច​ជួយ​ឱ្យ​ខ្លួន​​មាន​ជ័យ​ជម្នះ​នៅ​ក្នុង​​សង្គ្រាម​។ ប៉ុន្តែ​មន្ត្រី​រដ្ឋា​ភិបាល​អាមេរិក​​យល់ថា​ក្ដី​ស្រមៃ​នេះ​គ្មាន​ភាព​ប្រាកដ​និយម​ទេ​។

​ចំពោះ​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​ដែល​ថា​ «​តើ​អ៊ុយ​ក្រែន​​គួរ​​​កាត់​ទឹក​ដី​របស់​ខ្លួន​ឯង​ខ្លះ​​ទៅ​ឱ្យ​រុស្ស៊ី​​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិ​ភាព​ឬ​យ៉ាង​ណា​​? ​​លោក​ត្រាំ​តប​ថា​​បើ​ធ្វើ​បែប​នេះ​រដ្ឋាភិបាល​ទី​ក្រុង​កៀវ​មិន​សុខ​ចិត្ត​ទេ​។ យើង​ត្រូវ​រង់​ចាំ​មើល​ទាំង​អស់​គ្នា​តើ​នឹង​មាន​អ្វី​កើត​ឡើ​ង​។ លោក​ត្រាំ​ហាក់ដូច​ជា​កែ​សម្រួល​ពាក្យ​ពេចន៍​ក្នុង​ការ​និយាយ​ពាក់​ព័ន្ធ​នឹង​គោល​ជំហរ​ចំពោះ​អ៊ុយក្រែន​។

កាល​ពី​ថ្ងៃ​ចន្ទ លោក​​និយាយ​ដៀម​ដាម​ឱ្យ​​លោក​ហ្សេឡិន​ស្គី​សម្បើម​ណាស់​។ លោក​ថា​លោក​ហ្សេឡិន​ស្គី​ចង់​ឃើញ​លោក​ស្រី​ហារីស​ឈ្នះឆ្នោត​។ កាល​នោះ ​លោក​​ចាត់​ទុក​​​​លោក​ហ្សេឡិន​ស្គី​ជា​​​ «ភ្នាក់​ងារ​​លក់​ដ៏​ឆ្នើម​បំផុត​គ្រប់​សម័យ​កាល​» ព្រោះ​គាត់​ (ហ្សេ​ឡិន​ស្គី) ពូកែ​និយាយ​បញ្ចុះ​បញ្ចូលឱ្យ​​អាមេរិក និង​អា​មេរិក​​ទម្លាក់​លុយ​រាប់​ពាន់​លាន​ដុល្លារ​​​​​ដើម្បី​​ធ្វើ​សង្គ្រាម​។

លោ​កត្រាំ​ថ្លែង​ថា​បើ​សិន​លោក​ឈ្នះ​ឆ្នោត​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិ​កា​ខាង​មុខ​នេះ លោក​នឹង​ចាប់​ផ្ដើម​ដោះ​ស្រាយបញ្ហា​អ៊ុយ​ក្រែន​ជា​បណ្ដើរ​ៗ​មិន​ចាំ​បាច់​រង់​ចាំ​ដល់​ពេល​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី​២០ ខែ​មករា​ ឆ្នាំ​២០២៥​នោះ​ទេ​។ កាល​ពីមុន​នេះ លោក​ហ្សេឡិន​ស្គី​​ជួប​លោក​បៃដិន និង​លោក​ស្រី​ហារីស​។ លោក​ក៏​ទើប​តែ​ធ្វើ​ដំណើរ​ទៅ​មើល​រោង​ចក្រ​ផលិត​អាវុធ​នៅ​រដ្ឋ​​ផឹន​ស៊ីល​វេនៀ (Pennsylvania) ដោយ​មាន​អភិបាល​រដ្ឋ​នេះ​អម​ដំណើរ​ទៅ​ជា​មួយ​ផង​។

នៅ​ក្នុ​ងក្រសែ​ភ្នែក​របស់​គណ​បក្ស​សា​ធារណ​រដ្ឋ​ ការ​ធ្វើ​បែប​នេះ​ហាក់​ដូច​ជា​ជួយ​​ឃោសនា​ឱ្យ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​​ព្រោះ​អភិបាល​រដ្ឋ​​នេះ​ជា​មនុស្ស​របស់​គណ​បក្ស​ប្រជា​ធិបតេយ្យ និង​ជា​សម្ព័ន្ធ​មិត្ត​របស់​លោក​ស្រី​ហារីស​។ ក្រុម​របស់​លោក​ត្រាំ​​មិ​ន​សប្បាយ​ចិត្ត​សោះ​​នឹង​ទង្វើ​បែប​នេះ​។ ផឹន​ស៊ីល​វេនៀ​ជា​រដ្ឋ​សំខាន់​ដែល​កំណត់​ភាព​ចាញ់​-​ឈ្នះ​រវាង​បេក្ខ​ជន​ទាំង​ពីរ​។ អ្នក​ជិត​ស្និទ្ធ​របស់​លោក​ត្រាំ​បង្ហើប​ឱ្យ​ដឹង​ថា​តាម​ពិត​ជំនួប​រវាង​លោក​ត្រាំ និង​លោក​ហ្សេឡិន​ស្គី​មិន​សមកើត​មាន​ទេ​ពី​ដំបូង​ដៃ​។​ ប៉ុន្តែ​ក្រោយ​មក​ លោក​ត្រាំ​កែ​សម្រួល​ឥរិយា​បថ​របស់​គាត់​ឡើង​វិញ។ បំណាច់​នឹង​លោក​ហ្សេឡិន​ស្គី​ទៅ​ដល់ទី​ក្រុង​ញូយ៉ក​ហើយ​លោក​ក៏​សម្រេច​ចិត្ត​ជួប​គ្នា​តែ​ម្ដង​ទៅ​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ