ខេត្តឧត្តរមានជ័យ ៖ បងប្អូនពលករខ្មែរជាច្រើននាក់ ដែលធ្វើចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃ បានវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ក្នុងសង្កាត់អូស្មាច់ ក្រុងសំរោង ដើម្បីចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំនេះ ។

ស្រី្តម្នាក់ឈ្មោះ ស្តើង សូនី អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បាននិយាយថា រូបគាត់និងក្រុមគ្រួសារចំនួន១០នាក់ បានធ្វើចំណាកស្រុកទៅធ្វើការងារនៅខេត្តអាយុធ្យា ប្រទេសថៃដោយស្របច្បាប់ រយ:ពេលជិត១ឆ្នាំហើយ ដោយធ្វើការជាអ្នករើសកាវដប ។

ការមកលេងស្រុកកំណើតនារដូវបុណ្យភ្ជុំបិណ្ឌនេះ ថៅកែបានឲ្យច្បាប់ពួកគាត់រយ:ពេល១អាទិត្យ ។ នៅពេលធ្វើដំណើរពីថៃមកដល់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ អាជ្ញាធរមានសមត្ថកិច្ច ទាំងភាគីថៃនិងខ្មែរ បានជួយសម្រួលក្នុងការបោះត្រាលើលិខិតឆ្លងដែនដោយយ៉ាងរលូន ។

លោក ឯម បញ្ញារិទ្ធ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ បានឲ្យដឹងថា មកដល់ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ពុំទាន់បានបូករបាយការណ៍សរុបទេទាល់តែពេលល្ងាចបូកសរុប ។ ជាក់ស្តែងពលករខ្មែរមកពីថៃកាលពីថ្ងៃទី២៤ និងទី២៥ ខែកញ្ញាឆ្នាំ២០២៤ ក្នុង១ថ្ងៃមានជាង១០០នាក់ ។

អ្នករត់តាក់ស៊ីដែលរង់ចាំដឹកពលករខ្មែរដែលទៅធ្វើការងារនៅប្រទេសថៃហើយវិលត្រឡប់មកស្រុកកំណើតវិញ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ គិតត្រឹមបិណ្ឌទី៩ គឺមានចំនួនកាន់តែច្រើនឡើងជាបន្តបន្ទាប់ ៕



ចែករំលែកព័តមាននេះ